(ភ្នំពេញ)៖ បុរសម្នាក់បានបាត់ស្លាកលេខរថយន្ដរបស់ខ្លួនដែលមានលេខ ភ្នំពេញ​ ​2AU-1060 ​បំពាក់នៅលើរថយន្ដម៉ាក TACOMA កាលពីអំឡុងចុងខែមេសា ឆ្នាំ២០១៨កន្លងទៅ ប៉ុន្ដែស្រាប់តែនៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៨កន្លងទៅ ក៏ឃើញបំពាក់នៅលើរថយន្ដមួយគ្រឿងទៀត ម៉ាក Lexus NX200T ដែលជាកម្មសិទ្ធិរបស់ជនជាតិចិន នៅឯខេត្តស្វាយរៀង។

ចំពោះករណីនេះ បន្ទាប់ពីអង្គភាពព័ត៌មាន Fresh News បានចុះផ្សាយ ការិយាល័យគយ និងរដ្ឋាករ ក្រុងបាវិត ខេត្តស្វាយរៀង បានចុះទៅឃាត់ទុករថយន្តរបស់ជនជាតិចិនជាបណ្តោះអាសន្ន ដើម្បីចាត់ការតាមច្បាប់។

សេចក្តីរាយការណ៍ពីភ្នាក់ងារព័ត៌មាន Fresh News ប្រចាំខេត្តស្វាយរៀង បានឲ្យដឹងថា រថយន្តLexus NX200T របស់ជនជាតិចិនត្រូវបានការិយាល័យគយ និងរដ្ឋាករ ក្រុងបាវិត ចុះទៅដកហូត ជាបណ្តោះអាសន្ន ដោយបានធ្វើកំណត់ហេតុ រួចបានបញ្ជូនទៅកាន់អគ្គនាយកដ្ឋានគយ និងរដ្ឋាករ ដើម្បីឲ្យបង់ពន្ធ និងបង់ការផាកពិន័យតាមច្បាប់ ដោយសាររថយន្តរបស់ជនជាតិចិនមួយគ្រឿងនេះ នាំចូលមិនបានបង់ពន្ធនោះទេ។

​លោក យីម ឌី មុខរបរ​បុគ្គលិកក្រុមហ៊ុនឯកជនមួយស្នាក់នៅភូមិថ្មី សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលជាម្ចាស់រថយន្ដ ម៉ាក TACOMA ពាក់ស្លាកលេខភ្នំពេញ2AU-1060 បានថ្លែងប្រាប់ភ្នាក់ងារ Fresh News អំពីដំណើររឿង​ថា ស្លាកលេខរថយន្ដរបស់លោក ភ្នំពេញ2AU-1060 ត្រូវបានចោរលួច​អំឡុងចុងខែមេសា ឆ្នាំ២០១៨កន្លងទៅ ហើយលោកក៏បានដាក់ពាក្យបណ្ដឹង នៅកាន់ប៉ុស្ដិ៍នគរបាលរដ្ឋបាលភ្លាមៗផងដែរ។

លោក យីម ឌី បានបញ្ជាក់ថា ក្រោយដាក់ពាក្យបណ្ដឹងរួចរាល់ លោកបានយកពាក្យបណ្ដឹងនេះ ទៅស្នើសុំនៅមន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានីភ្នំពេញ ដើម្បី​ធ្វើស្លាកលេខដែលបាត់នោះថ្មីឡើងវិញ និងយកមកបំពាក់នៅលើរថយន្ដរបស់លោក។

ម្ចាស់រថយន្ដរូបនេះ បានបន្ថែមថា នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៨ម្សិលមិញនេះ លោក និងក្រុមគ្រួសារ បានធ្វើដំណើរកម្សាន្ដទៅកាន់ខេត្តស្វាយរៀង លុះទៅដល់ក្រុងបាវិត ស្រាប់តែប្រទះឃើញរថយន្ដម៉ាក Lexus NX200T ពណ៌ខ្មៅ ដែលជាកម្មសិទ្ធរបស់ជនជាតិចិនឈ្មោះ ចាង បាវយាង អាយុ៤២ឆ្នាំ ពាក់ស្លាកលេខរថយន្ដរបស់លោក គឺ ភ្នំពេញ2AU-1060 ដែលបានបាត់កាលពីពេលកន្លងទៅ។

ភ្លាមនោះ​បន្ទាប់ពីលោក​ក៏បានទៅប្ដឹង នៅប៉ុស្ដិ៍នគរបាលរដ្ឋបាល​​ក្បែរទីតាំងដែលលោកប្រទះឃើញរថយន្ដ ដើម្បីធ្វើការអន្ដរាគមន៍ និងសុំដកយកស្លាកលេខនោះត្រឡប់មកវិញ។

បើតាមលោក យីម ឌី បន្ទាប់ពីបានពិនិត្យឯកសារបញ្ជាក់ (កាតគ្រី) រួចរាល់ ទើបឃើញថា កាតគ្រីរបស់ជនជាតិចិននោះ ជាកាតគ្រីក្លែងក្លាយ ព្រោះស្គែន QR Code មិនចេញនោះឡើយ។ ហើយជនជាតិចិន ដែលជាម្ចាស់រថយន្ដ Lexus នោះបានអះអាងថា រថយន្ដនេះខ្លួនទិញតពីអ្នកធំ ទើបតែមានមួយខែប៉ុណ្ណោះ ដែលមានតម្លៃជាង៣ម៉ឺនដុល្លារ៕