(កណ្តាល)៖ លោក ម៉ឹង យូឡេង ប្រធានមន្ទីរសារធារណការ និងដឹកជញ្ជូនខេត្តកណ្តាល នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៨នេះ បានដឹកនាំមន្ត្រីក្រោមឱវាទជិះកង់ត្រួតពិនិត្យ និងរៀបចំផ្លូវថ្នល់ និងផ្លូវជាតិក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ដើម្បីធ្វើយ៉ាងណាឲ្យមានគុណភាព ប្រសិទ្ធិភាព និងឲ្យប្រជាពលរដ្ឋធ្វើដំណើរនៅតាមដងផ្លូវមានសុវត្ថិភាពខ្ពស់។

លោកប្រធានមន្ទីរសាធារណការ ខេត្តកណ្តាលបានថ្លែងថា ការត្រួតពិនិត្យ និងរៀបចំផ្លូវថ្នល់ និងផ្លូវជាតិនៅពេលនេះ គឺជាការអបអរចំពោះជ័យជម្នះ របស់រដ្ឋាភិបាលក្នុងការដឹកនាំនាពេលកន្លងមក ព្រមទាំងដើម្បីចូលរួមចំណែកក្នុងការជួសជុល ថែទាំផ្លូវថ្នល់ សម្រាប់បម្រើដល់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរ ប្រកបដោយសុវត្ថិកភាព ជឿទុកចិត្តក្នុងការធ្វើចរាចរណ៍លើដងផ្លូវ និងធ្វើឲ្យផ្លូវស្អាតជានិច្ច បើទោះបីផ្លូវមានស្ថានភាពចាស់ ឬកំពុងជួសជុលយ៉ាងណាក្តី។

លោកបន្តថា នៅថ្ងៃនេះ ក្រុមការងារនៃមន្ទីរសារធារណការ និងដឹកជញ្ជូន បានជិះកង់ដើម្បីចុះពិនិត្យ និងរៀបចំផ្លូវជាតិលេខ២ ពីរង្វង់មូលខេត្តកណ្តាល ដល់ព្រំប្រទល់ខេត្តតាកែវ ដែលមាន២១គីឡូម៉ែ និងផ្លូវលេខ២០ ព្រមទាំងបានគូសគំនូសសម្រាប់ពង្រីកផ្លូវផ្លូវជាតិលេខ២នេះ ឲ្យទៅជា៤គន្លង ដើម្បីបញ្ចៀសការកកស្ទះចរាចរណ៍ និងគ្រោះថ្នាក់ចរាចរណ៍នៅក្នុងប្រទេសកម្ពុជា។

លោក ម៉ឹង យូឡេង បានបញ្ជាក់ទៀតថា មន្ទីរមានកញ្ចប់ថវិកាសម្រាប់ជួសជុលជារៀងរាល់ឆ្នាំ ប៉ុន្តែអ្វីដែលសំខាន់នោះ សកម្មភាពនេះ ក្នុងគោលបំណងក្រើនរំឭកដល់ប្រជាពលរដ្ឋគ្រប់រូប ដែលរស់នៅតាមដងផ្លូវ និងអ្នកធ្វើដំណើរ ចូលរួមចំណែកថែរក្សាផ្លូវថ្នល់ ការគោរពច្បាប់ចរាចរណ៍ក្នុងការបើកបរ គ្រប់មធ្យោបាយដឹកជញ្ជូន និងចូលរួមសម្អាតផ្លូវ ដោយមិនត្រូវរំលោភចិញ្ចើមផ្លូវ និងមិនត្រូវដាក់ស្លាកសញ្ញា ដោយគ្មានការអនុញ្ញាតជាដើម។

លោកបញ្ជាក់ថា នៅឆ្នាំ២០១៩ខាងមុខនេះ មន្ទីរនឹងមានគម្រោងអភិវឌ្ឍន៍ថ្មីៗជាច្រើនទៀត ដើម្បីធ្វើឲ្យផ្លូវនៅក្នុងខេត្តទាំងមូល កាន់តែមានគុណភាព ប្រសិទ្ធិភាព ព្រមទាំងមានការតភ្ជាប់ផ្លូវគ្រប់ច្រកល្អកទាំងអស់ ទាំងផ្លូវកៅស៊ូ និងផ្លូវបេតុងផងដែរ៕