(បាត់ដំបង)៖ លោក ងួន រតនៈ អភិបាលខេត្តបានដំបង នាព្រឹកថ្ងៃទី២១ខែតុលាឆ្នាំ២០១៨ បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានថា រដ្ឋបាលខេត្តបាត់ដំបង បានរៀបចំធ្វើផ្លូវភ្លោះជិត៣គីឡូម៉ែត្រ ដើម្បីកែលម្អសោភ័ណភាពក្រុង ក្នុងគម្រោងថវិកាអភិវឌ្ឍន៍របស់ខេត្តឆ្នាំ២០១៨ ដើម្បីពង្រឹងសណ្តាប់ធ្នាប់ចរាចរណ៍ ផ្លូវសាធារណៈក្នុងក្រុងនិងមានគម្រោងជាច្រើនទៀត ដែលត្រូវធ្វើបន្ត។

លោក ងួន រតនៈ បានថ្លែងថា ឆ្នាំនេះមានគម្រោងច្រើនដល់ទៅ៣៩គម្រោង ដែលត្រូវកសាងដូចជា៖ ផ្លូវ លូ ការកែលម្អសួនច្បារ និងមានកាកែលម្អទីកន្លែងចាំបាច់ផ្សេងទៀតផងដែរ។ លោកថាថ្ងៃនេះ បានឯកភាពគ្នាឈានដល់ការកសាងផ្លូវភ្លោះចំនួន២ខ្សែ គឺទី១៖ ចាប់ពីរង្វង់មូលលោកតាដំបងគ្រញូង មកទល់ចុងស្ពានថ្មចាស់មានប្រវែងជិត១គីឡូម៉ែត្រ និងទី២៖ ចាប់ពីរង្វល់មូលលោកតាដំបងគ្រញូង ដល់ចុងស្ពានថ្មថ្មីមានប្រវែង២គីឡូម៉ែត្រ។

លោកអភិបាលខេត្តបានបញ្ជាក់យ៉ាងដូច្នេះថា «យើងធ្វើផ្លូវនេះគឺជាគម្រោងថវិកាខេត្តសម្រាប់ឆ្នាំ២០១៨ ក្នុងគោលបំណងការពារសុវត្តិភាពចរាចរណ៍ សណ្តាបធ្នាប់ក្នុងទីក្រុង ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋយើងទូទៅផងដែរ គម្រោងនេះយើងមានដាក់ភ្លើងស្តុប តាមគោលដៅតាមចំណុចចាំបាច់មួយចំនួនផង ដើម្បីកាតបន្ថយគ្រោះថ្នាក់ចរាចរណ៍ របស់អ្នកដំណើរលើដងផ្លូវសាធារណៈនេះ»។

លោកបានបន្តថា «ការសាងសង់ផ្លូវភ្លោះនេះ យើងត្រូវមានការបំពាក់ភ្លើងបំភ្លឺផ្លូវសងខាង
មានចន្លោះឆ្លងកាត់ និងមានភ្លើងស្តុបផង។ នៅថ្ងៃក្រោយ យើងមានគម្រោងដាំដើមឈើលើទ្រូងផ្លូវ និងនៅសួនច្បារបន្ថែមទៀត»។

បើតាមលោក ងួន រតនៈ មុននឹងធ្វើផ្លូវនេះ រដ្ឋបាលខេត្តប្រជុំដាក់ផែនការនិងផ្សព្វផ្សាយ ជូនប្រជាពលរដ្ឋដែលមានផ្ទះជាប់ផ្លូវនេះ សុំមានការយោគយល់ និងសហការដើម្បីចូលរួមឯកភាពដើម្បីអនុវត្តន៍គម្រោងនេះបានសម្រេច ព្រោះការធ្វើនេះ គឺជាផលប្រយោជន៍សាធារណៈ លម្អក្រុងបានស្អាត ហើយជាប្រយោជន៍ទាំងអស់គ្នា៕