(ព្រៃវែង)៖ មន្រ្តីសាខាកាំកុងត្រូលខេត្តព្រៃវែង នៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៨នេះ បានសហការជាមួយមន្រ្តីមន្ទីរពាណិជ្ជកម្ម និងគណៈកម្មការផ្សារ បានចុះត្រួតពិនិត្យទំនិញ ដែលដាក់តាំងលក់នៅផ្សារសាមគ្គីកអណ្តើក ដែលស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ១ ក្នុងភូមិប្រាសាទ ឃុំប្រាសាទ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។

មន្រ្តីកាំកុងត្រូលខេត្តព្រៃវែង បានឲ្យដឹងថា ក្នុងការត្រួតពិនិត្យ មន្រ្តីជំនាញបានធ្វើវិភាគបឋមទៅលើសរសៃគុយទាវ នំបញ្ចុក នំបាញ់ហយ ត្រីប្រលាក់ ស្ករត្នោត សណ្តែកបណ្តុះ សរុប ៨ គំរូ ដែលលទ្ធផល មន្ត្រីជំនាញបានរកឃើញវត្តមាន សារធាតុគីមីហាមឃាត់ ប៉ូរ៉ាក់ (Borax) ក្នុងផលិតផលគុយទាវសរសៃរតូច ចំនួន១២គីឡូក្រាម។

បន្ទាប់មកមន្ត្រីកាំកុងត្រូលបានធ្វើការណែនាំនិងធ្វើកិច្ចសន្យា ផ្តិតមេដៃ ដល់ម្ចាស់ផលិតគុយទាវ ដោយធ្វើការកែប្រែក្នុងការផលិត និងបានធ្វើកំណត់ហេតុដកហូតគុយទាវ យកទៅកំទេចចោល។

មន្រ្តីកាំកុងត្រូល បានបន្តថា ក្រៅពីការវិភាគ មន្ត្រីជំនាញក៏បានរកឃើញ ទំនិញខូចគុណភាព ហួសកាលបរិច្ឆេទ ប្រើប្រាស់ចំនួន ១២.៦៥ គីឡូក្រាម បន្លែមទៀត។ ក្នុងឱកាសនោះ មន្ត្រីកាំកុងត្រូលក៏បានផ្សព្វផ្សាយអប់រំណែនាំដល់អាជីវករឲ្យដឹងអំពីសុវត្ថិភាពម្ហូបអាហារ ដោយបានចែក និងបិទផ្ទាំងរូបភាពផ្សព្វផ្សាយ Poster ផងដែរ។

លោក អ៊ុត សុភាព ប្រធានសាខាកាំកុងត្រូលខេត្តព្រៃវែង បានឲ្យដឹងថា ការចុះត្រួតពិនិត្យខាងលើនេះ មន្រ្តីរបស់លោកបានណែនាំដល់អាជីវករ ឲ្យចៀសវៀងការប្រើប្រាស់សារធាតុគីមីបន្ថែម ទៅលើផលិតផលម្ហូបអាហារ ឬការកែច្នៃម្ហូបអាហារ ដែលធ្វើឲ្យមានគ្រោះថ្នាក់ដល់សុខភាព និងបានណែនាំអាជីវករ ឲ្យយល់ដឹងពីអនាម័យ ការរៀបចំទំនិញលក់ដូរ ឲ្យមានសណ្តាប់ធ្នាប់ ទៅតាមប្រភេទទំនិញហូបចុក និងទំនិញប្រើប្រាស់ផ្សេងៗ ដាក់ដាច់ដោយឡែកៗពីគ្នា ចៀសវៀងការដាក់តាំងលក់ទំនិញហួសកាលបរិច្ឆេទប្រើប្រាស់ កំប៉ុងកំពិត ប៉ោង ច្រេះស៊ី និងទំនិញដែលមានសារធាតុគីមី ហាមឃាត់៕