(ភ្នំពេញ)៖ ក្នុងឱកាសដែលអញ្ជើញចូលរួមកិច្ចប្រជុំ ឧត្តមក្រុមប្រឹក្សាអង្គការសម្ព័ន្ធឥស្លាមពិភពលោក នៅអារ៉ាប៊ីសាអីឌីត ពីថ្ងៃ​១៧-១៩ ខែតុលា ឆ្នាំ​២០១៨ លោក អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបេសកកម្មពិសេស បានអញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយថ្នាក់ដឹកនាំសំខាន់ៗ របស់អារ៉ាប៊ីសាអូឌីត។

នៅក្នុងឱកាសនោះ លោក អូស្មាន ហាស្សាន់ បានជួបពិភាក្សាការងារជាមួយលោក អាប់ឌុលឡោះ អាលិម អគ្គលេខាធិការរង នៃអង្គការសហប្រតិបត្តិការឥស្លាម (OIC) នៅទីស្តីការអង្កការ និងបានរៀបរាប់អំពីស្ថានការណ៍នៅកម្ពុជាក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ​មានការរីកចម្រើនទៅមុខជានិច្ច ព្រមទាំងសហគមន៍ខ្មែរឥស្លាមផងដែរ។

ទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ បានជំរុញឲ្យអង្គការនេះ ធ្វើយ៉ាងណាពិនិត្យឡើងវិញនូវការដាក់ចូលកម្ពុជា ជាសមាជិកអង្កេតការណ៍ប្រចាំនៅអង្គការនេះ។

ជាកិច្ចឆ្លើយតប អគ្គលេខាធិការរងកោតសរសើរពី គោលនយោបាយសុខដុមរមនីយកម្មដ៏ល្អប្រពៃ ក្រោមការដឹកនាំរបស់សម្តេច​តេជោ ហ៊ុន សែន បានធ្វើឲ្យកេរ្ដិ៍ឈ្មោះកម្ពុជា ល្បីរន្ទឺ​នៅលើឆាកអន្តរជាតិ និយាយដោយឡែកបណ្តាប្រទេសសមាជិកអង្គការ OIC ទាំង៥៧ តែងតែបានកោតសរសើរស្ញប់ស្ញែងពីវីរភាព និងភាពជាអ្នកដឹកនាំប្រកបដោយទំនួលខុសត្រូវដ៏ខ្ពងខ្ពស់របស់សម្តេចតេជោ។​

ក្នុងនាម OIC ដោយមើលឃើញពីលក្ខណៈសម្បត្តិគ្រប់គ្រាន់របស់កម្ពុជា ដែលសាកសមបំផុត នឹងត្រូវបានចូលជាសមាជិកសង្កេតការណ៍ បានសន្យាថា នឹងព្យាយាមដាក់បញ្ចូលប្រធានបទ នៃការស្នើសុំជាសមាជិកសង្កេតការណ៍ពីបេក្ខភាពកម្ពុជា ទៅក្នុងសម័យប្រជុំខាងមុខ។

ក្នុងឱកាសនេះដែរ លោកអគ្គលេខាធិការរង ក៏បានជម្រាបថា OIC មានគម្រោង នឹងរៀបចំសិក្ខាសាលាមួយនៅកម្ពុជា ស្តីពីសន្ទនាអន្តរសាសនា នៅខែកក្កដា ឆ្នាំ២០១៩ ហើយជាការឆ្លើយតប​ លោកទេសរដ្ឋមន្ត្រី ស្វាគមន៍ OIC សម្រាប់គម្រោងដែលលើកឡើង ហើយរីករាយនឹងជួយសម្រសម្រួលរឿងនេះ ព្រមទាំងសហការអញ្ជើញថ្នាក់ដឹកនាំកំពូលៗដើម្បីចូលរួមជាកិត្តិយសផងដែរ៕