(ភ្នំពេញ)៖ កីឡាករវាយសីឆ្នើមវ័យក្មេងកម្ពុជា វ៉ាត វណ្ណធុន បានទទួលការកោតសរសើរជាខ្លាំង ក្រោយដណ្ដើមបានមេដាយមាស លើវិញ្ញាសាជាក្រុមចម្រុះជាតិសាសន៍ នៃព្រឹត្តិការណ៍អូឡាំពិកយុវជន លើកទី៣ នៅប្រទេសអាហ្សង់ទីន ។ បន្ទាប់ពីអញ្ជើញទៅទទួលស្វាគមន៍ដំណើរមាតុភូមិនិវត្តន៍ ដល់អាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ កាលពីយប់មិញ នៅព្រឹកថ្ងៃច័ន្ទនេះ លោកឧត្តមនីយ៍ឯក លី កុសល ប្រធានសហព័ន្ធកីឡាវាយសីកម្ពុជា ក៏បានរៀបចំនូវកម្មវិធីជួបសំណេះសំណាល និងផ្ដល់រង្វាន់លើកទឹកចិត្តដល់រូបគេផងដែរ ។

ថ្លែងចំពោះមុខថ្នាក់ដឹកនាំសហព័ន្ធ គ្រូបង្វឹក និងកីឡាករ-កីឡាការិនីជាច្រើន លោក លី កុសល បានបង្ហាញនូវមោទនៈភាព ចំពោះយុវជន វ៉ាត វណ្ណធុន ដែលធ្វើឲ្យពិភពលោកស្គាល់នូវភាពរីកចម្រើននៃវិស័យកីឡាវាយសីកម្ពុជា ។ លោកបញ្ជាក់ជាថ្មីថា ទោះបីមេដាយមាសនេះ គឺជាមេដាយក្រុមចម្រុះជាតិសាសន៍ តែបើសិនគ្មានការខំខិតពីកីឡាករណាម្នាក់ៗ ឬខ្វះសាមគ្គី ក៏ពួកគេមិនទទួលបានលទ្ធផលល្អដែរ ។ ជាក់ស្ដែង វណ្ណធុន ធ្វើបានយ៉ាងល្អ ក្នុងការប្រកួតជាក្រុម ដែលជំរុញឲ្យក្រុមខ្លួនទទួលបាននូវមេដាយមាសដូច្នេះ ។

ចំពោះប្រាក់រង្វាន់លើកទឹកចិត្តពីប្រធានសហព័ន្ធ គឺកីឡាករ វ៉ាត វណ្ណធុន ទទួលបាន ៣លានរៀល ខណៈគ្រូបង្វឹកលោក Kogila vaanan ទទួលបាន ២លានរៀល និងលោក ញ៉ាន សុខវិសាល ជានាយបេសកកម្មក៏សហព័ន្ធផ្ដល់ថវិកាលើកទឹកចិត្ត ១លានរៀលដែរ ។ លោកបន្ដថា ទោះបីប្រាក់រង្វាន់នេះតិចក្ដីច្រើនក្ដី ប៉ុន្ដែវាគឺជាទឹកចិត្ត និងចង់ជំរុញឲ្យ វណ្ណធុន បន្ដការខិតខំបន្ថែម ដើម្បីឆ្ពោះទៅដណ្ដើមមេដាយក្នុងហ្គេមផ្លូវការ ដូចជាស៊ីហ្គេម អាស៊ីហ្គេម និងអូឡាំពិកហ្គេម ដែលរាជរដ្ឋាភិបាលកម្ពុជា បានត្រៀមប្រាក់រង្វាន់លើកទឹកចិត្តជាច្រើន ដល់អ្នកដណ្ដើមបានជ័យលាភី ។

គួរបញ្ជាក់ថា យុវជន វ៉ាត វណ្ណធុន គឺជាកីឡាករវ័យក្មេង និងមានទេពកោសល្យម្នាក់ ដែលទទួលបានការទុកចិត្តពីថ្នាក់ដឹកនាំសហព័ន្ធ បញ្ជូនទៅចូលរួមប្រកួតកីឡាអូឡាំពិកយុវជន លើកទី៣ នៅអាហ្សង់ទីន ចាប់ពីថ្ងៃទី០១-២១ ខែតុលា ជាមួយកីឡាករ-កីឡាការិនីហែលទឹក និងចំបាប់ ២រូបទៀត ក្រោមការដឹកនាំរបស់លោក ញ៉ាន សុខវិសាល ។ តាមរយៈសមិទ្ធិផលដ៏ល្អប្រសើរនេះ លោក លី កុសល រំពឹងយ៉ាងមុតមាំថា កីឡាករវាយសីកម្ពុជាដទៃ នឹងបង្កើនការខិតខំប្រឹងប្រែងហ្វឹកហាត់កាន់តែខ្លាំង ដើម្បីត្រៀមចូលរួមប្រកួតប្រជែងលើឆាកអន្ដរជាតិ និងដណ្ដើមមេដាយជូនជាតិមាតុភូមិខ្លួន ។

ចំពោះមេដាយមាសជាក្រុមចម្រុះជាតិសាសន៍ ដែល វណ្ណធុន បានរួមចំណែកដណ្ដើមបានវិញ គឺមិនស្ថិតក្នុងតារាងមេដាយផ្លូវការនោះទេ ព្រោះកម្មវិធីប្រកួតនេះ ផ្ដើមចេញពីការរៀបចំរបស់គណៈកម្មាធិការអូឡាំពិកអន្ដរជាតិ សហការជាមួយសហព័ន្ធកីឡាវាយសីអន្ដរជាតិ ដើម្បីផ្ដល់ឱកាសឲ្យយុវជន-យុវនារីជុំវិញពិភពលោកធ្វើការប្រកួតប្រជែង ផ្លាស់ប្ដូរវប្បធម៌ និងបទពិសោធន៍គ្នាទៅវិញទៅមក ។ តែយ៉ាងណាការប្រកួតពិតជាមានការប្រកួតប្រជែងខ្លាំង ដោយមានកីឡាករ-កីឡាការិនីចំនួន ៦៤ប្រទេសឯណោះ បានចូលរួមលើវិញ្ញាសាកីឡាវាយសីនេះ៕