(ចិន)៖ សព្វថ្ងៃនេះ អ្នកទេសចរចិន មានអំណាចនៃការចាយវាយកាន់តែខ្លាំង ហើយក៏ចង់បានសេវាទេសចរដែលមានគុណភាពខ្ពស់ផងដែរ។ កត្តានេះកំពុង ជួយដល់ទីផ្សារទេសចរណ៍របស់ពិភពលោក ដែលមានផ្តល់កន្លែងកំសាន្តនិងផ្លូវដឹកជញ្ជូនថ្មីៗ។ អ្នកទេសចរចិន ក៏ចាយប្រាក់កាន់តែច្រើនជាងមុនដែរ នៅពេលទៅដើរកំសាន្ត នៅទូទាំងពិភពលោក។

នៅឯមជ្ឈមណ្ឌលរុករក ឡេហ្កូលែន (Legoland) ក្រុងសៀងហៃ ចាង ធានស័រ (Zhang Tianshuo) កំពុងតែលេងជាមួយតុក្កតា ឡេហ្កូ (Lego) យ៉ាងសប្បាយ បើទោះបីជាគេមានប្រអប់តុក្កតានេះយ៉ាងច្រើននៅឯផ្ទះ ហើយក៏ដោយ។

ក្មេងប្រុស ចាង ទៀនស័រ អ្នកគាំទ្រ Lego និយាយថា «សប្បាយខ្លាំងណាស់! ខ្ញុំចង់មកទីនេះឱ្យបានរាប់រយដងតែម្តង»

អ្នកស្រី ចាង សា ដែលជាម្ដាយរបស់ចាង បាននិយាយថា គ្រួសាររបស់អ្នកស្រីចូលចិត្តដំណើរកម្សាន្តជាលក្ខណៈបែបនេះ។

អ្នកស្រី ចាង សា ម្ដាយកុមារាចាងនិយាយថា «ខ្ញុំនាំកូនទៅសួនកម្សាន្តមួយឬពីរកន្លែងជារៀងរាល់ខែ។ យើងបានធ្លាប់ទៅសួនដាយណូស័រ គូខាន់ និងរមណីយដ្ឋាន ឌីសនី (Disney) ក្រុងសៀងហៃ។ យើងធ្លាប់ទៅលេងសួនកម្សាន្ត ឌីសនី (Disney) ក្នុងក្រុងសៀងហៃបានម្ដងដែរ»

ដោយសារចិនមានកំណើនប្រជាជន ដែលមានជីវភាពមធ្យមច្រើនខ្លាំង ចំនួនជនជាតិចិនដែលចូលចិត្តដើរលេង ក៏កើនឡើងយ៉ាងឆាប់រហ័ស ក្នុងអំឡុងពេលមួយទសវត្សរ៍កន្លងមកនេះ។

ប្រជាជនចិនចាប់ផ្ដើមចំណាយប្រាក់កាន់តែច្រើន ទៅលើការសម្រាកលំហែកាយ គឺមិនមែនចាយលុយតែលើសម្ភារៈដែលចាំបាច់នោះទេ។

អ្នកស្រី ជីន យូឡាន និវត្តជនម្នាក់និយាយថា «ឥឡូវនេះ មនុស្សទាំងចាស់ទាំងក្មេង សុទ្ធតែចូលចិត្តចាយលុយ។ ខ្ញុំចូលនិវត្តន៍មែន តែជីវិតខ្ញុំសប្បាយណាស់។ ខ្ញុំមានពេលវេលានិងមានលុយ។ អញ្ជឹង មានហេតុផលអីដែលត្រូវនៅផ្ទះ ដកដង្ហើមចោលនោះ!»

វិស័យទេសចររបស់ចិន កំពុងលូតលាស់ និងមានសក្តានុពលដ៏ខ្លាំងក្លា។ ហេតុនេះហើយបានជាក្រុមហ៊ុន មឺលីន អ៊ីនធឺធេនមែន (Merlin Entertainments) ចូលមកកាន់ប្រទេសចិន។ ក្នុងនាមជាប្រតិបត្តិករកន្លែងកម្សាន្តដ៏ធំបំផុតទីពីររបស់ពិភពលោក ក្រុមហ៊ុននេះរកប្រាក់ចំណូលបានរាប់លានដុល្លារ តាមរយៈសារមន្ទីរក្រមួន ម៉ាដាម ធូសសុដ (Madame Tussaud) និងសួន ឡេហ្កូឡេន (Legoland) ក្នុងប្រទេសចិន។

កាលពីចុងខែកញ្ញាកន្លងទៅថ្មីៗនេះ ក្រុមហ៊ុននេះបានបើកសម្ពោធកន្លែងកម្សាន្តដ៏ថ្មីសន្លាងរបស់ខ្លួន ក្នុងក្រុងសៀងហៃ ដែលមានឈ្មោះថា «រូងងងឹតក្រុងសៀងហៃ»។ វាជាផ្ទះដ៏រន្ធត់ញាប់ញ័រ ដែលមានទីតាំងនៅក្នុងតំបន់ផ្សារដ៏មមាញឹកមួយ។ ផ្ទះនេះ ធ្វើឱ្យរឿងព្រេងប្រវត្តិសាស្ត្ររបស់ទីក្រុង ដែលផ្អែកលើជីវិតពិត មានភាពរស់រវើកឡើងវិញ។

លោក Benjamin Sweet ប្រធានផ្នែកគ្រប់គ្រងសាខាបើកថ្មី ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក នៃក្រុមហ៊ុន Merlin Entertainments និយាយថា «ទីផ្សារចិនជាទីផ្សារមួយដែលពោរពេញដោយកម្លាំងនិងភាពរឹងមាំ។ កន្លែងកម្សាន្តរូងងងឹតសៀងហៃ ដែលយើងកំពុងតែមានវត្តមាននៅក្នុងថ្ងៃនេះ ជាការសាកល្បងដ៏ពេញទីសម្រាប់ការអភិវឌ្ឍន៍ ទៅកាន់ក្រុងផ្សេងៗទៀត»

ប្រទេសចិនមិនត្រឹមតែមានទីផ្សារទេសចរណ៍ក្នុងស្រុកធំបំផុតក្នុងពិភពលោកប៉ុណ្ណោះទេ តែថែមទាំងជាទីផ្សារក្រៅស្រុកលំដាប់សកលលោកឈានមុខគេផងដែរ។ ចំនួនភ្ញៀវទេសចរចិនបានកើនឡើង ក្នុងកម្រិតខ្ទង់ដប់ ក្នុងរយៈពេល មួយទសវត្សរ៍កន្លងមកនេះ។

អង្គការទេសចរណ៍ពិភពលោក របស់អង្គការសហប្រជាជាតិ បានលើកឡើងក្នុងឆ្នាំ២០១៧ថា ភ្ញៀវទេសចរចិនបានចំណាយប្រាក់អស់ ២៥៩ ពាន់លានដុល្លារអាមេរិក សម្រាប់ដើរកំសាន្តនៅបរទេស។ ពោល គឺស្មើនឹង ជិត១ភាគ៥នៃការចំណាយលើទេសចរសរុបក្នុងពិភពលោក។

លោក Benjamin Sweet ប្រធានផ្នែកគ្រប់គ្រងសាខាបើកថ្មី ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក នៃក្រុមហ៊ុន Merlin Entertainments និយាយថា «ចិនជាទីតាំងដែលមានការលូតលាស់ ជាទីតាំងសម្រាប់កម្សាន្ត និងជាកន្លែងដែលមានប្រជាជនដែលចូលចិត្តចាយវាយ កាន់តែច្រើន។ ពួកគេ គឺជាអ្នកដែលស្រលាញ់ចូលចិត្តការកម្សាន្ត ដែលមានគុណភាពខ្ពស់។ សេវាកំសាន្តគុណភាពខ្ពស់ គឺជាអ្វីដែលក្រុមហ៊ុន មឺលីន អ៊ីនធឺធេនមែន (Merlin Entertainments) កំពុងផ្តល់ជូនទៅពួកគាត់»

អ្នកវិភាគក្នុងវិស័យនេះ និយាយថាចំនួនអ្នកទេសចរក្រុងស្រុកនិងក្រៅស្រុករបស់ចិន ទំនងជានឹងបន្តកើនឡើង នៅក្នុងឆ្នាំបន្តបន្ទាប់ ព្រមទាំងរួមចំណែកកាន់តែច្រើន ដល់ឧស្សាហកម្មទេសចរណ៍ក្នុងពិភពលោក៕ (សារព័ត៌មាន CCTV របស់ចិន)