(ភ្នំពេញ)៖ នៅថ្ងៃទី១៩​ ខែតុលា​ ឆ្នាំ២០១៨ ក្រោមកិច្ចសហការពីក្រុមហ៊ុន «ថប សាមមីត ហ្គាមេន អ៊ីន»​ លោក​ លឹម​ តុងហួត​ ប្រធាននាយកដ្ឋាននីតិកម្ម​ អប់រំ​ និងស្តារនីតិសម្បទា នៃ​អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានដឹកនាំក្រុមការងារចុះផ្សព្វផ្សាយពីបញ្ហានានា ដែលកើតពីឥទ្ធិពលនៃគ្រឿងញៀន​ដល់បុគ្គលិក​ កម្មករ​ និយោជិក​ជាង២៥០នាក់​។

លោកស្រី​ ម៉ៅ​ សោភា​ តំណាងក្រុមហ៊ុន​បានស្វាគមន៍ និងថ្លែងអំណរគុណដល់អគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលបានយកចិត្តទុកដាក់ដល់សុខភាពបងប្អូនកម្មករ​ និយោជិកយើង តាមរយៈការផ្តល់កិច្ចសហការចូលរួមកម្មវិធីនេះ​ ហើយក្រុមហ៊ុនលោកស្រី រីករាយចូលរួមអនុវត្តយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ជាមួយរាជរដ្ឋាភិបាល​ ដើម្បីបង្ការទប់ស្កាត់បញ្ហាគ្រឿងញៀន​ ទោះបីជាក្រុមហ៊ុនរបស់លោកស្រី មិនមែនជាទីតាំងរក្សាទុក​ ដាំដុះ​ ផលិត​ ចែកចាយ​ ជួញដូរ​ និងប្រើប្រាស់គ្រឿងញៀនក៏ដោយ​។

ក្នុងឱកាសនោះ​ លោក​ លឹម​ តុងហួត​ បានកោតសសើរដោយស្មោះចំពោះក្រុមហ៊ុន ដែលបានចូលរួមជាមួយរាជរដ្ឋាភិបាល​ និងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន​ធ្វើការងារបង្ការ​ ទប់ស្កាត់បញ្ហាគ្រឿងញៀន ​ដែលជាបញ្ហាចម្បងនាំឲ្យមានអំពើហឹង្សានិងឧក្រិដ្ឋកម្ម​។ ក្នុងឱកាសនោះដែរ​ លោក​ លឹម​ តុងហួត បានបន្ថែមថា​ គ្រឿងញៀនបំផ្លាញអ្វីៗទាំងអស់រួមទាំងសុភមង្គលគ្រួសារ​ ទ្រព្យសម្បត្តិ​ នាំទុក្ខវេទនាដល់ក្រុមគ្រួសារ​ និងផល់វិបាកដល់សង្គមជាតិ​។

ជាមួយគ្នានេះ​ លោក​ លឹម​ តុងហួត​ ក៏បានអបអរសាទរដល់ការរីកចម្រើន និងជោគជ័យលើការរកស៊ីរបស់ក្រុមហ៊ុន ​ជួយបង្កើតការងារ និងចំណូលជូនប្រជាពលរដ្ឋយើងបានចំនួនជាង៤២០០កន្លែង​ ហើយបងប្អូនយើងជាបុគ្គលិក​ កម្មករ​ និយោជិកត្រូវតែចៀសឲ្យឆ្ងាយពីគ្រឿងញៀន​ និងជួយ​ផ្សព្វផ្សាយបន្តដល់ក្រុមគ្រួសារ​ និងមនុស្សជាទីស្រលាញ់​ដោយមិនត្រូវទទួលយកនូវរាល់ឱសថ​អ្វីដែលយើងមិនបានស្គាល់ ឬមិនដឹងប្រភពច្បាស់លាស់យកមកប្រើប្រាស់ឡើយ​ព្រោះអាចជាគ្រឿងញៀន ហើយជនល្មើសប្រើល្បិចបោកបញ្ឆោតទាក់ទាញឲ្យប្រើប្រាស់៕