(ភ្នំពេញ)៖ ចៅក្រមជំនុំជំរះសាលាដំបូងរាជធានីភ្នំពេញបានប្រកាសសាលក្រមធ្វើការផ្តន្ទាទោសជនជាប់ចោទឈ្មោះនួន ច័ន្ទមករា ដាក់ពន្ធនាគាររយៈពេល២ឆ្នាំ ៦ខែ និងបង្គាប់អោយសងជំងឺចិត្តលើការខូចខាត និងខាតបង់ផ្សេងៗដល់ជនរងគ្រោះចំនួន ១៨ម៉ឺនដុល្លារ សហរដ្ឋអាមេរិកក្នុងបទល្មើសក្លែងឯកសារលួចលក់ដីរបស់ក្រុមហ៊ុនជនជាតិអាល្លឺម៉ង់ចំនួនជាង១០០០ហិកតា នៅឃុំដំបូករូង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

លោកចៅក្រម សេង លាង បានប្រកាសសាលក្រមខាងលើនេះ កាលពីរសៀលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៨ កន្លងទៅ បន្ទាប់ពីបើកសវនាការជំនុំជំរះជាច្រើនលើកច្រើនសាររួចមក តែថ្ងៃប្រកាសសាលក្រម គេឃើញមានវត្តមានតែភាគីជនរងគ្រោះ និងមេធាវីតែប៉ុណ្ណោះ គេមិនបានឃើញមានវត្តមានភាគីជនជាប់ចោទ និងមេធាវីការពារក្ដីចូលរួមដូចថ្ងៃបើកសវនាការកន្លងមកនោះឡើយ។

សូមបញ្ជាក់ថា ជនជាប់ចោទ នួន ច័ន្ទមករា ត្រូវបានតុលាការសំរេចធ្វើការចោទប្រកាន់ពីបទក្លែងឯកសារ ប្រើប្រាស់ឯកសារក្លែង និងលួចលក់អចលនទ្រព្យដែលមិនមែនជារបស់ខ្លួន(ដីរបស់ក្រុមហ៊ុនអាល្លឺម៉ង់ចំនួនជាង១១០០ហិកតា)​នៅភូមិទឹកល្អក់ ឃុំដំបូករូង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដែលប្ដឹងដោយឈ្មោះរ៉ៃន័រ ម៉ារាវ៉ូលនី ប្រធានក្រុមហ៊ុនដែលតា ដាប់បែលយូ ត្រេឌីង។ជនជាប់ចោទ ឈ្មោះ នួន ច័ន្ទមករា ភេទ ស្រី អាយុ ៣៥ឆ្នាំ សញ្ជាតិខែ្មរ មានទីកំណើតនៅភូមិរកាធំ ឃុំអង្គសេរី ក្រុងច្បារមន ខេត្តកំពង់ស្ពឺ បច្ចុប្បន្នរស់នៅផ្ទះលេខ ៩៨សេ ផ្លូវលេខ ៦០៨ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដែលនគរបាលព្រហ្មណ្ឌក្រសួងមហាផ្ទៃធ្លាប់បានចាប់ខ្លួនកាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ១០៦​ ហើយលោកស្រី ស៊ឺ វណ្ណី ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានធ្វើការចោទប្រកាន់ជាផ្លូវការ ហើយបន្ទាប់មកក៏មានការសម្រេចដាក់ឲ្យឃុំខ្លួនបណ្តោះអាសន្ននៅពន្ធធនាគារព្រៃសដោយលោក តុប​ ឈុនហេង ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជាធានីភ្នំពេញ អស់រយៈពេលប្រហែល១០ខែ ចាប់តាំងពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦ រហូតដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៧ ទើបជនជាប់ចោទរូបនេះ ត្រូវបានដោះលែងឲ្យនៅក្រៅឃុំបណ្តោះអាសន្នដោយសាលាឧទ្ធណ៍បន្ទាប់ពីមានការបដិសេធទៅលើសំណើសុំដោះលែងនៅក្រៅឃុំបណ្តោះអាសន្នរបស់ជនជាប់ចោទម្តងជាពីរដងរួចមកហើយដោយសាលាដំបូងរាជធានី និងសាលាឧទ្ទរណ៏នោះ។ នៅ

ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៧ សាលាឧទ្ទរណ៏បានដោះលែងជនជាប់ចោទរូបនេះឲ្យនៅក្រៅឃុំបណ្តោះអាសន្ន តែត្រូវបានដាក់ឲ្យស្ថិតក្រោមការត្រួតពិនិត្យរបស់តុលាការ និងហាមឃាត់មិនឲ្យជនជាប់ចោទចេញក្រៅព្រំដែននៃព្រះរាជាណាចក្រកម្ពុជាឡើយ ហើយជនជាប់ចោទត្រូវតែមកបង្ហាញខ្លួននៅចំពោះមុខតុលាការនៅពេលដែលមានដីកាកោះហៅ។

មេធាវីតំណាងដោយអាណត្តិឲ្យលោក រ៉ៃន័រ ម៉ារាវ៉ូលនី បានលើកឡើងកាលពីពេលសវនាការចុងក្រោយថា លោកចៅក្រម គួរតែចេញដីកាចាប់ខ្លួនជនជាប់ចោទវិញភ្លាម ពីព្រោះជនជាប់ចោទរូបនេះ បានបន្តប្រព្រឹត្តបទលើ្មសជាថ្មីទៀតមកលើដីកូនក្តីរបស់ខ្ញុំដែលជាកម្មសិទិ្ធរបស់ក្រុមហ៊ុន ដែលតា ដាប់បែលយូ ត្រេឌីង​ដោយមិនខ្លាចញញើតអ្វីឡើយ ទោះជនជាប់ចោទរូបនេះត្រូវបានដោះលែងឲ្យក្រៅឃុំបណ្តោះអាសន្នដោយភ្ជាប់លក្ខខ័ណ្ឌមួយចំនួនក៏ដោយ...។ បទល្មើសថ្មីៗទាំងនោះ មានដូចជា ជនជាប់ចោទបានមកជួបជាមួយនឹង លោក ខៀវ វណ្ណា មេឃុំដំបូករូង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ហើយបានដាក់ពាក្យស្នើសុំឲ្យលោកមេឃុំធ្វើការមោឃភាពចោលទៅលើលិខិតប្រគល់សិទិ្ធកាន់កាប់ដីដែលបានចេញឲ្យទៅភាគីអ្នកទិញដីពីក្រុមហ៊ុនដោយសារការបោកប្រាស់របស់នាង ដែលភាគីអ្នកទិញដីទាំងនោះ មិនបានបង់លុយបង្គ្រប់ឲ្យនាងនៅពេលដែលបានដឹងតាមបណ្តាញសារព័ត៌មានថា នាងត្រូវបានចាប់ខ្លួនដោយនគរបាលព្រហ្មទណ្ឌរួចមក។ តាមរយៈកូនក្តីរបស់ខ្ញុំ ក៏បានឲ្យដឹងដែរថា ក្រោយពីបានចេញពីការឃុំខ្លួនបណ្តោះអាសន្នមកភ្លាម ជនជាប់ចោទ និងមេធាវីរបស់ខ្លួន ក៏បានទៅទំនាក់ទំនងស្នើសុំឲ្យលោក ពេជ្រ ចិន្តា ចៅក្រមសាលាដំបូងខេត្តកំពង់ស្ពឺចេញដីកាលុបចោលដីការក្សាការពារទៅលើដីរបស់ក្រុមហ៊ុនដែលជនជាប់ចោទរូបនេះបានលួចលក់ទៅឲ្យភាគីទីបីផ្សេងៗ តាមរយៈការលួចយកប្លង់ដី(ឯកសារដើម) និងការប្រើលិខិតប្រគល់សិទិ្ធក្លែងក្លាយដែលនាងបានក្លែងនោះ ដោយសំអាងហេតុថា ប្រជាពលរដ្ឋស្លូតត្រង់ បានទិញដីនេះដោយស្របច្បាប់ និងដោយ នួន ច័ន្ទមករា មានលិខិតប្រគល់សិទ្ធិត្រឹមត្រូវ។ តែជាការពិត គឺដោយសារតែ នួន ចន្ទ័មករា បានលួចយកប្លង់ដីដើម និងឯកសារ
ក្រុមហ៊ុនទាំងអស់នៅក្នុងដៃ ហើយបានក្លែងឯកសារធ្វើជាលិខិតប្រគល់សិទិ្ធ ហើយបានលួចលក់ដីរបស់ក្រុមហ៊ុនដោយមានការឃុបឃិតពីអាជ្ញាធរមូលដ្ឋាននោះហើយ ទើបឈានដល់ការដាក់ពាក្យបណ្តឹងនៅក្រសួងមហាផ្ទៃធ្វើការស៊ើបអង្កេត និងមានការចាប់ខ្លួនដោយមន្រ្តីនគរបាលព្រហ្មទណ្ឌ ហើយបានបន្តនីតិវិធីតុលាការរហូតដល់ការកាត់ទោស និងការប្រកាសសាលក្រមនៅថ្ងៃទី១៩ ខែតុលា ឆ្នា២០១៨ នេះ។ ក្រៅពីនេះ ជនជាប់ចោទក៏បានព្យាយាមទៅទាក់ទងជាមួយនឹងអាជ្ញាធរដែនដីមួយចំនួននៅខេត្តផ្សេងៗទៀតផងដែរ
ក្នុងគោលបំណងទប់ស្កាត់កុំឲ្យអាជ្ញាធរចេញទុតិយតាមកឲ្យក្រុមហ៊ុនវិញ...​ តែការប៉ុនប៉ងនោះមិនបានសម្រេចឡើយ។

សូមបញ្ជាក់ផងដែរថា កាលពីនៅក្នុងសវនាការកន្លងមក នៅចំពោះមុខលោកចៅក្រម និងតំណាងអយ្យការក៏ដូចជាសាធារណជនដែលនៅក្នុងអង្គសវនាការទាំងមូល ជនជាប់ចោទបានថ្លែងថា នាងបានលក់ដីត្រឹមតែប្រហែល ៦០ហិកតាតែប៉ុណ្ណោះ ដើម្បីយកលុយទៅដោះស្រាយបំណុលរបស់លោក រ៉ៃន័រ ដែលជំពាក់គេកន្លងមក និងដើម្បីដោះស្រាយបញ្ហាជីវភាព។ តែតាមការពិត នាងបានឃុបឃិតជាមួយអាជ្ញាធរមូលដ្ឋាន ហើយបានធ្វើកិច្ចសន្យាលក់ដីរបស់ក្រុមហ៊ុនស្ទើរតែទាំងមូល គឺចំនួន ១១០០ហិកតា ទៅឲ្យបុគ្គលឈ្មោះ

សុង ហេង តាំងពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៦ ហើយបានចុះហត្ថលេខាដឹងឮដោយលោកមេឃុំដំបូករូងតាំងពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៦មកម្ល៉េះ ដោយថែមទាំងបានបង្កើតប្លង់ឌឺម៉ាស់ថ្មីដែលជាន់នៅលើទីតាំងប្លង់ដីចាស់របស់ក្រុមហ៊ុនដែលមានការទទួលស្គាល់ជាផ្លូវការរួចមកហើយកាលពីឆ្នាំ២០១៣ ដោយមន្ត្រីសុរិយាដីស្រុក និងមេភូមិ ព្រមទាំងលោកមេឃុំខ្លួនឯងតែម្តង...។ បន្ទាប់មក នាងក៏បានធ្វើលិខិតប្រគល់សិទ្ធិបន្តទៅឲ្យឈ្មោះ សុង ហេង ក្នុងការមានសិទិ្ធលក់ដីរបស់ក្រុមហ៊ុនទៅឲ្យភាគីទីបីផ្សេងៗទៀត។ ហេតុដូច្នេះហើយ
ទើបគេដឹងថា សូម្បីតែនាងត្រូវបាននគរបាលព្រហ្មទណ្ឌបានកោះហៅឲ្យចូលខ្លួនមកបំភ្លឺចំនួនបីលើករួចហើយក៏ដោយ តែនាងមិនព្រមចូលខ្លួនមកបំភ្លឺនោះទេ តែបែរជានៅតែបន្តលក់ដីរបស់ក្រុមហ៊ុនយ៉ាងគឃ្លើនទៅវិញ.... (ឯកសាលិខិតផ្ទេរសិទិ្ធដែលមានជាភស្តុតាងខ្លះ បានបង្ហាញថា លិខិតផ្ទេរសិទិ្ធកាន់កាប់ដីនោះ ​​​​​ បានធ្វើឡើងនៅក្នុងរយៈមួយថ្ងៃមុនពេលដែលជនជាប់ចោទរូបនេះ ត្រូវបានចាប់ខ្លួន)....។អ្វីដែលគួរឲ្យចម្លែកនោះ គឺក្រោយពេលដែល នួន ច័ន្ទមករា ត្រូវបានចាប់ខ្លួនហើយ បានឃុំខ្លួននៅពន្ធធនាគារព្រៃសបណ្តោះ
អាសន្នហើយ និងបានឆ្លងកាត់សវនាការជាច្រើនលើកច្រើនគ្រាហើយ ព្រមទាំងត្រូវបានដោះលែងឲ្យនៅក្រៅឃុំបណ្តោះអាសន្នរួចហើយនោះក៏ដោយ ក៏សកម្មភាពលក់ដូរដីរបស់ក្រុមហ៊ុន គឺនៅតែបន្តដដែល ព្រមទាំងមានការបន្តចុះហត្ថលេខា និងប្រថាប់ត្រាដោយលោកមេឃុំដំបូករូង​ ក៏ដូចជាអតីតអភិបាលស្រុកភ្នំស្រួចផងដែរ។

លោក រ៉ៃន័រ បានបញ្ជាក់ថា ដោសារមូលហេតុទាំងអស់នេះហើយ បានជានៅក្នុងសវនាការចុងក្រោយ ទាំងមេធាវីរបស់លោក និងទាំងខ្លួនលោកផ្ទាល់ បានស្នើសុំឲ្យតុលាការចាត់វិធានការច្បាប់ និងធ្វើការស៊ើបអង្កេតដើម្បីយកជនទាំងឡាយដែលមានការពាក់ព័ន្ធក្នុងការប្រព្រឹត្តខុសច្បាប់ទាំងនោះ មកធ្វើការផ្តន្ទាទោសផងដែរ ហើយបើជនល្មើស នួន ច័ន្ទមករា នៅតែបន្តរស់នៅក្រៅឃុំដដែល យើងមិនដឹងថា តើជននេះ នៅតែបន្តប្រព្រឹត្តអំពើល្មើសអ្វីផ្សេងៗទៀតនោះទេ។

ទាំងលោកមេធាវីការពារក្ដី ទាំងជនជាប់ចោទផ្ទាល់ នៅរសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៨នេះ អង្គភាពព័ត៌មានFresh News មិនអាចធ្វើការទាក់ទងដើម្បីសាកសួរព័ត៌មានបានឡើយ ថាតើការប្រកាសសាលក្រមផ្តន្ទាទោសរបស់លោកចៅក្រមសេង លាង ដោយសំរេចដាក់ពន្ធនាគារ២ឆ្នាំ៦ខែ និងសងជំងឺចិត្ត១៨មុឺនដុល្លារនេះ នាង និងមេធាវីសំរេចធ្វើការប្ដឹងឧទ្ទរណ៏បន្តឬយ៉ាងណា?។ប៉ុន្តែកន្លងមក ឈ្មោះនួន ច័ន្ទមករា ធ្លាប់ប្រតិកម្មទៅនឹងការចុះផ្សាយរបស់Fresh News រួចមកហើយ ដោយនាងអះអាងថាវាមិនមែនជាករណីបទល្មើស
លួចលក់ដីអ្វីនោះទេ តាមពិតវាជារឿងជំលោះផ្ទៃក្នុងគ្រួសាររបស់នាងតែប៉ុណ្ណោះ ដោយរូបនាង និងជនជាតិអាល្លឺម៉ង់នោះ ជាប្ដីប្រពន្ធ និងគ្នាមានកូនជាមួយគ្នាទៀតផង៕

ឈ្មោះនួន ច័ន្ទមករា ខណៈសមត្ថកិច្ចនាំខ្លួនទៅតុលាការកន្លងមក

ស្ត្រីឈ្មោះនួន ច័ន្ទមករា

ជនជាតិអាល្លឺម៉ង់ ជាម្ចាស់ក្រុមហ៊ុន