(ភ្នំពេញ)៖ បន្ទាប់ពីទទួលបានជោគជ័យ លើទីផ្សារមូលបត្រក្រុមហ៊ុន ភ្នំពេញ អេសអ៊ីហ្សិត ភីអិលស៊ី (តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ -PPSP) បានប្រកាសបោះផ្សាយភាគហ៊ុនថ្មីចំនួន១៤លានបន្ថែមទៀត។

ក្រុមហ៊ុន PPSP បានបង្ហាញខ្លួនជាលើកដំបូងលើផ្សារមូលបត្រកម្ពុជា នៅក្នុងឆ្នាំ២០១៦គិតរហូតមកដល់ពេលនេះ មានរយៈពេល២ឆ្នាំ។ ក្នុងរយៈពេល២ឆ្នាំនេះ ក្រុមហ៊ុនបានសម្រេចជោគជ័យដ៏ធំមួយសម្រាប់ទីផ្សារមូលធនកម្ពុជា។

ក្នុងសន្និសីទសារព័ត៌មានស្ដីពី ការចុះបញ្ជីមូលបត្រកម្មសិទ្ធិបន្ថែម របស់ក្រុមហ៊ុនភ្នំពេញ អេសអ៊ីហ្សិត នាព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៨ លោក Fong Nee Wai នាយកផ្នែកហិរញ្ញវត្ថុនៃក្រុមហ៊ុន PPSP បានឲ្យដឹងអំពីការចុះបញ្ជីបន្ថែម របស់ក្រុមហ៊ុន និងអត្ថប្រយោជន៍នៃក្រុមហ៊ុនចុះបញ្ជីដោយប្រើឧបករណ៍ហិរញ្ញវត្ថុផ្សេងៗ។

លោកឲ្យដឹងទៀតថា រយៈពេល១៨ខែកន្លងទៅក្រុមហ៊ុន បានទទួលជោគជ័យក្នុងការប្រើប្រាស់ ចំណូលចំនួន៩.៨៥លានដុល្លារ ហើយក្រុមហ៊ុននឹងប្រើប្រាស់ប្រាក់ចំណេញសុទ្ធ បន្ទាប់ពីចំណាយលើសំណើរ នៃការដាក់លក់សម្រាប់ឱកាសពង្រីកអាជីវកម្មថ្មី និងសម្រាប់គោលបំណងទូទៅរបស់ក្រុមហ៊ុន។

លោក ស៊ូ សុជាតិ  អគ្គនាយកនៃគណៈកម្មការមូលបត្រកម្ពុជាឲ្យដឹងថា ថ្ងៃនេះក្រុមហ៊ុន PPSP ប្រកាសឲ្យសារធារណជនដឹងថា ក្រុមហ៊ុនបានបោះផ្សាយភាគហ៊ុនថ្មីចំនួន១៤លានបន្ថែមទៀត។ ទោះបីការបោះផ្សាយនេះធ្វើឡើងជាសារធារណៈ ឬឯកជនក៏ដោយ។

លោក ស៊ូ សុជាតិ បញ្ជាក់ទៀតថា ការបោះផ្សារភាគហ៊ុនថ្មីរបស់ក្រុមហ៊ុន PPSP ជាការបោះផ្សាយលក្ខណៈឯកជន មិនមែនបោះផ្សាយបែបសាធារណៈឡើយ។

លោក ហុង សុខហួរ អគ្គនាយកផ្សារមូលបត្រកម្ពុជាឲ្យដឹងថា ជាមួយការចុះបញ្ជីបន្ថែមរបស់ក្រុមហ៊ុន PPSP ធ្វើឲ្យចំនួនភាគហ៊ុនរបស់ក្រុមហ៊ុននឹងកើនដល់ជាង៧២លានភាគហ៊ុន។

លោកបន្ដទៀតថា ការបោះផ្សាយ និងការចុះបញ្ជីមូលបត្របន្ថែមនៅថ្ងៃនេះ ជាការសបញាក់ថា ក្រុមហ៊ុនអាជីវកម្មទាំងឡាយដែលអាចបោះផ្សាយ និងចុះបញ្ជីលក់ភាគហ៊ុននៅផ្សារមូលបត្រកម្ពុជា ក៏អាចគៀងគរទិញបន្ថែមនៅពេលដែលត្រូវការ។ ការបោះផ្សាយលក់មូលបត្រដំបូង ត្រូវការចំណាយពេល និងថវិកាច្រើនបន្ដិច តែការបោះផ្សាយលក់មូលបត្របន្ដបន្ទាប់ នឹងមានភាពងាយស្រួល។

បើយោងតាមការឲ្យដឹងពីក្រុមហ៊ុន PPSP ការបោះផ្សាយភាគហ៊ុនចំនួន១៤លាន ទៅវិនិយោគិនយុទ្ធសាស្រ្ដមានដូចជា៖ ១៖ ក្រុមហ៊ុន JWD InfoLogistics Public Company Limited ដែលជាក្រុមហ៊ុនចុះបញ្ជីក្នុងប្រទេសថៃ និងផ្គត់ផ្គង់សេវាដឹកជញ្ជូន ស្ដុកទំនិញឈានមុខគេនក្នុងតំបន់អាស៊ាន។
២៖ លោក Henry Ng Lian Soon ស្ថាបនិក និងប្រធានក្រុមហ៊ុន Bok Seng Group ជាក្រុមហ៊ុនផ្គត់ផ្គង់ប្រចាំតំបន់សិង្ហបុរី នៃក្រុមហ៊ុន Integrated Project & Marine Logistics Management។

សូមបញ្ជាក់ថា នេះជាការលក់មូលបត្រជាឯកជនលើកដំបូង ដែលមិនធ្លាប់មានពីសំណាក់ ក្រុមហ៊ុនចុះបញ្ជីនៅកម្ពុជា៕