(ភ្នំពេញ)៖ អ្នកជំនាញអារ្យធម៌ខ្មែរ លោក រត្ន័ សណ្ដាប់ បានថ្លែងថាបើនិយាយពីតម្លៃកិត្ដិយសជាតិដែលសម្ដេចតេជោ ហ៊ុន សែន បានដឹកនំាគណៈប្រតិភូអញ្ជើញទៅចូលរួមក្នុង កិច្ចប្រជុំកំពូលអាស៊ី-អ៊ឺរ៉ុបដែលបានប្រព្រឹត្ដកាលពីថ្ងៃទី១៨- ១៩ ខែតុលា ឆ្នាំ២០១៨នេះ ហើយកម្ពុជាយើង ត្រូវបានធ្វើជាម្ចាស់ផ្ទះដើម្បីរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អ៊ឺរ៉ុប នាឆ្នាំ២០២០ខាងមុខនេះ គឺពិតជាផ្ដល់នូវកិត្ដិយសជាតិដ៏ធំធេងណាស់!សម្រាប់ប្រជាជាតិខ្មែរយើងទំាងមូល។ បានន័យថាចំពោះកម្ពុជាយើងដែលពីមុននេះបន្ដិច ត្រូវបានពិភពលោកគេស្គាល់ជាប្រទេសដែលមានសង្រ្គាមនិងការកាប់សម្លាប់គ្នានោះ ឥទ្បូវក្លាយជាទីកន្លែង «សន្ដិភាព» និងមានសុវត្ថិភាពដ៏ស្រល់បំព្រងបំផុត សម្រាប់មេដឹកនាំពិភពលោកមកប្រជុំនេះឯង។

បើនិយាយពីតម្លៃកិត្ដិយសជាតិនេះផងដែរ ហើយដែលយើងទំាងអស់គ្នានឹកស្មានមិនដល់ថែមទៀតនោះ ស្ថិតត្រង់ថាចំពោះខ្មែរយើងដែលបានធ្វើជាម្ចាស់ផ្ទះនេះ គឺបានមកពីការសម្រេចជាឯកច្ជ័ននៃមេដឹកនំាទ្វីបទំាងពីរអាស៊ី-អ៊ឺរ៉ុប ប្រមាណជាង៥០ប្រទេសនេះតែម្ដង។ មានន័យថាគឺពុំមែនបានមកពីតាមលំដាប់អក្ខរក្រមអក្សរ (Alphabet) ដូចជាករណីកិច្ចប្រជុំកំពូលប្រជាជាតិអាស៊ាននោះទេ។

លោក រត្ន័ សណ្ដាប់ បន្ដថាបើដូច្នេះចំពោះកម្ពុជាយើងហើយដែលត្រូវបានមេដឹកនំានៃទ្វីបទំាងពីរសម្រេចឲ្យធ្វើជាម្ចាស់ផ្ទះដើម្បីរៀបចំកិច្ចប្រជុំនាពេលខាងមុខនេះ ក៏បានឆ្លុះបញ្ចំាងឲ្យឃើញផងដែរ អំពីភាពរីកចម្រើន និងការគំាទ្ររបស់បណ្ដាប្រទេសនានាមកលើកម្ពុជាយើង។ បានសេចក្ដីថាប្រសិនបើប្រទេសខ្មែរយើងផ្ដាច់ការ ឬពុំមានប្រជាធិបតេយ្យ ឬយ៉ាងណាយ៉ាងណីដូចមតិខ្លះតែងចោទជារឿយៗនោះ គឺប្រាកដណាស់!ច្បាស់ជាមេដឹកនំានៃទ្វីបទំាងពីរ គឺគេពុំសម្រេចឲ្យកម្ពុជាយើងធ្វើជាម្ចាស់ផ្ទះនោះទេ។ ពីព្រោះថាជាធម្មតាសម្រាប់មេដឹកនំាទ្វីបអាស៊ីក្ដី ឬទ្វីបអ៊ឺរ៉ុបក្ដី បើគេចាត់ទុកមេដឹកនំាប្រទេសណាមួយផ្ដាច់ការ ឬពុំមានប្រជាធិបតេយ្យនោះទេ គឺគេពុំចាប់ដៃ ពុំមើលមុខ ឬពុំអាប់អានអ្វីទំាងអស់។

បើដូច្នេះសម្រាប់កម្ពុជាយើង ដែលត្រូវបានមេដឹកនំាទ្វីបទំាងពីរសម្រេចជាឯកច្ជ័នឲ្យធ្វើជាម្ចាស់ផ្ទះដើម្បីរៀបចំកិច្ចប្រជុំកំពូលនាឆ្នាំ២០២០ដូចយើងឃើញនេះ គឺពិតជាបង្ហាញពីរាជ រដ្ឋាភិបាលដែលកើតពីការបោះឆ្នោតនាពេលកន្លងមកនេះ បានដើរតាមគន្លងប្រជាធិបតេយ្យ ដោយមិនខុសពីបណ្ដាប្រទេសនានាដែលប្រកាន់ លទ្ធិប្រជាធិបតេយ្យក្នុងទ្វីបទំាងពីរនេះទេ៕