(ភ្នំពេញ)៖ នៅយប់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៨នេះ ប្រតិភូនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា ដែលមានសមាជិកចំនួន២៩រូប បានចាកចេញពីមាតុប្រទេសហើយ តាមព្រលានយន្តហោះអន្តរជាតិភ្នំពេញ ឆ្ពោះទៅកាន់ប្រទេសជប៉ុន ដើម្បីចូលរួមកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន លើកទី៤៥។

ក្នុងទឹកមុខរីករាយប្រតិភូនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា បានបង្ហាញភាពជឿជាក់ថានឹងអាចលើកស្ទួយនូវកិត្យានុភាពរបស់កម្ពុជា លើឆាកអន្តរជាតិ ក៏ដូចជាចែករំលែកវប្បធម៌ អរិយធម៌ដ៏ល្អផូរផង់របស់ខ្មែរ ជាមួយបណ្តាញយុវជននៃប្រទេសផ្សេងទៀត។

មុននឹងធ្វើដំណើរចាកចេញពីកម្ពុជាទៅចូលរួមកម្មវិធីដ៏មានសារសំខាន់នេះ ប្រតិភូនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា តែងបានចូលជួបសំណេះសំណាល និងទទួលការណែនាំពីប្រមុខដឹកនាំនៃព្រឹទ្ធសភា, រដ្ឋសភា និងរាជរដ្ឋាភិបាល ក៏ដូចជាថ្នាក់ដឹកនាំតាមបណ្តាក្រសួង និងស្ថាប័នឯកជនសំខាន់ៗមួយចំនួន។

កម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន លើកទី៤៥ ឆ្នាំ២០១៨នេះ នឹងប្រព្រឹត្តិទៅក្នុងរយៈពេល៥២ថៃ្ង គឺចាប់ពីថៃ្ងទី២៣ ខែតុលា រហូតដល់ថៃ្ងទី១២ ខែធ្នូ ឆ្នាំ២០១៨។ យុវជនកម្ពុជាចំនួន២៩រូប ដឹកនាំដោយលោក ណៃ ស៊េមណារត័្ន នឹងចូលរួមជាមួយប្រតិភូយុវជនអាស៊ាន និងជប៉ុន សរុបគ្នាទាំងអស់៣៣០រូប នៅលើនាវា NIPPON MARU ធ្វើដំណើរចេញពីប្រទេសជប៉ុន ទៅកាន់ប្រទេសផ្សេងទៀតរួមមាន ប្រ៊ុយណេ ភីលីពីន ថៃ និងវៀតណាម។

ក្នុងអំឡុងពេលនៃកម្មវិធី ប្រតិភូយុវជននឹងរួមគ្នា ក្នុងសកម្មភាពជាច្រើនសន្ធឹកសន្ធាប់មានដូចជា៖ ការពិភាក្សាជាក្រុមលើប្រធានបទផ្សេងៗទាក់ទងនឹងតំបន់, ការបង្ហាញសិល្បៈវប្បធម៌, ការស្នាក់នៅជាមួយឪពុកម្តាយធម៌, ទស្សនកិច្ចសិក្សា និងជាពិសេស គឺចូលជួបសម្តែងការគួរសមជាមួយថ្នាក់ដឹកនាំ តាមប្រទេសដែលនាវានឹងចូលចត។

តាមរយៈសកម្មភាពទាំងនេះ ប្រតិភូយុវជនយើងនឹងបានទទួល នូវគុណប្រយោជន៍ជាពិសេស គឺជំនាញទន់ដូចជា៖ ការបង្កើននូវការយល់ដឹងទៅវិញទៅមកនូវវប្បធម៌ក្នុងតំបន់, ការលើកកំពស់ចំណេះដឹងនិងពិសោធក្នុងភាពជាអ្នកដឹកនាំ, ការធ្វើការងារ និងរស់នៅជាក្រុម, ការកសាងនូវបណ្តាញទំនាក់ទំនង និងការជំរុញនូវកិច្ចសហប្រតិបត្តិការអន្តរជាតិ។

សូមជម្រាបថា កម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍-ជប៉ុន បង្កើតឡើងដោយប្រទេសជប៉ុន គឺនៅឆ្នាំ១៩៧៤។ ចំណែកសមាគមនាវាយុវជនអាស៊ី អាគ្នេយ៍កម្ពុជា បានបង្កើតឡើងនៅឆ្នាំ២០០៤ ដែលរហូតមកដល់ពេលនេះ មានយុវជនកម្ពុជា ចំនួន៦៥៩នាក់ ហើយបានចូលរួមជាមួយកម្មវិធី នាវាយុវជនអាស៊ី អាគ្នេយ៍-ជប៉ុននេះ៕