(កំពត)៖ នៅរសៀល ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៨នេះ លោក ជាវ តាយ អភិបាលខេត្តកំពត បានដឹកនាំក្នុងកិច្ចប្រជុំមួយ ដើម្បីពន្លឿនគម្រោងអភិវឌ្ឍន៍ «រមណីយដ្ឋានភ្នំកំពង់ត្រាច» ដែលស្ថិតនៅស្រុកកំពង់ត្រាច។

ក្នុងកិច្ចប្រជុំនោះ លោក ជាវ តាយ បានជំរុញដល់មន្ត្រី អាជ្ញាធរ មន្ទីរពាក់ព័ន្ធទាំងអស់ ត្រូវពន្លឿនដំណើរការសុំវិយោគ របស់ក្រុមហ៊ុនឯកជនមួយ ដែលមានគម្រោងអភិវឌ្ឍន៍ «រមណីយដ្ឋានភ្នំកំពង់ត្រាច» ឲ្យលេចចេញជារូបរាងយ៉ាងឆាប់រហ័ស ដើម្បីឆ្លើយតបទៅនឹងសេចក្តីត្រូវការបស់ក្រុមហ៊ុនផង និងប្រជាពលរដ្ឋក្នុងមូលដ្ឋានផង។

លោកអភិបាលខេត្ត បានថ្លែងថា ការអភិវឌ្ឍលើវិស័យទេសចរណ៍ គឺជាការងារចាំបាច់បំផុតសម្រាប់ប្រទេស ក៏ដូចជាខេត្តកំពត ព្រោះឧស្សាហកម្មគ្មានផ្សែងមួយនេះ បានផលប្រយោជន៍ច្រើនដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងបានឆ្លើងតបទៅនឹងកំណើនសេដ្ឋកិច្ច តាមរយៈការកៀរគរ ឲ្យមានកំណើនភ្ញៀវទេចរណ៍មកលេងក្នុងខេត្តកំពតកាន់តែច្រើន សំដៅកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។ លោកថា ជាក់ស្តែងនាឱកាសបុណ្យភ្ជុំបិណ្ឌកន្លងទៅថ្មីៗនេះ ខេត្តកំពតមានកំណើនភ្ញៀវច្រើនជាងគេ បើប្រៀបនៅទូទាំងប្រទេស។

លោក ជាវ តាយ ក៏បានស្នើឲ្យមន្ទីរពាក់ព័ន្ធមូលដ្ឋាន ត្រូវចុះមើលទីតាំងឲ្យច្បាស់លាស់ដើម្បីកំណត់ថា មកដល់ថ្ងៃនេះ មិនមានការរំលោភបំពានយកដីពីប្រជាពលរដ្ឋ ហើយអាចយកមកវិនិយោគរមណីយដ្ឋានបាន។ ចំណែករដ្ឋបាលខេត្ត ត្រូវធ្វើលិខិតសុំទីតាំងនោះ ធ្វើការវិនិយោគរមណីយដ្ឋាន ទៅក្រសួងឧស្សាហកម្មរ៉ែ និងថាមពល និងក្រសួងបរិស្ថាន ដើម្បីឲ្យការសុំស្នើវិនិយោគនេះឆាប់ចប់ ព្រោះគម្រោងមួយនេះ បានអូសបន្លាយអស់រយៈពេលជាង៧ឆ្នាំមកហើយ។

លោកអភិបាលខេត្ត បានប្តេជ្ញាថានឹងឲ្យ «រមណីយដ្ឋានភ្នំកំពង់ត្រាច» ដ៏ផូរផងមួយនេះ លេចចេញជារូបរាងនៅពេលឆាប់ៗខាងមុខ ដើម្បីទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិ មកទស្សនាកម្សាន្តកាន់តែច្រើន។ ម្យ៉ាងវិញទៀត ដើម្បីប្រយោជន៍ជាតិ និងកំណើនចំណូលដល់ប្រជាពលរដ្ឋផងដែរ៕