(ភ្នំពេញ)៖ នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៨នេះ ក្រៅពីបន្តប្រចាំការនៅផ្សារជម្ពូវ័ន សាខាកាំកុងត្រូលតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ បានសហការជាមួយមន្ទីរពាណិជ្ជកម្ម បន្តចុះផ្សព្វផ្សាយអំពីគុណភាព សុវត្ថិភាពម្ហូបអាហារ ដោយបានត្រួតពិនិត្យទៅលើទំនិញ វេចខ្ចប់ស្រាប់នៅតាមម៉ាតមួយចំនួនជាអាទិ៍ផ្សារ Star Mart នៅកំណាត់ផ្លូវសហព័ន្ធរុស្សី និងផ្សារ One and One ក្នុងភូមិសាស្រ្តខណ្ឌសែនសុខ រាជធានីភ្នំពេញ។

មន្រ្តីកាំកុងត្រូលបានបន្តថា «ជាលទ្ធផល ពិនិត្យឃើញមានទំនិញមួយចំនួនខូចគុណភាព ហួសកាលបរិច្ឆេទកំណត់ប្រើប្រាស់ ហើយត្រូវបានសាខាធ្វើកំណត់ហេតុដកហូត និងស្នើ សុំគោលការណ៍កម្ទេចចោលនៅពេលក្រោយ»។

ទំនិញហួសកាលបរិច្ឆេទប្រើប្រាស់ទាំងនោះ រួមមាន៖ នំកូនក្មេងម៉ាក Koh-Kae សណ្តែកដីកញ្ចប់ម៉ាក Koh-Kae ម៊ីកំប៉ុង ស្ករគ្រាប់ Cool Air។

មន្រ្តីកាំកុងត្រូលតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ក៏បានណែនាំអាជីវករឲ្យយល់ដឹងពីអនាម័យ ការរៀបចំទំនិញលក់ដូរ ឲ្យមានសណ្តាប់ធ្នាប់ ទៅតាមប្រភេទទំនិញហូបចុក និងទំនិញប្រើប្រាស់ផ្សេងៗ ដាក់ដាច់ដោយឡែកៗពីគ្នា ចៀសវៀងការដាក់តាំងលក់ទំនិញ ហួសកាលបរិច្ឆេទប្រើប្រាស់ កំប៉ុងកំពិត ប៉ោង ច្រេះស៊ី និងទំនិញដែលមានសារធាតុគីមីហាមឃាត់។

ដោយឡែក ចំពោះការឃ្លាំពិនិត្យមើលថ្លៃលក់ប្រេងសាំង និងម៉ាស៊ូតនៅតាមបណ្តាស្ថានីយ៍ប្រេងឥន្ធនៈនានា ក្នុងភូមិសាស្រ្តខណ្ឌសែនសុខវិញ គឺប្រេងសាំង និងប្រេងម៉ាស៊ូត មានតម្លៃ សមស្របទៅនឹងសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្មចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨ ដោយសាំងធម្មតាមានតម្លៃមិនលើសពី ៤,២៥០៛/លីត្រ និងប្រេង ម៉ាស៊ូត មានតម្លៃមិនលើសពី ៤,១៥០៛/លីត្រឡើយ៕