(ភ្នំពេញ)៖ ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម នាថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៨ វេលាម៉ោង១០៖០០នាទីព្រឹក នឹងបើកកិច្ចប្រជុំលើកទី៣០ នៅព្រះបរមរាជវាំង ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា និងជាព្រះប្រធានឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ដើម្បីពិនិត្យ សម្រេច​ និងពិគ្រោះយោបល់លើរបៀបវារៈចំនួន៧។

យោងតាមសេចក្តីប្រកាសព័ត៌មាន របស់អគ្គលេខាធិការដ្ឋាន ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ដែលបណ្តាញសារព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២២ ខែតុលានេះបានឲ្យដឹងបន្ថែមថា​ របៀបវារៈសំខាន់ៗទាំង៧ ដែលនឹងដាក់ក្នុងសម័យប្រជុំលើកទី៣០នោះ រួមមាន៖

១៖ របាយការណ៍ ស្តីពីសកម្មភាពរបស់ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ចន្លោះសម័យប្រជុំលើកទី២៩ និងលើកទី៣០។

២៖ ពិនិត្យ និងសម្រេច លើកសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាវិន័យ នៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម។

៣៖ ពិនិត្យ​ និងសម្រេច អំពីការផ្លាស់ប្តូរប្រធាន​ អនុប្រធាន និងចៅក្រម។

៤៖ ពិគ្រោះយោបល់លើសំណើតែងតាំង ផ្លាស់ប្តូរព្រះរាជអាជ្ញា និងព្រះរាជអាជ្ញារងមួយចំនួន តាមសំណើរបស់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌។

៥៖ ពិនិត្យ​ និងសម្រេច អំពីការបន្តការងាររបស់ចៅក្រមនៃតុលាការកំពូល១រូប ដែលមានអាយុ៦៥ឆ្នាំ។

៦៖ ពិនិត្យ​ និងសម្រេច លើសំណើសុំចូលទៅបម្រើការងារវិញរបស់ចៅក្រម១រូប នៃសាលាដំបូងខេត្តកណ្តាល និងសំណើសុំអនុញ្ញាតច្បាប់ទៅបន្តការសិក្សារយៈពេល២ឆ្នាំ របស់ចៅក្រម១រូប នៃសាលាដំបូងខេត្តកំពត។

៧៖ បញ្ហាផ្សេងៗ៕