(ភ្នំពេញ)៖ បុរសម្នាក់បានបាត់ស្លាកលេខរថយន្ដរបស់ខ្លួនដែលមានលេខ ភ្នំពេញ​ ​2AU-1060 ​បំពាក់នៅលើរថយន្ដម៉ាក TACOMA កាលពីអំឡុងចុងខែមេសា ឆ្នាំ២០១៨កន្លងទៅ ប៉ុន្ដែស្រាប់តែនៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៨ម្សិលមិញ ក៏ឃើញបំពាក់នៅលើរថយន្ដមួយគ្រឿងទៀត ម៉ាក Lexus NX200T ដែលជាកម្មសិទ្ធិរបស់ជនជាតិចិន នៅឯខេត្តស្វាយរៀង។

តាមការបំភ្លឺរបស់​លោក យីម ឌី មុខរបរ​បុគ្គលិកក្រុមហ៊ុនឯកជនមួយស្នាក់នៅភូមិថ្មី សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលជាម្ចាស់រថយន្ដ ម៉ាក TACOMA ពាក់ស្លាកលេខភ្នំពេញ2AU-1060 បានថ្លែងប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងនៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៨នេះ អំពីដំណើររឿង​ថា ស្លាកលេខរថយន្ដរបស់លោក ភ្នំពេញ2AU-1060 ត្រូវបានចោរលួច​អំឡុងចុងខែមេសា ឆ្នាំ២០១៨កន្លងទៅ ហើយលោកក៏បានដាក់ពាក្យបណ្ដឹង នៅកាន់ប៉ុស្ដិ៍នគរបាលរដ្ឋបាលភ្លាមៗផងដែរ។

លោក យីម ឌី បានបញ្ជាក់ថា ក្រោយដាក់ពាក្យបណ្ដឹងរួចរាល់ លោកបានយកពាក្យបណ្ដឹងនេះ ទៅស្នើសុំនៅមន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានីភ្នំពេញ ដើម្បី​ធ្វើស្លាកលេខដែលបាត់នោះថ្មីឡើងវិញ និងយកមកបំពាក់នៅលើរថយន្ដរបស់លោក។

ម្ចាស់រថយន្ដរូបនេះ បានបន្ថែមថា នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៨ម្សិលមិញនេះ លោក និងក្រុមគ្រួសារ បានធ្វើដំណើរកម្សាន្ដទៅកាន់ខេត្តស្វាយរៀង លុះទៅដល់ក្រុងបាវិត ស្រាប់តែប្រទះឃើញរថយន្ដម៉ាក Lexus NX200T ពណ៌ខ្មៅ ដែលជាកម្មសិទ្ធរបស់ជនជាតិចិនឈ្មោះ ចាង បាវយាង អាយុ៤២ឆ្នាំ ពាក់ស្លាកលេខរថយន្ដរបស់លោក គឺ ភ្នំពេញ2AU-1060 ដែលបានបាត់កាលពីពេលកន្លងទៅ។

ភ្លាមនោះ​បន្ទាប់ពីលោក​ក៏បានទៅប្ដឹង នៅប៉ុស្ដិ៍នគរបាលរដ្ឋបាល​​ក្បែរទីតាំងដែលលោកប្រទះឃើញរថយន្ដ ដើម្បីធ្វើការអន្ដរាគមន៍ និងសុំដកយកស្លាកលេខនោះត្រឡប់មកវិញ។ ប៉ុន្ដែសមត្ថកិច្ចមិនទាន់អាចដកស្លាកលេខនោះមកវិញបានទេ ព្រោះតម្រូវឲ្យមានឯកសារបញ្ជាក់ជាថ្មី ដែលចេញដោយមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ។

បើតាមលោក យីម ឌី បន្ទាប់ពីបានពិនិត្យឯកសារបញ្ជាក់ (កាតគ្រី) រួចរាល់ ទើបឃើញថា កាតគ្រីរបស់ជនជាតិចិននោះ ជាកាតគ្រីក្លែងក្លាយ ព្រោះស្គែន QR Code មិនចេញនោះឡើយ។ ហើយជនជាតិចិន ដែលជាម្ចាស់រថយន្ដ Lexus នោះបានអះអាងថា រថយន្ដនេះខ្លួនទិញតពីអ្នកធំ ទើបតែមានមួយខែប៉ុណ្ណោះ ដែលមានតម្លៃជាង៣ម៉ឺនដុល្លារ។

យ៉ាងណាមិញ សម្រាប់ករណីរថយន្ដពីរគ្រឿង មានស្លាកលេខជាន់គ្នានេះ អង្គភាព Fresh News មិនទាន់អាចសុំបញ្ជាក់ពីម្ចាស់រថយន្ដ Lexus ដែលជាជនជាតិចិនបាននោះទេ គិតត្រឹមល្ងាចថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៨នេះ។

ជុំវិញបញ្ហានេះ លោក យីម ឌី មិនចង់បានអ្វីបន្ថែមនោះទេ ​គ្រាន់តែចង់បានស្លាកលេខរថយន្ដដែលលោកបាត់នោះមកវិញប៉ុណ្ណោះ ប៉ុន្ដែសមត្ថកិច្ចមិនទាន់អាចដកមកវិញភ្លាមៗនោះទេ ព្រោះតម្រូវបំពេញឯកសារតាមនីតិវិធីជាមុនសិន ហើយលោកក៏សូមប្រកាសផងដែរថា ស្លាកលេខភ្នំពេញ2AU-1060 គឺជាកម្មសិទ្ធរបស់លោកដែលបំពាក់នៅលើរថយន្ដ ម៉ាក TACOMA ហើយបើបំពាក់នៅលើរថយន្ដផ្សេង​ គឺមិនជាប់ពាក់ព័ន្ធជាមួយលោកឡើយ៕​