(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ទោ ង្វៀន គួកធឿក ប្រធានប្រតិភូសាខាសមាគមមិត្តភាព ​យោធភូមិ​ភាគ​និរតីវៀតណាម ប្រចាំរដ្ឋធានីហាណូយ បានថ្លែងថា រូបលោកផ្ទាល់ និងប្រតិភូអមដំណើរទាំងអស់ មានសេចក្តីរំភើប​ឥតគណនា ​បន្ទាប់ពីបានមកដល់​​ប្រ​ទេស​​កម្ពុជា និងបានឃើញការរីកចម្រើនមិនអាចនឹកមិនស្មានដល់ បើ​ប្រៀប​​ធៀប​​ទៅនឹង​អតីត​កាល៤០ឆ្នាំមុន។

លោកបន្តថា មូលហេតុដែលលោកនិយាយដូច្នេះ ព្រោះលោកជាសាក្ស៉ីរស់មួយរូប ដែល​បាន​ចូលរួ​ម​​ក្នុង​ជួរ​កង​ទ័ព​ស្ម័គ្រ​ចិត្ត​វៀត​ណាម ដើម្បីរំដោះប្រទេសជាតិ និងប្រជាជនកម្ពុជាពីរបប ប៉ុល ពត រហូត​ទទួល​បានជោគជ័យ នាថ្ងៃជ័យជន្នះ ៧ មករា ១៩៧៩ ។

​ការលើកឡើងរបស់លោកឧត្តមសេនីយ៍ទោ ង្វៀន គួក​​ធឿក បានធ្វើឡើង​គ្រា​ដែល​គណៈប្រតិភូលោក បានមកទស្សនកិច្ចនៅកម្ពុជា និងត្រូវបានលោកស្រី ម៉ែន សំអន ឧប​នាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច អនុញ្ញាតឲ្យចូលជួបសម្តែងការសម នៅទីស្តីការក្រសួង នៅព្រឹកថ្ងៃ​ទី១៩ ខែតុលា ឆ្នាំ២០១៨នេះ មុនពេលដែល​ប្រតិភូលោក បន្តដំណើរ​ទៅ​បំពេញ​ទស្សនកិច្ច នៅខេត្តសៀមរាប។

​លោកស្រី ម៉ែន សំអន បានអបអរសាទរចំពោះដំណើរទស្សនកិច្ច របស់​ប្រតិភូ​​នាពេលនេះ បន្ទាប់ពីប្រជាជនកម្ពុជា ទើបតែបញ្ចប់ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌថ្មីៗ ពិសេស​រដ្ឋ​សភា និងរាជរដ្ឋាភិបាលនីតិកាលទី៦ កំពុងដំ​ណើរ​​ការយ៉ាងល្អ ទាំងទិដ្ឋភាពនយោបាយ សេដ្ឋកិច្ចនិងសន្តិសុខជាតិ តាមរយៈនៃការបោះឆ្នោតប្រកបដោយតម្លាភាព ត្រឹមត្រូវ យុត្តិធម៌ ប្រជាធិបតេយ្យ សេរីពហុបក្ស តាមរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា។

​លោកស្រីឧបនាយករដ្ឋមន្ត្រី បានរំឭកអំពីចំណងមិត្តភាព រវាងប្រជាជននិងប្រទេស​ទាំង​ពីរ ដែលមានជាប្រវត្តិសាស្ត្រ ជាយូរលង់ណាស់មកហើយ ក្នុងឋានៈជាអ្នកជិតខាងល្អ ធ្លាប់បានតស៊ូប្រ​ឆាំង​សត្រូវរួមគ្នា និងបានសហការជួយគ្នាទៅវិញទៅមក ទាំង​សន្តិ​​សុខ ទាំងការពង្រីកសក្តានុ​ពល​សេដ្ឋ​កិច្ច ពាណិជ្ជកម្ម ក្នុងក្របខណ្ឌជាតិ និងក្របខណ្ឌឯកជន។ លោកស្រីថា ប្រទេសទាំងពីរចាំមិនភ្លេចទេ ដែលកង​ទ័ព​ប្រ​ជា​ជន​វៀតណាមបានស្ម័គ្រចិត្តជួយរំដោះ​ប្រ​ជា​​ជនកម្ពុជា ឲ្យ​រួចចាកផុតពីរបបកម្ពុជា​ប្រជាធិបតេយ្យ ​ប្រ​ល័យ​ពូជសាសន៍ ប៉ុល ពត។

​លោក ង្វៀន គួកធឿក បានថ្លែងអំណរគុណលោកស្រី ម៉ែន សំអន ដែល​បាន​អនុញ្ញាតឲ្យប្រតិភូ ចូលជួបសម្តែងការគួរសម ព្រមទាំងបានបង្ហាញ​ពីវឌ្ឍនភាព​​របស់​កម្ពុជានា​ពេល​បច្ចុប្បន្ន ដែលអាចវាយតម្លៃបានថា កម្ពុជាពិតជា ព្រះរា​ជា​ណា​ចក្រ​អច្ឆិរយៈ ដែលខុសគ្នាដាច់​ស្រឡះ​កាល​ពី​៤០ឆ្នាំ​កន្លងទៅ ព្រោះពីមុនជា​ទី​វាល​​ពិ​ឃាត និង​ហេដ្ឋា​រចនាសម្ព័ន្ធនានា​​​ស្ថិត​នៅ​ក្នុង​ចំណុចសូន្យ។ លោកបន្តថា ឥឡូវកម្ពុជាបានក្លាយជាកន្លែងអភិវឌ្ឍន៍ឥតឈប់ឈរ ជីវភាពប្រជាជនសម្បូរធូរធារ និងបាន​ក្លាយ​ជាប្រ​ទេស​ជាតិមួយ​ស្មើ​មុខ​ស្មើមាត់​ជាមួយ​បណ្តា​ប្រទេសអភិវឌ្ឍន៍ផងដែរ។

​ជាការឆ្លើយតប ក្នុងនាមសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា លោកស្រី ម៉ែន សំអន បាននាំការសួរសុខទុក្ខ ពីសម្តេចតេជោ ផ្ញើជូនប្រតិភូទាំងអស់ប្រកបដោយការនឹករឭក និងសូម​ឲ្យ​កង​ទ័ពនិងប្រជាជន នៃប្រទេសទាំងពីរ បន្តកិច្ចសហការគ្នាឲ្យកាន់រឹងមាំថែមទៀត ក្នុងន័យបម្រើឲ្យ​ផល​​ប្រយោជន៍រួម ដើម្បីជ្រោងទង់កសាងជាតិឲ្យកាន់តែអភិវឌ្ឍន៍ខ្លាំងក្លា ស្មើភាពគ្នាជាមួយប្រទេស​ក្នុង​តំបន់ និងនៅលើពិភពលោក។ លោកស្រីជូនពរសុំឲ្យដំណើទេសចរណ៍ របស់ប្រតិភូវៀតណាមទៅកាន់ខេត្តសៀមរាប និងទៅកាន់តំបន់ផ្សេងៗទៀត នៅក្នុងប្រទេសកម្ពុជា ឲ្យទទួលបានជោគជ័យផងដែរ៕