(ភ្នំពេញ)៖ លោក ​វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច​ អតីតយុទ្ធជន និងយុវ​នីតិសម្បទា តំណាងឲ្យ សម្តេចអគ្គមហាពញាច​ក្រី ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា បានអញ្ជើញចូលរួមនៅក្នុងពិធីប្រកួតវគ្គផ្តាច់ព្រ័ត្រ ព្រឹត្តិការណ៍កីឡាបាល់ទាត់ពានរង្វាន់ «សម្តេចអគ្គមហាពញាច​ក្រី ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា» ដែលរៀបចំធ្វើនៅយប់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៨ នៅពហុកីឡាដ្ឋានជាតិអូឡាំពិក។

នៅក្នុងឱកាសនោះ លោក ​វង សូត បានថ្លែងអរគុណចំពោះកិច្ចសហការរប​ស់ក្រសួងអប់រំ យុវជន និងកីឡា សហព័ន្ធកីឡាបាល់ទាត់កម្ពុជា គណៈកម្មការរៀបចំការប្រកួត ជាពិសេសក្រុមចូលរួមប្រកួតទាំង២១ ដែលបានបញ្ចូនកីឡាករមកចូលរួម។ លោករដ្ឋមន្រ្តីបន្ថែមថា សកម្មភាពនេះ បាន​បង្ហាញពីសាមគ្គីភាព មិត្តភាព រវាងស្ថាប័នមួយទៅស្ថាប័នមួយទាំងក្របខណ្ឌរដ្ឋ ក៏ដូចជាឯកជន​ ដែលធ្វើឲ្យព្រឹត្តិការណ៍ប្រកួតនេះ ប្រព្រឹត្តទៅបានយ៉ាងល្អ។

រដ្ឋមន្រ្តី វង សូត សង្កេតឃើញថា ការប្រកួតនៅឆ្នាំនេះ គឺទទួលបានលទ្ធផលល្អប្រសើរ ដែលទទួលបានពីការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ «សម្តេចអគ្គមហាពញាច​ក្រី ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា» នោះគឺមានការចូលរួមពីក្រុមកីឡាករច្រើនជាងមុន និងបានផ្តល់ឱកាសឲ្យកីឡាករ បានស្គាល់គ្នា បង្កើតមិត្តភាព សាមគ្គីភាព ភាតរភាពពីក្រុមមួយ ទីក្រុមមួយទៀត។ ក្រៅពីនោះ ក៏មានការបណ្តុះគំនិតឲ្យក្មួយៗ ចេះស្រឡាញ់វិស័យកីឡា ពិសេសកីឡាបាល់ទាត់ ដែលជាកីឡាកំពុងតែពេញនិយម។

ជាមួយគ្នានោះ លោករដ្ឋមន្រ្តី វង សូត បា​នក្រើនរំលឹកដល់កីឡាករថា ចំពោះកីឡាករដែលទទួលបានចំណាត់ថ្នាក់ល្អ ត្រូវ​​ខិតខំហ្វឹកហាត់បន្តទៀត ដើម្បីបង្កើនសមត្ថភាព ទេពកោសល្យ ​និងបច្ចេកទេសបន្ថែមទៀត ដើម្បីរក្សាតំណែងដែលខ្លួនទទួលបាននៅឆ្នាំក្រោយៗទៀត។ ចំពោះក្រុមកីឡា ដែលពុំទទួលបានចំណាត់ថ្នាក់នៅពេលនេះ សូមក្មួយៗ ខិតខំទាំងអស់គ្នា ប្រឹប្រែងហ្វឹកហាត់ ដើម្បីបង្កើនបច្ចេកទេស ធ្វើយ៉ាងណាដណ្តើមយកចំណាត់ថ្នាក់ល្អៗ នៅឆ្នាំក្រោយទៀត។

ព្រឹត្តិការណ៍កីឡាបាល់ទាត់ពានរង្វាន់ «សម្តេចអគ្គមហាពញាច​ក្រី ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា» បានធ្វើឡើង ក្នុងគោលបំណង មិនត្រឹមតែ​បំផុសស្មារតីច​លនាយុវជន ឲ្យចូលចិត្ត និងស្រឡាញ់វិស័យកីឡាប៉ុណ្ណោះទេ តែបំណងសំខាន់នោះគឺ ចែករំលែកបទពិសោធន៍ ពិសេសមិនយកពេលវេលា ទៅប្រព្រឹត្តអំពើឧបាយមុខ ក្នុងសង្គមដូច​ជា សេពគ្រឿងញៀន​ និងបោះបង់ការសិក្សាជាដើម។

ក្រុមអាណាចក្របៃតង បានគ្រងតំណែងជើងឯកពានរង្វាន់ “សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន” រដូវកាលទី២ ទៀតហើយ បន្ទាប់ពីយកឈ្នះក្រុមធីអិនកណ្ដាល ដោយលទ្ធផល ១-០ ក្នុងជំនួបវគ្គផ្ដាច់ព្រ័ត្រលើទីលានពហុកីឡដ្ឋានជាតិយប់មិញ ។ ពិធីបិទការប្រកួតនេះ បានធ្វើឡើងក្រោមវត្តមានលោក វង សូត រដ្ឋមន្ដ្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនិតីសម្បទា និងជាប្រធានក្រុមទីប្រឹក្សាសម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាជាតិ នៃកម្ពុជា ។

ឆ្លៀតក្នុងឱកាសនោះដែរ ក្នុងនាមសម្ដេចអគ្គមហាពញាចក្រី ហេង សំរិន លោករដ្ឋមន្ដ្រីក៏បាននាំយកនូវថវិកា ១ម៉ឺនដុល្លារឧបត្ថម្ភបន្ថែមលើការរៀបចំអាហាសាមគ្គី និងក្រុមជ័យលាភីផងដែរ ដូចជាក្រុមជើងឯកអាណាចក្របៃតង ទទួលបានប្រាក់រង្វាន់ពីគណៈកម្មការ ៣២លានរៀល និងប្រាក់ឧបត្ថម្ភបន្ថែម ២ពាន់ដុល្លារ, ក្រុមជើងឯករង ធីអិនកណ្ដាល ទទួលបានប្រាក់រង្វាន់ ២០លានរៀល និងប្រាក់រង្វាន់ឧបត្ថម្ភ ១ពាន់ដុល្លារ និងក្រុមលេខ៣ ពិស្ណុការ ទទួលបានប្រាក់រង្វាន់ ១៤លានរៀល និងប្រាក់ឧបត្ថម្ភ ១ពាន់ដុល្លារ ។

ដោយឡែកក្រុមលេងមានក្រមសីលធម៌ល្អជាងគេ(Fair-Play) បានទៅក្រុមពិស្ណុការ ទទួលបានប្រាក់រង្វាន់ ៦០ម៉ឺនរៀល ស្របពេលអ្នកចាំទីល្អ បានទៅកីឡាករ ហាន់ មាន របស់ក្រុមអាណាចក្រប៉ៃតង និងកីឡាកររកគ្រាប់បាល់បានច្រើនជាងគេ គឺកីឡាករ នុត ស៊ីនួន របស់ក្រុមធីអិនកណ្ដាល រកបាន ១២គ្រាប់ទទួលបានប្រាក់រង្វាន់ ២លានរៀលដូចគ្នា ៕