(ភំ្នពេញ)៖ នៅព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៨នេះ នគបាលព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលខណ្ឌច្បាអំពៅ បានបញ្ជូនបុរសជនជាតិកូរ៉េម្នាក់ ដែលជាប់ចោទពីបទគំរាមកំហែងថានឹងសម្លាប់ និង រំលោភលើលំនៅដ្ឋាននៅចំណុចផ្ទះជួល លេខ០៣ ផ្លូវលេខ០៥ ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់តាមនីតិវិធីច្បាប់។

បើតាមមន្ត្រីសាលាដំបូងរាជធានីភ្នំពេញ សុំណុំរឿងជនត្រូវចោទរូបនេះ ត្រូវបានលោក រៀល សុភិន ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានី បញ្ចប់ការសាកសួរ និងសន្និដ្ឋានបទចោទ រួចបញ្ជូនរឿងទៅចៅក្រមស៊ើបសួរ ដើម្បីបន្តចំណាត់ការនីតិវិធី លើជនត្រូវចោទ។

សូមជំរាបជូនថា កម្លាំងនគរបាលខណ្ឌច្បារអំពៅ បានឃាត់ខ្លួនជនជាតិកូរ៉េម្នាក់ ពីបទគំរាមកំហែងថានឹងសម្លាប់ និងរំលោភលើលំនៅដ្ឋាន នៅចំណុចផ្ទះជួលលេខ០៣ ផ្លូវលេខ០៥ ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ។ ជនរងគ្រោះមានឈ្មោះ គីម ដុងគ្យូ (Kim Dong Kyu) ភេទប្រុស អាយុ៥៨ឆ្នាំ ជនជាតិកូរ៉េ មុខរបរនាយកក្រុមហ៊ុន MTC (វេរប្រាក់-ដូរប្រាក់) ស្នាក់នៅចំណុចកើតហេតុ កាន់លិខិតឆ្លងដែនលេខ M៥២៣៨៦៤៧៤ ។

ជនសង្ស័យឈ្មោះ យន់ ថាក់ឃីន (Youn Tackyoun) ភេទប្រុស អាយុ៤៤ឆ្នាំ ជនជាតិកូរ៉េ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះជួល លេខ០៩ ផ្លូវ M-០១ ភូមិបឹងឈូក សង្កាត់ និរោធ ខណ្ឌច្បារអំពៅ កាន់លិខិតឆ្លង ដែនលេខ M ៤០៥២៦០៥៩។

បើយោងរាមរបាយការណ៍សមត្ថកិច្ច មុនពេលកើតហេតុ ជនសង្ស័យត្រូវបានជនរងគ្រោះបញ្ឈប់ពីការងាររយៈពេល០១ខែ មកហើយ មូលហេតុកឹបកេងប្រាក់ និងមានទំនាស់ជាមួយអ្នកគ្រប់គ្រង ក្រុមហ៊ុន។

លុះដល់ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៨ ម៉ោង១៨និង០០នាទី ជនសង្ស័យបានទាក់ទងសុំជួបជនរងគ្រោះ ដើម្បីសុំទោស និងសុំចូលធ្វើការវិញ តែជនរងគ្រោះពុំព្រម ជនសង្ស័យក៏គំរាមថានឹងសម្លាប់ រួចក៏មករកជនរងគ្រោះដល់ផ្ទះកើតហេតុ តែជនរងគ្រោះចាក់សោរផ្ទះពីក្នុង។ ជនសង្ស័យស្មានតែជនរងគ្រោះនៅក្នុងផ្ទះក៏ផ្លោះរបងចូលទៅទាញទ្វារផ្ទះឲ្យរបើក រួចចូលទៅខាងក្នុងផ្ទះដើររកជនរងគ្រោះ នៅខាងក្រោមមិនឃើញ ក៏យកកូនកាំបិតចិតបន្លែរបស់ជនរងគ្រោះឡើងទៅលើរកជនរងគ្រោះ តាមបន្ទប់ទាំងអស់មិនឃើញ ក៏បោះកូនកាំបិតចោល នៅលើពូកក្នុងបន្ទប់បុគ្គលិកដេក រួចជនសង្ស័យក៏ចេញទៅក្រៅវិញ។

រហូតដល់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៨ ម៉ោង១៥និង០០នាទី ប្រពន្ធជនរងគ្រោះ ក៏នាំជនសង្ស័យយកមកប្រគល់ឲ្យសមត្ថកិច្ចចាត់ការតាមច្បាប់ ៕