(កំពង់ចាម)៖ ស្នងការនគរបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជា​ខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ទោ ឯម កុសល បានដឹកនាំគណៈស្នងការ កងកម្លាំងប្រដាប់អាវុធទាំងបី និងសមាជិក សមាជិកា​ពាក់ព័ន្ធ​ក្នុងស្រុកស្ទឹងត្រង់ ​ចូលរួមគោរពវិញ្ញាណក្ខន្ធសព លោក អំ លាងហេង អតីតអធិការនគរបាលស្រុកស្ទឹងត្រង់ ដែលបានទទួលមរណភាព។

ក្នុងការអញ្ជើញគោរពវិញ្ញាណក្ខន្ធសព លោក អំ លាងហេង នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៨ លោកឧត្តមសេនីយ៍ ឯម កុសល និងសហការី បានអុជធូបបួងសួងឧទ្ទិស ទៅដល់វិញ្ញាណក្ខន្ធទាំងអារម្មណ៍ក្រៀមក្រំ និងសោកស្តាយយ៉ាងខ្លាំង ក្នុងការបាត់បង់នូវអតីតអធិការដ៏សកម្មម្នាក់ ដែលធ្លាប់បានបម្រើជាតិមាតុភូមិ អស់រយៈពេលច្រើនឆ្នាំកន្លងមក។

ក្នុងឱកាសនោះ លោកបាននាំយកនូវថវិការបស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម សរុបចំនួន​១,៩៦០,០០០រៀល និង​ប្រាក់៨០ដុល្លារ, អង្ករ​០១បេ, ទឹកក្រូច០៥កេះ​, ទឹកសុទ្ធ០៥កេះ និងថវិការបស់​សមាគមអតីតយុទ្ធជនកម្ពុជា ចំនួន​៤,០០០,០០០រៀល ដែលមាន​សម្ដេចតេជោ ហ៊ុន សែន ​ជាប្រធាន​ថវិកាទាំងនេះ បានប្រគល់ជូនគ្រួសារ នៃសព ដើម្បីចាត់ ចែងធ្វើបុណ្យតាមគន្លងប្រពៃណីព្រះពុទ្ធសាសនា ដែលអ្នកទទួលបណ្ដាំឈ្មោះ​ ហេង ដាវី ត្រូវជាកូនបង្កើត រស់នៅភូមិព្រែកបារាំង ឃុំព្រែកកក ស្រុកស្ទឹងត្រង់។

សូមជម្រាបថា លោក អំ លាងហេង បានទទួលមរណភាព​ក្នុងជន្មាយុ៦៤ឆ្នាំ ដោយរោគាពាធ កាលពីវេលា​ម៉ោង០៦៖​៥២នាទីយប់ ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៨៕