(តួកគី)៖ ក្រោយបញ្ចប់កិច្ចប្រជុំអាស៊ី-អឺរ៉ុប នៅប្រទេសប៊ែលហ្សិក នៅរសៀលថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ទៅដល់ទីក្រុងអីស្តានប៊ុល ប្រទេសតួកគី ដោយសុវត្ថិភាពហើយដើម្បីបំពេញទស្សនកិច្ចផ្លូវការរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៨។ ដើម្បីចង់ដឹងស្ថានភាពប្រទេស, ប្រជាពលរដ្ឋ និងសេដ្ឋកិច្ចនៃប្រទេសតួកគីយ៉ាងណានោះ សូមអានខ្លឹមសារដូចខាងក្រោម៖

* តួកគីមានឈ្មោះជាផ្លូវការសាធារណរដ្ឋតួកគី មានទីតាំងភូមិសាស្រ្តជាប់អឺរ៉ុបផង និងអាស៊ីផង។ ប្រទេសមួយនេះមាន ព្រំដែនម្ខាងជាប់ភាគអាគ្នេយ៍នៃទ្វីបអឺរ៉ុប និងម្ខាងទៀតជាប់ភាគនិរតីនៃទ្វីបអាស៊ី ព្រមទាំងជាប់សមុទ្រខ្មៅ សមុទ្រអេហ្សេ និងសមុទ្រមេឌីទែរ៉ានេផងដែរ។

* ប្រទេសតួកគីមានផ្ទៃក្រឡាទំហំជាង ៧៨៣ពាន់គីឡូម៉ែត្រក្រឡា និងមានព្រំដែនជាប់និងប្រទេស អាមេនី អាសៃបៃហ្សង់ ប៊ុលហ្ការី ហ្សកហ្សី ក្រិក អឺរ៉ង់ អីរ៉ាក់ និងស៊ីរី ព្រមានទាំងមានប្រជាជនរស់នៅជាង៨០លាននាក់។

* មានរដ្ឋធានីឈ្មោះអង់ការ៉ា និងមានទីក្រុងធំជាងគេគឺអ៊ីស្ដង់ប៊ូល

* តួកគីកាន់របបសាធារណរដ្ឋ រីឯប្រធានាធិបតីបច្ចុប្បន្នគឺលោក រីស៊ីប តាយយ៉ីប អឺដូហ្កាន់ (Recep Tayyip Erdoğan)
* មានខេត្តសរុបទាំងអស់៨១, មានរូបិយវត្ថុជាតិឈ្មោះ Lira និងប្រជាជនភាគច្រើននិយាយភាសាតួកគី

* វិស័យសេដ្ឋកិច្ច៖ តួកគីមាន GDP សរុប ២,១៧៣ទីលានដុល្លារអាមេរិក ក្នុងនោះ GDP សម្រាប់មនុស្សម្នាក់ៗ មាន២៦,៩០០ដុល្លារ។

* កំណើនសេដ្ឋកិច្ចប្រចាំឆ្នាំ៧% ផលិតផលក្នុងស្រុកតាមវិស័យ ក្នុងនោះសេវាកម្មមានជាង៦១% ឧស្សាហកម្មជាង៣១% និងកសិកម្មមានជា៦%។ ការនាំចេញសំខាន់ៗរបស់តួកគី គឺសម្លៀកបំពាក់ គ្រឿងម្ហូប ក្រណាត់ គ្រឿងដែក និងសម្ភារដឹកជញ្ជួន ដោយឡែកសម្រាប់ការនាំចូលរួមមាន គ្រឿងម៉ាស៊ីន ប្រេង វត្ថុគីមី ផលិតផលពាក់ កណ្តាលសម្រេច និងសម្ភារះដឹកជញ្ជូន។

* តួកគីគឺជាសមាជិកនៃប្រទេស G20 និងអង្គការ OECD ហើយកំពុងព្យាយាមចូលជាសមាជិកសហភាពអឺរ៉ុប ប៉ុន្តែសហភាពអឺរ៉ុប តម្រូវឱ្យតួកគីកែលម្អស្ថានភាពសិទ្ធិមនុស្ស និងដោះស្រាយបញ្ហាជាមួយប្រទេស Cyprus ជាមុនសិន មុននឹងចូលជាសមាជិក របស់ខ្លួន។

គួរបញ្ជាក់ថា ប្រទេសតួកគី បានភ្ជាប់ទំនាក់ទំនងការទូតកម្ពុជា នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ១៩៩៤ ក្នុងនោះនៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៣ សាធារណរដ្ឋតួកគី បានបើកស្ថានឯកអគ្គរដ្ឋទូតរបស់ខ្លួន នៅរាជធានីភ្នំពេញ។ បច្ចុប្បន្នកម្ពុជាមានស្ថានឯកអគ្គ កុងស៊ុលកិត្តិយសចំនួនពីរ នៅសាធារណរដ្ឋតួកគី ក្នុងនោះកម្ពុជាគ្រោង និងបើកស្ថានឯកអគ្គរាជទូតរបស់ខ្លួន នៅទីក្រុងអង់ការ៉ា នៅឆ្នាំ២០១៩ខាងមុខ៕