(ភ្នំពេញ)៖ រដ្ឋបាលខណ្ឌច្បារអំពៅនាព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៨នេះ បានរៀបចំសិក្ខាសាលា សមាហរណកម្មវិនិយោគសង្កាត់ថ្នាក់ខណ្ឌ និងកម្មវិធីវិនិយោគ៣ឆ្នាំ រំកិលខណ្ឌឆ្នាំ២០១៩-២០២១ ក្រោមអធិបតីភាព លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ ដែលបានធ្វើឡើង នៅសាលាខណ្ឌច្បារអំពៅ។

ថ្លែងក្នុងឱកាសបើកសិក្ខាសាលា សមាហរណកម្មវិនិយោគសង្កាត់ថ្នាក់ខណ្ឌ និងកម្មវិធីវិនិយោគ៣ឆ្នាំរំកិលខណ្ឌ ឆ្នាំ២០១៩-២០២១នេះ លោក ចេង មុនីរ៉ា បានឲ្យដឹងថា ក្នុងសិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគ៣ឆ្នាំ រំកិលខណ្ឌឆ្នាំ២០១៨កន្លងទៅ ខណ្ឌទទួលបានគំរោងគាំទ្រ សរុបចំនួន៨៣គំរោង រហូតដល់ពេលនេះអនុវត្តបាន៩៥%។

សំរាប់ឆ្នាំ២០១៩នេះ​ គំរោងកម្មវិធី៣ឆ្នាំរំកិល ២០១៩-២០២១ របស់ខណ្ឌ មានចំនួន៩៤គំរោង ក្នុងនោះ ផ្នែកសេដ្ឋកិច្ចមានចំនួន៣៤គំរោង, ផ្នែកសង្គមកិច្ច៣៧គំរោង, ផ្នែកគ្រប់គ្រងដីធ្លី ធនធានធម្មជាតិ បរិស្ថាន មានចំនួន១៤គំរោង, និងផ្នែកសេវាកម្មរដ្ឋបាល និងសន្តិសុខ ចំនួន៩គំរោង។

​ចំពោះគំរោងអទិភាពឆ្នាំ២០១៩ របស់សង្កាត់ទាំង៨ មានចំនួន៤៥៩គំរោង ដែលក្នុងនោះ វិស័យកសិកម្ម៨គំរោង,​​ អាជីវកម្មមានចំនួន២១គំរោង ,វិស័យអប់រំ ៣៥គំរោង, វិស័យសុខភាព១៤០គំរោង, វិស័យជនងាយរងគ្រោះ ១៩គំរោង, វិស័យបរិស្ថាន៤២គំរោង, វិស័យរដ្ឋបាល និងសន្តិសុខចំនួន១៨០គំរោង, និងវិស័យផ្សេងៗចំនួន១៤គំរោង។ នេះជាការបញ្ជាក់បន្ថែម របស់អភិបាលខណ្ឌច្បារអំពៅ។

លោកបន្ដថា សិក្ខាសាលាសមា​ហ​រណ​កម្ម ក្នុងខណ្ឌច្បារអំពៅ ដែលបានរៀបចំឡើងនាពេលនេះ គឺស្របតាមផែនការអភិវឌ្ឍន៍៥ឆ្នាំ ទាំងរបស់​សង្កាត់ និងរបស់​ខណ្ឌ ដែលនៅក្នុងនោះ ចាំបាច់មានការចូល​រួមគាំទ្រពីសំណាក់​ មន្ត្រី​ជំនាញ និង​សប្បុរស​ជននានា ដើម្បីឲ្យគម្រោងដែលបានរៀបចំឆ្លុះបញ្ចាំង ពីតម្រូវការជា​អាទិ​ភាព នៅថ្នាក់​មូលដ្ឋាន និងប្រើ​ប្រាស់​ធនធានឲ្យចំគោលដៅ និងអនុវត្តទៅប្រកបដោយ​ប្រសិទ្ធិ​ភាព និង​និរន្តរ​ភាព។

ជាមួយ​គ្នានេះ លោក ចេង មុនីរ៉ា ក៏បានសំដែងនូវជំនឿថា មន្ត្រី​មន្ទីរ​ជំនាញ​-អង្គភាព អង្គការ​សង្គមស៊ីវីល វិស័យឯកជន ដៃគូរអភិវឌ្ឍន៍នានា និងសប្បុរសជន នឹង​ជួយគាំទ្រ​គម្រោង​នានា​របស់​ខណ្ឌ និង​សង្កាត់ទៅតាមលទ្ធភាព ធនធានរៀងៗខ្លួន។

លោកថា ពិសេស​មន្ទីរ​ជំនាញ អង្គ​ភាព អង្គការមិនមែនរដ្ឋាភិបាល វិស័យឯកជន និងសប្បុរសជន ដែលបាន​សន្យា ​ជួយ​គាំទ្រ​គម្រោង​នានា នៅពេលនេះ ត្រូវបញ្ចូលទៅក្នុងផែនការសកម្មភាព ប្រចាំឆ្នាំ២០១៩របស់ខ្លួន ហើយខិតខំ​អនុ​វត្ត​ឲ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាពទៅតាមផែនការគ្រោងទុក, តែ​ប្រសិន​​បើគម្រោង ​បានគាំទ្រនៅពេលនេះ ប៉ុន្តែមិនបានអនុវត្តគួរតែជូនដំណឹងដល់ខណ្ឌ ឬសង្កាត់​ឲ្យដឹងវិញផង៕