(ភ្នំពេញ)៖ ក្រុមហ៊ុន CM Community Media ជាប្រព័ន្ធផ្សព្វផ្សាយអ៊ិនធើណេត ឈានមុខគេលើពិភពលោក ដែលបច្ចុប្បន្នកំពុងមានវត្តមាននៅក្នុងប្រទេសកម្ពុជា និងជាក្រុមហ៊ុនផ្ដោតលើការផ្សព្វផ្សាយពាណិជ្ជកម្ម។

បន្ទាប់ពីទទួលបានការអនុញ្ញាតឲ្យប្រតិបត្តិការនៅកម្ពុជានេះក្រុមហ៊ុន CM Community Media នៅព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៨នេះ បានរៀបចំសន្និសីទអន្ដរជាតិដ៏ធំមួយ ដោយមានការអញ្ជើញចូលរួម ពីសំណាក់លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្ដីក្រសួងព័ត៌មាន ព្រមទាំងមានការចូលរួមពីវិនិយោគិនច្រើនរូប មកពីបណ្ដាប្រទេសជាច្រើន លើសាកលលោករួមមាន៖ ប្រទេសចិន, សហរដ្ឋអាមេរិក, អាស៊ី, អឺរ៉ុប និងអាមេរិកជាដើម។

សន្និសីទអន្ដរជាតិដ៏ធំនេះធ្វើឡើង ដើម្បីបង្ហាញពីសក្ដានុពល និងទស្សនៈវិស័យរបស់ក្រុមហ៊ុន នាពេលខាងមុខ និងព្យាយាមធ្វើយ៉ាងណា ដើម្បីឲ្យក្រុមហ៊ុនកាន់តែរីកចម្រើនបន្ថែមទៀត។ ប្រធានក្រុមហ៊ុន CM Community Media បានថ្លែងឲ្យដឹងថា CM ជាប្រព័ន្ធផ្សព្វផ្សាយអ៉ីនធើណេត ដែលមានមូលដ្ឋាន លើបច្ចេកវិទ្យា Blockchain (ការជូញដូរលុយអេឡិចត្រូនិក) ដោយប្រើប្រាស់បណ្តាញចែកចាយ ដើម្បីជំនួសម៉ាស៊ីន ក្នុងការប្រមូលផ្ដុំទិន្នន័យ ព្រមទាំងផ្ដល់ភាពងាយស្រួលដល់អ្នកប្រើប្រាស់។

លោកបន្ដទៀតថា CM នឹងអនុវត្តបច្ចេកវិទ្យា blockchain ទៅដល់គ្រប់ផ្នែកសំខាន់ៗដូចជា៖ ការផ្លាស់ប្តូរប្រព័ន្ធ ប្រតិបត្តិការ, បង្កើនទំនុកចិត្តសុវត្តិភាព​ និងភាពងាយស្រួល ទៅដល់អ្នកប្រើប្រាស់។ CM មានផ្នែកសំខាន់ជាច្រើនដូចជា៖ ហ្គេមចល័ត CM, វេទិកាផ្សាយបន្តផ្ទាល់ CM, វេទិកាអភិវឌ្ឍន៍ CM AI, វេទិកាម៉ាកប្រព័ន្ធផ្សព្វផ្សាយសហគមន៍ CM, វេទិកាជួញដូរ CMជាដើម។

ក្នុងនោះលោកអគ្គនាយក បានពន្យល់យ៉ាងក្បោះក្បាយអំពីសារៈសំខាន់នីមួយៗរបស់ CM និងបានបង្ហាញការប្ដេជ្ញា ជំរុញក្រុមហ៊ុនរបស់ខ្លួនលើទីផ្សារកម្ពុជា ឲ្យកាន់តែរឹងមាំបន្ថែមទៀត។

ក្នុងនោះដែរលោក ខៀវ កាញារីទ្ធ បានឲ្យដឹងដែរថា វត្តមានរបស់ក្រុមហ៊ុន CM ជាក្រុមហ៊ុនទទួលបម្រើសេវាកម្មច្រើនយ៉ាង ដោយប្រើប្រាស់ប្រព័ន្ធ Block Chain (ការប្រតិបត្តិជួញដូរលុយអេឡិចត្រូនិក) ហើយក្នុងនោះក្រុមហ៊ុនបានជួយផ្ដល់ នូវកម្មវិធីជាច្រើទៀតរួមមានជៀសវាង ការលួចទិន្ន័យ, ការបង្កើតការផ្ទុកទិន្ន័យជាដើម។

លោករដ្ឋមន្រ្ដី បានគាំទ្រចំពោះការចូលមកវិនិយោគរបស់ក្រុមហ៊ុន MC នៅប្រទេសកម្ពុជានេះថា នឹងផ្ដល់ភាពងាយស្រួល ថែមមួយកម្រិតទៀតលើប្រព័ន្ធ បច្ចេកវិទ្យានៅក្នុងប្រទេសកម្ពុជា។

ក្នុងនោះលោករដ្ឋមន្រ្ដីបាន សម្ដែងការអបអរសារទរ និងជូនពរឲ្យក្រុមហ៊ុន MC បន្ដដំណើរវិនិយោគ នៅក្នុងប្រទេសកម្ពុជានេះ ឲ្យកាន់តែមានភាពជោគជ័យថែមមួយកម្រិតទៀត៕