(ភ្នំពេញ)៖ តបតាមការអញ្ជើញរបស់ លោក Mukhisa Kituyi, Secretary General, United Nations Conference on Trade and Development អគ្គលេខាធិការ នៃគណៈកម្មាធិការសន្និសីទ ពាណិជ្ជកម្ម និងការ អភិវឌ្ឍន៍សហប្រជាជាតិ និងទទួលបានការអនុញ្ញាតពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា នាព្រឹកថ្ងៃទី២១​ ខែតុលា ឆ្នាំ២០១៨នេះ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំគណៈប្រតិភូ ដើម្បីទៅចូលរួមកិច្ចប្រជុំកំពូលអ្នកដឹកនាំ វិនិយោគសាកល នៃវេទិកាវិនិយោគពិភពលោក ឆ្នាំ២០១៨ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៨ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។

នៅក្នុងកិច្ចប្រជុំកំពូលអ្នកដឹកនាំ វិនិយោគសាកល នៃវេទិកាវិនិយោគពិភពលោក ឆ្នាំ២០១៨ ដ៏មានសារសំខាន់នេះ លោក វេង សាខុន នឹងចូលរួមថ្លែងសន្ទរកឋាគន្លឹះ នៅក្នុងវេទិកាស្តីពី ការវិនិយោគដោយមាន ភាពទទួលខុសត្រូវ ក្នុងវិស័យកសិកម្ម (Responsible Agriculture Investment) រួមជាមួយរដ្ឋមន្ត្រីកសិកម្ម នៃបណ្តាប្រទេសនានា នៅក្នុងសាកលលោក ដោយមានការចូលរួម ដោយប្រមុខរដ្ឋាភិបាល រដ្ឋមន្ត្រី អ្នកវិនិយោគ និងវិស័យឯកជន ព្រមទាំងអ្នកសង្កេតការ មកពីបណ្តាលប្រទេសជាច្រើន លើពិភពលោកផងដែរ។

លោក វេង សាខុន ក៏ចូលរួមជាវាគ្មិន នៅក្នុងកិច្ចពិភាក្សាស្តីពី ការអនុវត្ត និងគោលនយោបាយសម្របសម្រួល ការវិនិយោគប្រកបដោយនិរន្តរភាព (Sustainable Investment Facilitation Policies and Practices) ។
ក្រៅពីកិច្ចប្រជុំទាំង២នេះ រដ្ឋមន្ដ្រីកសិកម្មកម្ពុជា ក៏មានជំនួបពិភាក្សាទ្វេភាគីចំនួន២ រួមមាន៖

ទី១៖ ជួបពិភាក្សាការងារជាមួយលោកស្រី Ms. Gerda Verburg, ជំនួយការអគ្គលេខាធិការអង្គការសហប្រជាជាតិ និងជាប្រធាន នៃចលនាបង្កើនកិច្ចអន្តរាគមន៍អាហារូបត្ថម្ភ នៃអង្គការសហប្រជាជាតិ Scaling Up Nutrition (SUN) Movement ក្នុងបំណងពិភាក្សាពង្រឹងកិច្ចសហប្រតិបត្តិការ និងជំរុញការអនុវត្តកម្មវិធីនេះ ឲ្យកាន់តែរីកចម្រើន មួយកម្រិតថែមទៀត។

ទី២៖ លោក វេង សាខុន និងលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នឹងជួបពិភាក្សាការងារជាមួយលោក Li Yong អគ្គនាយកនៃអង្គការ UNIDO ដើម្បីពិភាក្សាការងារ លើការវិនិយោគលើការកែច្នៃ ផលិតផលកសិកម្ម និងឧស្សហកម្មនៅកម្ពុជា។

តាមរយៈ នៃការចូលរួមកិច្ចប្រជុំកំពូលនេះ លោករដ្ឋមន្ត្រី វេង សាខុន នឹងផ្សព្វផ្សាយឲ្យកាន់តែទូលំទូលាយថែមទៀត ពីគោលនយោបាយ និងសក្តានុពលនៃវិស័យកសិកម្មដែលអាចទាក់ទាញ អ្នកវិនិយោគគិនធំៗ លើសាកលលោក មកធ្វើវិនិយោគលើវិស័យកសិកម្ម កសិឧស្សហកម្ម និងជាពិសេសលើការផលិតកែច្នៃ ចំណីអាហារកសិកម្មនៅកម្ពុជា ព្រមទាំងការពង្រីកទីផ្សារ សម្រាប់ផលិតផលកសិកម្មកម្ពុជា និងការពង្រឹង នៃកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្ម ជាមួយបណ្តាលប្រទេសជាច្រើនទៀត ដែលបានចូលរួមក្នុងសន្និសីទដ៏មានសារសំខាន់នេះ៕