(ភ្នំពេញ)៖ ដោយសារតែមានភ្លៀងធ្លាក់មួយមេធំ កាលរសៀលថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៨ នៅក្នុងសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ បណ្តាលឲ្យចេតិយចំនួន២ នៅក្នុងវត្តក្តីតាកុយ អាចនឹងបាក់រលំចូលក្នុងទន្លេ ហើយមួយចំនួនទៀត ក៏អាចប្រឈមនឹងការបាក់ស្រុតចូលទន្លេផងដែរ ប្រសិនបើអាជ្ញាធរមិនមានវិធានទប់ស្កាត់។

យោងតាមលោកស្រី យន់ សុផល ចៅសង្កាត់វាស្បូវ បានប្រាប់បណ្តាញ Fresh News នៅរសៀលថ្ងៃទី២១ ខែតុលានេះថា ភ្លៀងធ្លាក់មកយ៉ាងខ្លាំង ហាក់បីដូចជាខឹងតាំងពីកាលណាមកអញ្ចឹង។ ក្រោយពីភ្លៀងធ្លាក់ ទឹកហូរចុះយ៉ាងសន្ធឹក និងហូរច្រោះចុះទៅទន្លេ បណ្តាលឲ្យចេតិយចំនួន២ នៅក្នុងវត្តក្តីតាកុយ បានស្រុតដែលអាចប្រឈមធ្លាក់ចូលទន្លេបាសាក់ ហើយកាលពីថ្ងៃទី១៤ ខែតុលានេះ ដោយសារតែភ្លៀងធ្លាក់ចុះ ក៏បណ្តាលឲ្យបាក់ច្រាំង នៅខាងក្រោយផ្ទះរបស់ប្រជាពលរដ្ឋ២០ម៉ែត្រផងដែរ។

លោកស្រីបានបន្តថា ការបាក់ស្រុតច្រាំងទន្លេនេះ គឺអាចបណ្ដាលមកពីចរន្តទឹកហូរច្រោះនៅខាងក្រោម ម្យ៉ាងវិញទៀត ដីនៅចំណុចចេតិយស្រុតនោះ ជាប្រភេទដីល្បាយ ដែលព្រះចៅអធិការវត្តបូមខ្សាច់ដាក់កាលពី២ឆ្នាំមុន ហើយចេតិយនេះ បានសាងសង់នៅកៀកនឹងមាត់។ លោកស្រីថា ប៉ុន្តែពេលនេះ ម្ចាស់ចេតិយ៍បានបូមខ្សាច់ដាក់បំពេញវិញហើយ ដើម្បីទប់ស្កាត់កុំឲ្យស្រុតរលំចេតិយទាំងនោះ។

ជុំវិញការបាក់ច្រាំងទន្លេនេះ ប្រជាពលរដ្ឋខ្លះបាននិយាយ ដោយដាក់បន្ទុកទៅលើការបូមខ្សាច់ ឯអ្នកមួយចំនួនទៀតនិយាយបែបផ្សេងថា អាចបណ្តាលមកពីការច្រោះខ្សាច់ក្រោមចេតិយ ព្រោះថ្ងៃទី២០ ខែតុលា មានភ្លៀងធ្លាក់មកខ្លាំងខុសពីរាល់ដង។

ជាមួយគ្នានេះ មន្រ្តីនៃក្រសួងរ៉ែ និងថាមពល បានប្រាប់ឲ្យដឹងដែរថា ការបាក់ស្រុតច្រាំងទន្លេនេះ មិនមែនបណ្តាលមកពីការបូមខ្សាច់នោះទេ ព្រោះថាការបាក់នេះ ក្រោយពីមានសម្ពាធទឹកភ្លៀងធ្លាក់មកខ្លាំង ក៏ហូរច្រោះចុះក្រោមទើបបណ្តាលឲ្យមានការបាក់ស្រុតបែបនេះ។ លោកបានបព្ជាក់ថា មុននឹងចេញអាជ្ញាបណ្ណទៅឲ្យក្រុមធ្វើអាជីវកម្មនោះ ក្រសួងបានចុះមកសិក្សាស្ថានទន្លេ និងល្បឿនចរន្តទឹកហូរ និងកំណត់ព្រំដែនឡូតិ៍ សម្រាប់បូមផងដែរ។

បើតាមមន្ត្រីដដែល តាមការពិនិត្យទីតាំងមូម គឺមានគម្លាតឆ្ងាយពីច្រាំង ចម្ងាយជិត២គីឡូម៉ែត្រពីទីតាំងបូមនេះ រីឯការដ្ឋានបាញ់ខ្សាច់ឡើង ស្ថិតនៅចំងាយប្រហែល១គីឡូម៉ែត្រ ពីច្រាំងបាក់នោះ៕