(ភ្នំពេញ)៖ ដើម្បីរៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុក និងសំពះព្រះខែ ឆ្នាំ២០១៨ ឱ្យបានអធិកអធមប្រកបដោយមានអត្ថន័យថ្លៃថ្លានោះ រដ្ឋបាលរាជធានីភ្នំពេញ នាថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៨នេះ បានប្រកាសជ្រើសរើសបេក្ខភាពចូលរួមប្រកួតប្រជែង «ការរចនាម៉ូតខ្លោងរបារកាត់ទទឹងផ្លូវ អបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០១៨» ដែលការទទួលគម្រូម៉ូតធ្វើឡើងរហូតដល់ថ្ងៃទី២២ ខែតុលា។

រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ការបង្កើតឱ្យមានកម្មវិធីប្រកួតប្រជែងស្នាដៃកូនខ្មែរនេះ គឺក្នុងគោលបំណងដើម្បីផ្តល់ឱកាសដល់អ្នកជំនាញខាងរចនាទាំងអស់ ពិសេសក្រុមនិស្សិតនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ បានចូលរួមចំណែកបង្ហាញស្នាដៃរបស់ខ្លួននូវម៉ូតខ្លោងរបារ ធ្វើយ៉ាងឱ្យមានសោភ័ណភាពស្រស់ស្អាត និងបង្កប់ទៅដោយរចនាបទ្មខ្មែរពិតៗ។

ចំពោះអត្ថប្រយោជន៍សម្រាប់បេក្ខភាពជ័យលាភី ត្រូវបានរដ្ឋបាលរាជធានីភ្នំពេញ បញ្ជាក់បន្ថែមថា ខ្លោងដែលទទួលបានការគាំទ្រតាមរយៈការចុច Like ច្រើនជាងគេ នឹងទទួលបានរង្វាន់លើកទឹកចិត្ត ព្រមទាំងយកទៅដំឡើងនៅតាមទីតាំងដែលបានត្រៀមទុកជាស្រេច ក្នុងនោះរួមមាន៖ របារកាត់ទទឹងមហាវិថីព្រះនរោត្តម (មុខវិមានឯករាជ្យ), របារកាត់ទទឹងមុខនាឡិការមណីយដ្ឋានវត្តភ្នំ, របារកាត់ទទឹងវិថីព្រះសីហនុ (ខាងលិចរង្វង់មូលសម្ដេច ជួន ណាត) និងរបារកាត់ទទឹងតិរវិថីព្រះស៊ីសុវត្ថិ (សួនព្រះគន្លុង)។

ចំពោះខ្លឹមសារប្រយោគដែលត្រូវសរសេរ សម្រាប់ការរចនាម៉ូតរបារខាងលើនេះ គឺ៖
* ផ្នែកខាងលើ៖ អបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក។
* ផ្នែកខាងក្រោម៖ ថ្ងៃពុធ ១៤កើត ព្រហស្បតិ៍ ១៥កើត និងសុក្រ ១រោច ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២១ ២២ និង២៣ ខែវិច្ឆិកា ឆ្នាំ២០១៨៕