(កំពង់ធំ)៖ ប្រជាពលរដ្ឋប្រមាណជាង១ពាន់នាក់ នៅស្រកបារាយណ៍ ខេត្តកំពង់ធំ បានទទួលនូវសេវាពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃ ពីក្រុមវេជ្ជបណ្ឌិតស្ម័គ្រចិត្តវៀតណាម «តាំវៀត» ដែលជាក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់វៀតណាម ប្រចាំនៅកម្ពុជា។

សកម្មភាពមនុស្សធម៌នេះ ដំណើរការចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៨ នៅគេហដ្ឋានលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ក្រោមការសហការរៀបចំយ៉ាងជិតស្និទ្ធ ពីក្រុមមន្ត្រីរាជការនៃក្រសួងទេសចរណ៍ និងគ្រូពេទ្យស្រុកប្រចាំការ រីឯក្រុមគ្រូពេទ្យវៀតណាមមានចំនួន ១៨០នាក់។

តាមការសង្កេតប្រជាពលរដ្ឋប្រមាណជាង ១,០០០នាក់ មកពីឃុំចំនួន៣នៃស្រុកបារាយណ៍ បាននាំគ្នាចូលមកទទួលការពិនិត្យ និងព្យាបាលជំងឺ ដូចជាជំងឺកុមារ ជំងឺស្ត្រី និងជំងឺមនុស្សចាស់ ពីក្រុមគ្រូពេទ្យស្ម័គ្រចិត្តវៀតណាម ដែលរងចាំទទួលពិនិត្យព្យាបាលដោយទឹកមុខស្រស់ស្រាយរាក់ទាក់ ប្រកបដោយការទទួលខុសត្រូវ។ ចំពោះប្រជាពលរដ្ឋទាំង១,០០០នាក់ ដែលមកទទួលការពិនិត្យ និងព្យាបាលជំងឺ នាពេលនោះ រួមមានពលរដ្ឋមកពីឃុំបារាយណ៍ ឃុំឈូកខ្សាច់ និងឃុំទ្រៀល។

លោក តុប សុភ័ក អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ តំណាងលោករដ្ឋមន្ត្រី ថោង ខុន បានថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមគ្រូពេទ្យស្ម័គ្រចិត្តវៀតតាំ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលលះបង់ពេលវេលាមកជួយពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋកម្ពុជា និយាយរួម និងនិយាយដោយឡែក ប្រជាពលរដ្ឋស្រុកបារាយណ៍ដោយឥតគិតថ្លៃនាពេលនេះ។

សូមជម្រាបថា កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៨ ក្រុមគ្រូពេទ្យ និងនិស្សិតមកពីសហរដ្ឋអាមេរិក សហការជាមួយក្រុមគ្រូពេទ្យស្រុកបារាយណ៍ បានចុះជួយការងារសង្គម និងពិនិត្យ ព្យាបាលជំងឺដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋស្រុកបារាយណ៍សរុបប្រមាណ ១,០០០នាក់ នៅគេហដ្ឋានលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដែលមានសកម្មភាពដូចជាការអប់រំសុខភាព ការពិនិត្យ ព្យាបាលជំងឺមាត់-ធ្មេញ ការជួយសង្គ្រោះបឋម ការផ្តល់វ៉ែនតាម៉្ញូប និងវ៉ែនតាការពារពន្លឺថ្ងៃ ការផ្តល់ដៃសិប្បនិម្មិត ការពិនិត្យសុខភាពស្រ្តី និងការពិនិត្យ សម្ពាធឈាម កង្វះឈាមក្រហម និងកម្រិតជាតិស្ករក្នុងឈាម៕