(ភ្នំពេញ)៖ លោកវរសេនីយ៍ឯក គល់ យី អធិការនគរបាលខណ្ឌឫស្សីកែវ បានបញ្ជាឲ្យកម្លាំងនគរបាលតាមបណ្តាប៉ុស្ដិ៍ក្នុងមូលដ្ឋាន ឲ្យយកចិត្តទុកដាក់ចុះអនុវត្តន៍ការងារ រឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ស្រាប់តែត្រួតពិនិត្យរហូតឈានទៅឃាត់ខ្លួន ជនជាតិខ្មែរ-ឥស្លាម និងវៀតណាមចំនួន៤នាក់ ពីបទប្រើប្រាស់និងរក្សាទុកថ្នាំញៀន១កញ្ចប់ ព្រមទាំងដកហូតសម្ភារជក់គ្រឿងញៀន រួមជាមួយម៉ូតូ១គ្រឿង នៅលើកំណាត់ផ្លូវជាតិ៥ ត្រង់ចំណុចក្រុមទី១ ភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ នាថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៨។

លោកអធិការនគរបាលខណ្ឌឫស្សីកែវ បានបញ្ជាក់ថា ជនសង្ស័យប្រើប្រាស់ និងរក្សាទុកថ្នាំញៀនទាំង៤នាក់ ដែលកម្លាំងនគរបាលរបស់លោកបង្ក្រាបឃាត់ខ្លួនបាន ខណៈពេលកំពុងចុះអនុវត្តន៍ការងាររឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក តាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងកសររងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ រួមមាន៖

ទី១៖ ឈ្មោះ តេះ នី ជនជាតិឥស្លាម មុខរបរកម្មករ ស្នាក់នៅក្នុងក្រុមទី៣ ភូមិ៣ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ (រក្សាទុកថ្នាំញៀន)។ទី២៖ ឈ្មោះ រិន ជួន ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ ស្នាក់នៅក្នុងក្រុម៣ ភូមិ៣ សង្កាត់ច្រាំចំរេះ១ (ប្រើប្រាស់ថ្នាំញៀន)។
ទី៣៖ ឈ្មោះ ហ៉ីម ម៉ូសានី ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិឥស្លាម មុខរបររត់ម៉ូតូឌុប ស្នាក់នៅផ្ទះ១០៦១ ភូមិ២ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ (ប្រើប្រាស់ថ្នាំញៀន)។
និងទី៤៖ ឈ្មោះ សុខ ម៉ៅ ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិវៀតណាម ស្នាក់នៅភូមិក សង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ ពីបទប្រើប្រាស់ និងរក្សាទុកថ្នាំញៀន។

លោកអធិការនគរបាលខណ្ឌឫស្សីកែវ បានបញ្ជាក់ទៀតថា ក្រោយឃាត់ខ្លួននោះ ជនសង្ស័យទាំង៤នាក់ រួមជាមួយវត្ថុតាងពាក់ព័ន្ធ ត្រូវបាននាំយកទៅអធិការដ្ឋាននគរបាលខណ្ឌ ដើម្បីសាកសួរយកចម្លើយ​ និងកសាងសំណុំរឿងចាត់ការតាមនិតិវិធី៕