(ភ្នំពេញ)៖ សភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៨នេះ បានចេញសេចក្តីប្រកាសកែតម្រូវ ចំពោះមន្រ្តីការអះអាងរបស់ខ្លួនដែលថា «រាល់៤ម៉ោងម្តង មានពលរដ្ឋខ្មែរម្នាក់បានស្លាប់ដោយសារការប្រើប្រាស់ឱសថក្លែងក្លាយ»។ សភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា ក៏កែតម្រូវចំពោះការអះអាងរបស់មន្រ្តីខ្លួនដែលថា «មានឱសថ៧មុខ ក្នុងចំណោម១០មុខ លើកនៅលើទីផ្សារកម្ពុជាគឺជាឱសថក្លែងក្លាយ» ផងដែរ។

ចំពោះអ្វីដែលមន្រ្តីខ្លួនលើកឡើងថា «ពលរដ្ឋ១នាក់ក្នុងចំណោមប្រជាពលរដ្ឋខ្មែរជាង១៦លាននាក់ ត្រូវបានស្លាប់ រៀងរាល់ពេល៤ម៉ោងម្តង ដោយសារការប្រើប្រាស់ឱសថក្លែងក្លាយ»នោះ សភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា បានបកស្រាយថា វាគ្មិនគ្រាន់តែដកស្រង់តួលេខជាចំនួនប៉ាន់ប្រមាណ ដោយយកចេញពីរបាយការណ៍ប៉ូលិសអន្តរជាតិ (Interpol) ដែលបង្ហាញថាចំនួនមនុស្សស្លាប់ដោយការប្រើប្រាស់ឱសថក្លែងក្លាយ នៅលើពិភពលោកមានច្រើនជាង១លាននាក់ ក្នុងរយៈពេលមួយឆ្នាំ។ សភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជាបញ្ជាក់ថា ឃ្លានេះមិនមានន័យថា នៅក្នុងប្រទេសកម្ពុជា មានប្រជាពលរដ្ឋខ្មែរ១នាក់ ស្លាប់រៀងរាល់៤ម៉ោង ម្តងនោះទេ។

ដោយឡែក សម្រង់ដើមមន្រ្តីរបស់ខ្លួនមួយទៀតដែលថា «មានឱសថ ៧ក្នុងចំណោម១០មុខ លក់នៅលើទីផ្សារកម្ពុជា គឺជាឱសថក្លែងក្លាយ។ សភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា បញ្ជាក់ថា វាគ្មិនបានលើកឡើង តាមរបាយការណ៍របស់អង្គការសុខភាពពិភពលោក (WHO) ក្នុងឆ្នាំ២០១១ "មានរហូតដល់៧០ភាគរយ នៃម៉ាកឱសថល្បីៗត្រូវបានគេផលិតក្លែងក្លាយ និងដាក់លក់ក្នុងទីផ្សារពិភពលោក។ សភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា បញ្ជាក់ថា ដូច្នវ មិនមែនមានន័យថា នៅទីផ្សារកម្ពុជាមានឱសថ ៧មុខក្នុងចំណោមឱសថ១០មុខ ជាផលិតផលឱសថក្លែងក្លាយនោះឡើយ។

សូមបញ្ជាក់ថា ការចេញសេចក្តីប្រកាសរបស់ សភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា បានធ្វើឡើងបន្ទាប់ពី ក្រសួងសុខាភិបាល​ បានច្រានចោលទាំងស្រុង ទៅលើការលើកឡើងរបស់លោក Jean-Gaetan GUILLEMAUD ប្រធានគណៈកម្មាធិការសុខុមាលភាព នៃសភាពាណិជ្ជកម្មអឺរ៉ុប និងជានាយកក្រុមហ៊ុន Zuelling Pharma ប្រចាំកម្ពុជា​ ដែលបានថ្លែងថា ប្រជាជនកម្ពុជាម្នាក់ស្លាប់ដោយសារឱសថក្លែងក្លាយ ក្នុងរយៈពេលរៀងរាល់៤ម៉ោង និងមានរហូតដល់៥ដង បើធៀបនឹងអ្នកស្លាប់ដោយប្រើប្រាស់គ្រឿងញៀន។ ក្រសួងចាត់ទុកថា នេះគឺជារឿងមិនពិតទាល់តែសោះ។

ទន្ទឹមនឹងនោះ តាមការបញ្ជាក់របស់អ្នកនាំពាក្យក្រសួងសុខាភិបាល​រូបនេះ​ បានឲ្យដឹងទៀតថា នាយកដ្ឋានឱសថ​ គ្រឿងសម្អាង​ ចំណីអាហារនិងបរិក្ខារពេទ្យរបស់ក្រសួងសុខាភិបាល បានជួបពិភាក្សាលើព័ត៌មានមិនត្រឹមត្រូវគ្មានមូលដ្ឋានច្បាស់លាស់នេះ​ ហើយបានស្នើសុំឲ្យប្រធានសភាពាណិជ្ជកម្មអឺរ៉ុប លោក Blaire Killian និងលោក Jean-Gaetan GUILLEMAUD ប្រធានគណៈកម្មាធិការសុខុមាលភាព នៃសភាពាណិជ្ជកម្មអឺរ៉ុប និងជានាយកក្រុមហ៊ុន Zuelling Pharma ប្រចាំកម្ពុជា ធ្វើការកែតម្រូវនូវព័ត៌មាននេះឡើងវិញ៕

ខាងក្រោមនេះជាសេចក្តីប្រកាសរបស់សភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា៖