(ភ្នំពេញ)៖ មន្ត្រី​កាំកុងត្រូល​ សាខាអាកាស​យានដ្ឋាន​អន្តរជាតិ​ភ្នំពេញ នាព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៨នេះ បានចុះត្រួតពិនិត្យ​ គុណភាព​ សុវត្ថិភាព​ ផលិតផលទំនិញ​ ម្ហូបអាហារ​ នៅផ្សារ​ជម្ពូវ័ន្ត រាជធានីភ្នំពេញ ដើម្បីស្វែងរកសារធាតុគីមី​ ច្បាប់ហាមឃាត់ ដែលនាំឲ្យប៉ះពាល់ ដល់សុខភាពអ្នកបរិភោគ។

ការចុះត្រួតពិនិត្យ​គុណភាព សុវត្ថិភាពផលិតផលទំនិញ ខាងលើនេះ ដឹកនាំដោយលោក ចាន់ ភាហឿន អនុប្រធានប៉ុស្តិ៍, លោក តន់ បូរ៉ា, លោក អាង មីនា, លោក លីហេង ប៊ុនឡែន និងមានកិច្ចសហការពី មន្ត្រីមន្ទីរ ពិសោធន៍របស់អគ្គនាយកដ្ឋានកាំកុងត្រូល និងរថយន្តពិសោធន៍ចល័ត មន្ត្រីប្រចាំការ សាខាកាំកុងត្រូលតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ និងមន្រី្តមន្ទីរពាណិជ្ជកម្ម គណៈកម្មការផ្សារជម្ពូវ័ន។

ក្នុងឱកាសនោះ មន្ត្រី​កាំកុងត្រូល ក៏បានណែនាំដល់អាជីវករ​ អំពីការរក្សាទុកទំនិញ ​ឲ្យបានត្រឹមត្រូវ និងយល់ដឹងអំពីការទទួលខុសត្រូវចំពោះច្បាប់​ លើផលិតផល​ ទំនិញ​ ម្ហូបអាហារ​របស់ខ្លួន​ ដែលដាក់តាំងលក់ កាលណា មានប៉ះពាល់ដល់សុខភាពធ្ងន់ធ្ងរ ភាពប្រឈមនឹងមុខច្បាប់ ដល់អាជីវករ ដែលបាននាំយក និងទទួលមកដាក់លក់ នូវរាល់មុខទំនិញ ដែលគ្មានគុណភាព និងគ្មានប្រភពដើមច្បាស់លាស់ជាដើម។

មន្ត្រី​កាំកុងត្រូល​ សាខាអាកាស​យានដ្ឋាន​អន្តរជាតិ​ភ្នំពេញ បានយកគំរូ ផលិត ម្ហូបអាហារ ចំនួន២០គំរូ ដូចជា៖ ផលិតផលគ្រឿងសមុទ្រ, ប្រហិតគ្រប់ប្រភេទ និង ផ្អកម៉ាំ ប្រហុកជាដើម -ល- ដើម្បីស្វែងរកសារធាតុគីមី​ ច្បាប់ហាមឃាត់ ដែលនាំឲ្យប៉ះពាល់ ដល់សុខភាពអ្នកបរិភោគ។

ជាលទ្ធផលក្រោយពីបាន ធ្វើវិភាគបឋមនៅនឹងកន្លែង ដោយមន្ត្រីមន្ទីរពិសោធន៍ រថយន្តពិសោធន៍ចល័ត៖ បានរកឃើញនៅក្នុងប្រហិតត្រីឆ្លាត មានវត្តមានសារធាតុគីមីហាមឃាត់ (បូរ៉ាក់ ) ចំនួន២.៥០គីឡូក្រាម។ សមត្ថកិច្ច បានធ្វើនិតិវិធីដកហូតយក ទៅកំទេចចោល និងកំពុងស្រាវជ្រាវបន្ត រកប្រភពចែកចាយផងដែរ៕