( កំពង់ឆ្នាំង)៖ សាខាកាំកុងត្រូលខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី ២២ ខែតុលា ឆ្នាំ២០១៨នេះបានរួមសហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត និងអាជ្ញាធរដែនដី ចុះពិនិត្យទំនិញ នៅផ្សារលើ និងផ្ទះលក់ដូរនៅជុំវិញផ្សារ ស្ថិតក្នុងសង្កាត់ផ្សារឆ្នាំងក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ។

លោក យីវ ណារិន សាខាកាំកុងត្រូលខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា នៅក្នុងឱកាសចុះអង្កេត ផ្សារខាងលើ ក្រុមការងារបានធ្វើតេស្តបឋមលើ បន្លែសាឡាត់,ខាត់ណា,មឹក,បង្គា រីឯលទ្ធផល គឺពុំមានវត្តមានសារធាតុ គីមីឡើយ ។

ជាមួយគ្នានោះ ក្រុមការងារបានណែនាំ ( ផ្ទាំងPoster ) ដល់បងប្អូន អាជីវករអោយ បានយល់ដឹងពីផលប៉ៈពាល់ដល់សុខភាព និង ការដាក់តាំងលក់ទំនិញ អោយបាន ត្រឹមត្រូវតាមស្តង់ដា និង មានអនាម័យ ។ នៅក្នុងនោះដែរ មន្រ្តីជំនាញ បានដកហូតទំនិញ ហួសកាលបរិច្ឆេទប្រើប្រាស់ ចំនួន៤,៣៨៨ ដប = ១,៧០១ KGS និងបានធ្វើកំណត់ ហេតុដកហូតឈប់លក់ទំនិញដែលខូចគុណភាព និងយកមករក្សារទុកនៅសាខាដើម្បីធ្វើការដុតកំទេចចោល ។

មន្រ្តីកាំកុងត្រូលខេត្តកំពង់ឆ្នាំង ក៏បានណែនាំអាជីវករ ឲ្យយល់ដឹងពីអនាម័យ ការរៀបចំទំនិញលក់ដូរ ឲ្យមានសណ្តាប់ធ្នាប់ ទៅតាមប្រភេទទំនិញហូបចុក និងទំនិញប្រើប្រាស់ផ្សេងៗ ដាក់ដាច់ដោយឡែកៗពីគ្នា ចៀសវៀងការដាក់តាំងលក់ទំនិញ ហួសកាលបរិច្ឆេទប្រើប្រាស់ កំប៉ុងកំពិត ប៉ោង ច្រេះស៊ី និងទំនិញដែលមានសារធាតុគីមី ហាមឃាត់ ។

មិនតែប៉ុណ្ណោះក្រុមការងារ ក៏បានឃ្លាំពិនិត្យការលក់រាយប្រេងឥន្ធនៈ ( ស្ថានីយ ចំនួន ០៥ទីតាំង ) រីឯតម្លៃលក់រាយនោះ គឺសមស្របតាមតម្លៃ ដែលក្រសួងបានកំណត់ ៕