(បាត់ដំបង)៖ មន្ត្រីកាំកុងត្រូលខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៨នេះ បានសហការជាមួយគ្រប់ស្ថាប័នពាក់ព័ន្ធ បន្តចុះត្រួតពិនិត្យផលិតផលទំនិញ ដាក់តាំងលក់នៅក្នុងផ្សារ មុនពេលបុណ្យអុំទូកខេត្ត ដើម្បីស្វែងរកទំនិញខូចគុណភាពហួសកាលបរិច្ឆេទ ប្រើប្រាស់ទំនិញជាម្ហូបអាហារដែលដាក់សារធាតុគីមីហាមឃាត់ នៅផ្សារទំនើប «ហេងឆៃលី» ដោយដកហូតទំនិញខូចគុណភាពចម្រុះចំនួន២១គីឡូក្រាម និងផ្សារឡាក់គីពុំមានរកឃើញអ្វីនោះទេ។

ប្រធានកាំកុងត្រូលខេត្តបាត់ដំបង បានបញ្ជាក់ថា មន្រ្តីជំនាញរបស់លោក នៅតែបន្តចុះត្រួតពិនិត្យជាប្រចាំ ពិសេសមុនពេលបុណ្យបុណ្យអុំទូកថ្នាក់ខេត្ត ខាងមុខនេះ ហើយធ្វើការអប់រំ តាមប្រព័ន្ធផ្សព្វផ្សាយ តាមរយៈបិទស្ទីកឃើ នៅតាមទីតាំងលក់ទំនិញ ឬអប់រំដោយផ្ទាល់ប្រាប់ពីផលប៉ះពាល់ សុខភាពដោយសារចំណីអាហារ ដាក់លក់នៅលើទីផ្សារ ធ្វើការត្រួតពិនិត្យរាល់ការនាំចូល ការដាក់តាំងលក់ទំនិញខូចគុណភាព ដាក់លាយសារធាតុគីមី គ្មានកាលបរិច្ឆេទច្បាស់លាស់ មិនឱ្យមានធ្វើចរាចរណ៍នៅលើទីផ្សារបន្តទៀត។

ជាមួយគ្នានេះដែរ លោកក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ សូមប្រុងប្រយ័ត្នមុននឹងទិញទំនិញលើទីផ្សារ ពិសេសចំណីអាហារប្រចាំថ្ងៃ សូមពិនិត្យឱ្យបានច្បាស់លាស់ជាមុនសិន ជៀសវាងប៉ះទំនិញខូចគុណភាព ធ្វើឱ្យប៉ះពាល់សុខភាពបងប្អូនទៅថ្ងៃក្រោយ៕