(ភ្នំពេញ​)៖ នគបាលព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលខណ្ឌចំការមន នៅព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៨នេះ បានបញ្ជូនខ្លួនជនសង្ស័យដែលជាចោរប្លន់ហាង អ៊ិនធឺណេត ស្ថិតនៅក្នុងខណ្ឌចំការមន ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្ដតាមនីតិវិធីច្បាប់។

ហើយសំណុំរឿងនេះ កំពុងស្ថិតក្នុងចំណាត់ការបើកការសាកសួររបស់លោក លី សុផាណា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានី មុនសំណុំរឿងបន្តបញ្ជូនទៅចៅក្រមស៊ើបសួរ។

បលយោងតាមរបាយការណ៍សមត្ថកិច្ច​បានឱ្យដឹងថា ជនសង្ស័យមានឈ្មោះ តាំង ង៉ិចហាវ ភេទប្រុស អាយុ២៩ឆ្នាំ ស្នាក់នៅផ្ទះលេខ២៤ ផ្លូវ ២៣២ សង្កាត់បឹងព្រលិត ខណ្ឌ៧មករា។ ចំណែកជនរងគ្រោះមានឈ្មោះ រ៉ុន គឹមលាង ភេទស្រី អាយុ២៩ឆ្នាំ មុខរបរបុគ្គលិក អ៊ីនធើណេត វី អេ ធូ ស្នាក់នៅផ្ទះជួលគ្មានលេខ ផ្លូវ៦៧បេតេ ស្ថិតនៅភូមិសន្សំកុសល សង្កាត់បឹងទំពុន១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

សូមជម្រាបថា ជនសង្ស័យខាងលើត្រូវបានកម្លាំងនគរបាលខណ្ឌដូនពេញ និងខណ្ឌចំការមន បានសហការគ្នាឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីប្រើប្រាស់កាំបិតពាក់ព័ន្ធយកកាំបិតភ្ជង់​ជនរងគ្រោះនៅហាង «ណេត វី អេ ធូ» ស្ថិតនៅភូមិ៤ សង្កាត់បឹងកេងកងទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ។

លោក ហ៊ាង ថារ៉េត អធិការររងទទួលផែនព្រហ្មទណ្ឌ ខណ្ឌចំការមន បានឱ្យដឹងថា ជនសង្ស័យត្រូវកម្លាំងនគរបាលឃាត់ខ្លួនបាននៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៨ កន្លងទៅ នៅចំណុចណេត វី អេ ធូ ស្ថិតនៅភូមិ៤ សង្កាត់បឹងកេងកងទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ។

លោកអធិការរង បានបន្តថា ជនសង្ស័យប្រើកូនកាំបិតភ្ជុងប្លន់យកលុយកន្លែងណេត រួចក៏ធ្វើការស្រាវជ្រាវយោងតាមកាំម៉ារ៉ា សុវត្ថិណេត មានរូបជនសង្ស័យរហូតដល់យប់ម៉ោង១១៖០០នាទី ជិតដល់កណ្ដាលអាធ្រាត្រធ្វើការឃាត់ខ្លួនបាន នៅចំណុចមុខផ្ទះ អ៊ីនធើណេត ភី ភី ណេត ផ្លូវលេខ៦៣កែង២២២ ភូមិ១ សង្កាត់បឹងរាំង ខណ្ឌដូនពេញ ដោយបានសការជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលបឹងរាំង ខណ្ឌដូនពេញ ហើយចាប់យកមកនគរបាលខណ្ឌចំការមន។

លោកបានបន្ថែមទៀតថា បន្ទាប់ពីធ្វើការសួរជនសង្ស័យបានទទួលស្គាល់ខ្លួនបានធ្វើសកម្មភាពប្រើកូនកាំបិតភ្ជុងប្លន់ យកលុយពីបុគ្គលិកណេតត្រឹមតែ២,៣០០ដុល្លារ មិនមែនដូចជនរងគ្រោះដាក់ពាក្យបណ្ដឹងបាត់បង់លុយ៣,០០០ដុល្លារ នោះទេ រួចក៏ធ្វើការដកហូតវត្ថុតាងពីជនសង្ស័យរួមមានម៉ូតូម៉ាក៊ូហ្គុន ពណ៌ខ្មៅ១គ្រឿង ពាក់ស្លាកលេខ រ៨២៨៨ និងកាបូបស្ពាយពណ៌ខ្មៅចំនួន១ និងកូនកាំបិតចិតបន្លែចំបួន០១៕