(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៨ លោក ឯក ឃុនដឿន អភិបាល នៃគណៈអភិបាលខណ្ឌទួលគោក និងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជាខណ្ឌ រួមជាមួយលោកវរសេនីយ៍ទោ សុខ ហេង អធិការនគរបាលខណ្ឌទួលគោក និងជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនខណ្ឌ បានចុះជួបសំណេះសំណាល និងចែកប័ណ្ណ ប.ស.ស ជូនអតីតយុទ្ធជនសង្កាត់ផ្សារដេប៉ូ១ និងសង្កាត់ផ្សារដេប៉ូ២ចំនួន៤៧នាក់។

ជាមួយនឹងការផ្តាំផ្ញើសាកសួរសុខទុក្ខដោយក្តីនឹករលឹកបំផុតពី​សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងទេសរដ្ឋមន្ត្រី គន់ គីម, លោកអភិបាលខណ្ឌ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះបងប្អូនអតីតយុទ្ធជន និងគ្រួសារ ដែលបានបោះឆ្នោតជូនគណបក្ស​ប្រជាជនកម្ពុជា និងគាំទ្រសម្តេចតេជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី អាណត្តិទី៦នេះ​។

លោកបានបញ្ជាក់ថា ការផ្តល់ប័ណ្ណសមាជិកបេឡាសន្ដិសុខសង្គម​នេះ គឺជាការយកចិត្តទុកដាក់របស់សម្តេចតេជោ ហ៊ុន សែន លើគោលនយោបាយគាំពារសង្គម ដែលផ្តោតជាសំខាន់​លើការថែទាំសុខភាព ជូនអតីតយុទ្ធជនឲ្យទទួលបានសេវាពិនិត្យព្យាបាល តាមមន្ទីរពេទ្យរដ្ឋ ដោយឥតបង់ថ្លៃ ដែលរួមចំណែកយ៉ាងសំខាន់ ដល់គោលនយោបាយជាតិ អតីតយុទ្ធជនរបស់រាជរដ្ឋាភិបាលកម្ពុជា។

ឆ្លៀតក្នុងឱកាសនេះ លោកអធិការនគរបាលខណ្ឌទួលគោក និងនិងជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនខណ្ឌ ក៏បានចែកសៀវភៅស្នាក់នៅ និងអត្តសញ្ញាណប័ណ្ណ សញ្ជាតិខ្មែរ ជូនប្រជាពលរដ្ឋក្នុងសង្កាត់ទាំង២ផងដែរ៕