(ភ្នំពេញ)៖ អាជីវករអ្នកផលិតផលិតផលខ្មែរ បានស្នើរាជរដ្ឋាភិបាលកម្ពុជា ពិសេសក្រសួងពាណិជ្ជកម្ម ជួយគាំទ្រឲ្យកាន់តែខ្លាំងក្លាថែមទៀតលើផលិតផលរបស់ពួកគេ ជាពិសេសចលនាផ្សេងៗ ដើម្បីជំរុញការប្រើប្រាស់ ផលិតផលខ្មែរឲ្យកាន់តែផុលផុស។

ក្នុងឱកាសរៀបចំតាំងពិព័រណ៍ពាណិជ្ជកម្មផលិតផលខ្មែរ នៃយុទ្ធនាការទិញផលិតផលខ្មែរ (រដូវកាលទី៣)  ដែលរៀបចំដោយក្រសួងពាណិជ្ជកម្មនៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨ ឃើញមានក្រុមហ៊ុន អាជីវករ ផលិតករខ្មែរជាច្រើន បានមកដាក់លក់ និងតាំងបង្ហាញផលិតផលរបស់ខ្លួន ដោយផលិតផលទាំងនោះផលិតដោយស្នាដៃកូនខ្មែរសុទ្ធសាធ។ ដោយឡែកគ្រប់ផលិតផលនីមួយៗមានការកែច្នៃ, វ៉ិចខ្ចប់ និងសំរិតសំរាំងមិនចាញ់ផលិតផលនាំចូលពីបរទេសឡើយ។

លោក ស៊ឹម ម៉េងទ្រី ម្ចាស់សហគ្រាសផលិតកម្មខ្មែរម៉េងទ្រី៩៩៩ បានថ្លែងឲ្យដឹងថា «ដើម្បីឲ្យមានសន្ទុះនៃការប្រើប្រាស់ ផលិតផលខ្មែរកាន់តែច្រើន ខ្ញុំសូមសំណមពរដល់ក្រសួងពាណិជ្ជកម្ម រៀបចំកម្មវិធីដែលទាក់ទងនឹងរបស់ខ្មែរ, ផលិតផលខ្មែរបន្ថែមទៀត។ លើសពីនេះសូមឲ្យខាងក្រសួង ជួយផ្សព្វផ្សាយអំពីផលិតផលខ្មែរទាំងអស់ ឬនាំយកទៅបន្ដចែកចាយដល់ដៃប្រជាពលរដ្ឋ ដើម្បីឲ្យពួកគាត់ឃើញ និងដឹងអំពីគុណភាពរបសខ្មែរ»

លើសពីនេះម្ចាស់សហគ្រាសរូបនេះ ក៏សូមឲ្យម្ចាស់សហគ្រាសទាំងឡាយផលិតផលិតផលនីមួយៗមានស្ដង់ដារត្រឹមត្រូវ និងសូមផ្ដោតទៅលើគុណភាពជាចម្បង ដោយអាចជួយទ្រទ្រងដល់តម្រូវការរបស់ប្រជាពលរដ្ឋបាន។

លោកបញ្ជាក់ទៀតថា «លើសពីនេះខ្ញុំចង់ឲ្យរាជរដ្ឋាភិបាលបង្កើតកម្ចី ដែលមានការប្រាក់ទាបដល់សហគ្រិនធុនតូច និងមធ្យម មានឱកាសប្រើប្រាស់ថវិកានេះ ដើម្បីបង្កើត ឬពង្រីកអាជីវកម្មរបស់ខ្លួនឲ្យកាន់តែខ្លាំងក្លាបន្ថែមទៀត ដើម្បីប្រកួតប្រជែងជាមួយប្រទេសជិតខាង»

លោក ចេង ប៊ុនលាង អាជីវករផលិតផលិតផលខ្មែរ និងជាម្ចាស់សប្បកម្មមីអង្គរ បានថ្លែងឲ្យដឹងថា «ក្នុងនាមជាម្ចាស់សប្បកម្មម្នាក់ ខ្ញុំចង់សូមឲ្យរាជរដ្ឋាភិបាលជួយសម្រួលផ្នែកសប្បកម្មបន្ថែមទៀតដូចជា ការចុះបង្រៀន និងការណែនាំផ្សេងៗព្រោះថា ការបើកសប្បកម្មខ្នាតតូចមិនសូវមានការយល់ដឹងច្រើននោះឡើយ។ ជាក់ស្ដែងដូចខ្ញុំអឹចឹង ខ្ញុំមិនទាន់យល់ច្បាស់អំពីបញ្ហាលម្អិតផ្សេងៗលើវិស័យនេះដូចជា បញ្ហាអនាម័យ, ការវ៉ិចខ្ចប់ និងទីផ្សារជាដើម»

លោកបន្ដទៀតថា ដោយឡែកសម្រាប់ការរៀបពិព័រណ៍ផលិតផលខ្មែរ ដែលរៀបចំឡើងដោយក្រសួងពាណិជ្ជកម្មនេះ ជាយុទ្ធនាការមួយដ៏ល្អក្នុងការកៀរគរប្រជាជនខ្មែរ ឲ្យងាកមកប្រើប្រាស់ផលិតផលក្នុងស្រុក ជៀសជាងការប្រើប្រាស់ផលិតផលនាំចូល។

ជាមួយគ្នានោះលោក លាង ឡេង ម្ចាស់សប្បកម្មផលិតទឹកត្រី លាង ឡេង បានថ្លែងឲ្យដឹងថា «សម្រាប់ខ្ញុំសូមសំណមពរ ដល់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងពាក់ព័ន្ធនានាក្នុង SME ទាំងអស់ ជួយទប់ស្កាត់លំហូរទំនិញគ្មានគុណភាព និងស្ដងដារ ដែលនាំចូលមកលក់នៅកម្ពុជា លើសពីនេះសូមជួយសម្រួលនូវលិខិតបទដ្ឋានានា ក្នុងការសូមអនុញ្ញាតបង្កើតសប្បកម្មជាដើម»។

លោកបន្ដទៀតថា លើសពីនេះចង់ស្នើឲ្យរាជរដ្ឋាភិបាល បង្កើតគោលការណ៍កម្ចីហិរញ្ញវត្ថុមានការប្រាក់ទាបមួយព្រោះថា ការសំរួលផ្នែកហិរញ្ញវត្ថុនេះពិតជាសំខាន់ណាស់ ប្រសិនបើការប្រាក់ទាបនោះនឹងធ្វើឲ្យ SME អាចពង្រីកពី SME ខ្នាតតូចទៅជាក្រុមហ៊ុនយក្សដូចបណ្ដាប្រទេសដទៃទៀត។

សូមបញ្ជាក់ថា «ពិព័រណ៍ពាណិជ្ជកម្មផលិតផលខ្មែរ ក្នុងឱកាសយុទ្ធនាការទិញផលិតផលខ្មែរ» រដូវកាលទី៣ រៀបចំឡើងរយៈពេល៤ថ្ងៃចាប់ពីថ្ងៃទី១៨-២១ ខែតុលា ឆ្នាំ២០១៨ នៅរាជធានីភ្នំពេញ។

ពាក់ព័ន្ធនឹងព័រណ៍ពាណិជ្ជកម្មផលិតផលខ្មែរនេះ លោក ប៉ាន សូរស័ក្តិ ឲ្យដឹងថា ពិព័រណ៍នេះផ្តល់គុណប្រយោជន៍ សម្រាប់ការធ្វើសមាហរណកម្ម និងការធ្វើពិពិធកម្មកំណើនសេដ្ឋកិច្ច ព្រោះការពង្រឹងគុណភាពផលិតផលក្នុងស្រុក និងបង្កើនបរិមាណផលិតកម្ម មិនត្រឹមតែផ្តល់ការងារដល់ប្រជាជន និងបង្កើនប្រាក់ចំណូលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើឱ្យវិស័យនាំចេញរបស់កម្ពុជា មានវឌ្ឍនភាពឥតឈប់ឈរនេះ ជាការជួយជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា
ឲ្យកាន់តែខ្ពស់មួយកម្រិតទៀត។

លោករដ្ឋមន្រ្ដីបន្ដទៀតថា ក្រសួងពាណិជ្ជកម្មបានរៀបចំព្រឹត្តិការណ៍ យុទ្ធនាការទិញ ផលិតផលខ្មែរ ជោគជ័យចំនួន២រដូវកាលរួចមកហើយរដូវកាលទី១ នៅក្នុងរាជធានី-ខេត្តចំនួន៤រួមមាន៖ ខេត្តសៀមរាប, កំពង់ចាម, ខេត្តព្រះសីហនុ និងរាជធានីភ្នំពេញ និងរដូវកាលទី២នៅក្នុងរាជធានី-ខេត្តចំនួន៥រួមមាន៖ ខេត្តស្ទឹងត្រែង, បាត់ដំបង, ស្វាយរៀង, រាជធានីភ្នំពេញ និងខេត្តកែប។

សម្រាប់យុទ្ធនាការទិញផលិតផលខ្មែររដូវកាលទី៣ ក្រសួងពាណិជ្ជកម្ម បានកំណត់យករាជធានី-ខេត្តចំនួន ៦ រួមមាន៖ ខេត្តកណ្តាល, កំពង់ឆ្នាំង, បន្ទាយមានជ័យ, ព្រៃវែង, កោះកុង និងរាជធានីភ្នំពេញជាកន្លែងរៀបចំពិព័រណ៍ពាណិជ្ជកម្ម៕