(ក្រចេះ)៖ នគរបាលស្រុកព្រែកប្រសព្វ បានឃាត់ខ្លួនបុរសម្នាក់ ខណៈដែលជនសង្ស័យម្នាក់ទៀតកំពុងរត់គេចខ្លួន បន្ទាប់ពីអ្នកទាំង២បានទាស់សំដីគ្នា រឿងបើកគោយន្ដកន្ត្រៃកាត់មុខផ្ទះ បង្កជាហិង្សាបណ្ដាលឱ្យបុរសម្នាក់រងរបួសជាទំងន់។

ហេតុការណ៍នេះ បានកើតឡើងនៅរសៀលថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៨ នៅចំនុចទួលត្នោត ភូមិស្ទឹងទ្រ ឃុំតាម៉ៅ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ។

នគរបាលស្រុកព្រែកប្រសព្វបានឱ្យដឹងថា ជនសង្ស័យទី១៖ ឈ្មោះ នៅ ណាត ភេទប្រុស អាយុ៥០ឆ្នាំ មុខរបរកសិករ និងម្នាក់ទៀតពុំទាន់ស្គាល់អត្តសញ្ញាណ (រត់គេចខ្លួនបាត់) អ្នកទាំងពីរ រស់នៅភូមិ ឃុំកើតហេតុ។ ចំណែកជនរងគ្រោះឈ្មោះ ទ្រី ប៉េង ភេទប្រុស អាយុ៤៤ឆ្នាំ មុខរបរ កសិករ រស់នៅភូមិ ឃុំជាមួយជនសង្ស័យ។

នគរបាលបន្តទៀតថា មុនពេលកើតហេតុ ជនសង្ស័យបានបើកគោយន្តកន្ត្រៃមកពីស្រែ ធ្វើដំណើរមកដល់ចំនុចកើតហេតុ ត្រូវបានជនរងគ្រោះបិទផ្លូវឃាត់មិនឱ្យបើកទៅមុខ ឱ្យវាងតាមផ្លូវផ្សេងវិញ តែនិយាយគ្នាពុំស្ដាប់ក៏ឈ្លោះប្រតាយប្រតប់គ្នា ខណៈពេលនោះជនសង្ស័យបានយកឈើជ្រុង វាយទៅលើជនរងគ្រោះចំក្បាលបែកហូរឈាមរហាម។

ក្រោយពីកើតហេតុ កម្លាំងនគរបាលបានចុះដល់កន្លែងកើតហេតុ ធ្វើការឃាត់ខ្លួនឈ្មោះ នៅ ណាត យកមកសួរនាំនៅប៉ុស្តិ៍តាម៉ៅ ចំណែកជនសង្ស័យម្នាក់ក្រោយពីធ្វើសកម្មភាពរួចវបានត់គេចខ្លួនបាត់ស្រមោល៕