(ភ្នំពេញ)៖​ សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា(E-Sport) បានទទួលដៃគូអភិវឌ្ឍន៍វិស័យកីឡាទំនើបមួយទៀតហើយ បន្ទាប់ពីក្លឹប NET MCT E-sport ត្រូវបានប្រកាសសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវការ និងមានការទទួលស្គាល់ពីសហព័ន្ធ ដែលធ្វើឡើងក្រោមវត្តមានលោក ជា ច័ន្ទបរិបូរណ៍ រដ្ឋលេខាធិការក្រសួងព័ត៌មាន និងអនុប្រធានសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា កាលពីល្ងាចមិញ ។

លោក ជា ច័ន្ទបូរិបូរណ៍ បានប្រកាសទទួលស្គាល់ក្លឹប NET MCT E-sport ក្រោយពិធីកាត់ខ្សែបូរ និងរំពឹងយ៉ាងមុតមាំថា ក្លឹបថ្មី ដែលវិនិយោគអស់ជាង ៣០ម៉ឺនដុល្លារនេះ នឹងក្លាយជាដៃគូថ្មីមួយទៀត ក្នុងការរួមចំណែកអភិវឌ្ឍន៍វិស័យកីឡាអេឡិចត្រូនិកកម្ពុជាឲ្យកាន់តែរីកចម្រើន និងក្លាយជាកន្លែងបណ្ដុះបណ្ដាលធនធានកីឡាករ-កីឡាការិនីឆ្នើមៗ សម្រាប់ចម្រាញ់ត្រៀមចូលរួមការប្រកួតថ្នាក់ជាតិ និងអន្ដរជាតិនានា ពិសេសគឺដំណើរឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ តែម្ដង ។

ក្នុងនាមសហព័ន្ធ រដ្ឋលេខាធិការក្រសួងព័ត៌មានខាងលើ បានវាយតម្លៃខ្ពស់ ចំពោះស្ដង់ដាររបស់ក្លឹបកីឡាអេឡិចត្រូនិកថ្មីនេះ ដែលត្រូវបានស្ថាប័នអន្ដរជាតិផ្ដល់ចំណាត់ថ្នាក់កម្រិតផ្កាយ-៣ ក្នុងការរៀបចំហេដ្ឋារចនាសម្ព័ន្ធ គ្រឿងបរិក្ខា និងឧបករណ៍សម្រាប់ប្រកួត ពិសេសគឺមានកន្លែងប្រកួតកម្រិតស្ដង់ដារ ដែលសហព័ន្ធរំពឹងក្លឹប NET MCT E-sport នឹងក្លាយជាកន្លែងមួយ សម្រាប់រៀបចំការប្រកួតថ្នាក់ជាតិ និងកម្រិតតំបន់នាពេលអនាគត ។ តែយ៉ាងណាលោកក៏ស្នើឲ្យម្ចាស់ក្លឹប ត្រូវគោរពតាមបទបញ្ជារបស់សហព័ន្ធ ដើម្បីជំរុញក្លឹបឲ្យដំណើរការរលូន និងទទួលបានជោគជ័យផងដែរ ។

ទន្ទឹមជាមួយគ្នា លោក សូវ ឆាយ ម្ចាស់ក្លឹប NET MCT E-sport បានអះអាងថា ក្លឹបរបស់ខ្លួន នឹងគោរពតាមលក្ខខណ្ឌផ្សេងៗ ដែលសហព័ន្ធបានចែង ដើម្បីក្លាយជាផ្នែកមួយ ក្នុងការរួមចំណែកអភិវឌ្ឍន៍វិស័យកីឡាអេឡិចត្រូនិកកម្ពុជា ពិសេសគឺលោកបានប្ដេជ្ញាប្រតិបត្តិតាមក្រមសីលធម៌កីឡា ដូចជាមិនអនុញ្ញាតឲ្យប្រើពាក្យមិនសមរម្យក្នុងបណ្តាញសង្គម ដែលអាចបង្កជាជម្លោះមិនអនុញ្ញាតឲ្យជក់បារីក្នុងបរិវេណប្រកួត មិនអនុញ្ញាតឲ្យសេបគ្រឿងស្រវឹងក្នុងបរិវេណប្រកួត មិនអនុញ្ញាតលេងល្បែងស៊ីសង ឬករណីភ្នាល់ ត្រូវគោរពតាមគោលការណ៍ Fair-Play និងមិនបង្កឲ្យមានការប្រមូលផ្តុំ ក្មេងទំនើង ដែលគេចពីសាលារៀនឡើយ៕