(កំពង់ឆ្នាំង)៖ ស្នងការនគរបាលខេត្តកំពង់ឆ្នាំង លោកឧត្តមសេនីយ៍ទោ ឡុច វណ្ណារ៉ា បានប្រាប់បណ្តាញព័ត៌មាន Fresh News ថា នៅរសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៨ កម្លាំងនគរបាលរបស់លោក បានបញ្ជូនជនដៃដល់ដែលចាប់រំលោភ និងសម្លាប់ក្មេងស្រី២នាក់បងប្អូន ទៅតុលាការដើម្បីចាត់ការតាមច្បាប់។

សូមបញ្ជាក់ថា ករណីរំលោភសេពសន្ថវៈ និងសម្លាប់ ក្មេងស្រី២នាក់បងប្អូនបង្កើត​ ដែលបានកើតឡើងនៅយប់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៨ នៅចំណុចភូមិថ្មី ឃុំផ្សារ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ជាករណីដ៏សាហាវឃោរឃៅ និងព្រៃផ្សៃបំផុត រហូតផ្ទុះការចែកចាយ និងជេរប្រទិចផ្ដាសសារ ជនដែលជាឃាតក ពីសំណាក់អ្នកប្រើប្រាស់បណ្ដាញសង្គម Facebook រយៈពេលប៉ុន្មានថ្ងៃមកនេះ។

ក្មេងស្រីរងគ្រោះទាំងពីរនាក់ ទី១៖ឈ្មោះ អុល លក្ខណា អាយុ១៤ឆ្នាំ ត្រូវជាបង និងទី២៖ឈ្មោះ អុល មេត្ដា អាយុ០៧ឆ្នាំ ត្រូវជាប្អូន ហើយអ្វីដែលកាន់តែគួរឲ្យអាសូរនោះ ឪពុកម្ដាយរបស់ក្មេងស្រីទាំងពីរ មិនបាននៅផ្ទះជាមួយនោះទេ ព្រោះម្ដាយទៅធ្វើការរោងចក្រនៅរាជធានីភ្នំពេញ និងឪពុកទៅធ្វើកម្មករនៅប្រទេសថៃ។

យ៉ាងណាមិញ ក្រោយកើតហេតុភ្លាមៗ កម្លាំងនគរបាលជំនាញ បានបើកប្រតិបត្តិការដ៏ក្តៅនេះ ​ក្រោមការបញ្ជាផ្ទាល់ពី នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងអភិបាលខេត្តកំពង់ឆ្នាំង លោក ឈួរ ច័ន្ទឌឿន ដែលដឹកនាំដោយផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ឡុច វណ្ណារ៉ា ស្នងការនគរបាលខេត្តកំពង់ឆ្នាំង និងលោកឧត្តមសេនីយ៍ត្រី ប៉ុល វុទ្ធី ស្នងការរងនគរបាលទទួលផ្នែកព្រហ្មទណ្ឌ។

ដើម្បីបំបែកសំណុំរឿងមួយនេះបានដោយជោគជ័យ កម្លាំងនគរបាល ដែលមានកិច្ចសហការគ្នាយ៉ាងស្អិតរមួត ជាមួយសមត្ថកិច្ចពាក់ព័ន្ធនោះ បានប្រើប្រាស់រយៈពេល ០៤ថ្ងៃ និងបានហៅមនុស្ស៣នាក់ ទៅសួរនាំផងដែរ ដោយម្នាក់ជាឪពុកមា ម្នាក់ជាម្ដាយមីង និងម្នាក់ជាអ្នកជិតខាង (ជនដៃដល់)។ ក្រោយប្រើសួរនាំ និងប្រមូលបានភ័ស្ដុតាងគ្រប់គ្រាន់ រយៈពេល២ថ្ងៃ ទើបកម្លាំងជំនាញនៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៨នេះ បានឈានដល់ការចាប់ខ្លួនឃាតកតែម្ដង។

របាយការណ៍របស់លោកឧត្តមសេនីយ៍ត្រី ប៉ុល វុទ្ធី ស្នងការរងទទួលផែននគរបាលព្រហ្មទណ្ឌ ដែលអង្គភាព Fresh News ទទួលបាននៅយប់ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៨នេះ បានរៀបរាប់អំពីដំណើររឿង និងប្រតិបត្តិការដ៏ក្ដៅគគុកថា បន្ទាប់ពីកើតហេតុ លុះដល់​​វេលាម៉ោង១១៖០០នាទីថ្ងៃត្រង់ ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨ មានឈ្មោះ ស្រស់ (ត្រូវជាពូ) បានឃើញសាកសពក្មេងស្រីទាំងពីរនាក់ ដាក់ក្នុងកេះឈើ នៅលើផ្ទះរបស់ជនរងគ្រោះ ហើយបានផ្អើល​ឆោឡោ និងប្ដឹងសមត្ថកិច្ច ធ្វើការស្រាវជ្រាវកំណត់មុខសញ្ញា។

នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៨ សមត្ថកិច្ចជំនាញបានធ្វើឃាត់ខ្លួនជនសង្ស័យឈ្មោះ ឆុំ ពយ អាយុ២៣ឆ្នាំ នៅភូមិថ្មី ឃុំផ្សារ ស្រុកបរិបូណ៌ ខេត្ដកំពង់ឆ្នាំង ហើយតាមចម្លើយសារភាពរបស់ជនសង្ស័យ បានឲ្យដឹងថា នៅយប់ថ្ងៃកើតហេតុ ទូរស័ព្ទខ្លួនអស់ថ្ម ក៏ទៅយកឆ្នាំងសាកនៅផ្ទះកុមារីរងគ្រោះ ហើយឃើញឱកាសស្ងាត់ល្អ ក៏ចាប់រំលោភកុមារីរងគ្រោះម្នាក់បង ពេលនោះប្អូនស្រី បានភ្ញាក់ដឹងខ្លូន ខ្លួនក៏ភ័យ​ក៏ទះកំភ្លៀងប្អូនស្រីនោះសន្លប់។

បន្ទាប់មកខ្លួនបានយកខ្នើយទៅខ្ទប់ច្រមុះ ឈ្មោះ អុល លក្ខណា និងច្របាច់កសម្លាប់ទាំងពីរនាក់បងប្អូន ហើយលើកដាក់ចូលក្នុងកេះឈើ និងយកខ្នើយសង្កត់ពីលើ រួចបិទគំរបកេះឈើ ខ្លួនក៏ដើរចុះទៅផ្ទះវិញ៕