(ព្រះសីហនុ)៖ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានប្រាប់បណ្តាញព័ត៌មាន Fresh News នៅល្ងាចថ្ងៃទី១១ ខែតុលានេះថា មន្ត្រីនគរបាលចរាចរណ៍៣នាក់ ដែលបានទារលុយ១០០ដុល្លារពីជនជាតិចិន តែចុះសល់៥០ដុល្លារ ព្រោះតែបើកបរល្មើសច្បាប់ចរាចរណ៍ នៅខេត្តព្រះសីហនុនោះ ត្រូវបានឃាត់ខ្លួនហើយ នៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ។

លោកឧត្តមសេនីយ៍បន្តថា «យើងកំពុងពិនិត្យមើល ទៅលើវិន័យរបស់កងកម្លាំង ០០៦ ថាតើពួកគេប្រព្រឹត្តល្មើសវិន័យទំហំប៉ុណ្ណា? ទទួលពិន័យប៉ុណ្ណា? យើងនឹងអនុវត្តន៍វិធានការណ៍យ៉ាងម៉ឺងម៉ាត់បំផុត ទៅតាមវិន័យរបស់កងកម្លាំង ០០៦ ហើយស្អែកនេះ យើងនឹងបញ្ចប់នីតីវិធី អំពីក្រុមប្រឹក្សាវិន័យរបស់ស្នងការនគរបាលខេត្តព្រះសីហនុ»

លោកឧត្តមសេនីយ៍បញ្ជាក់ថា ការដាក់ពិន័យនឹងធ្វើយ៉ាងម៉ឺងម៉ាត់នឹងត្រូវបំផុត ព្រោះតែពួកគេ (នគរបាលទាំង៣នាក់) បានធ្វើឲ្យខូចនូវកិត្តិយសរបស់កងកម្លាំងនគរបាលជាតិទាំងមូល។

សូមជម្រាបថា មន្ដ្រីនគរបាលដែលទារលុយពីជនជាតិចិន នៅខេត្តព្រះសីហនុនោះ ឈ្មោះ សំ ពិសិដ្ឋ ឋានន្តរសក្ដិ ថ្នាក់អនុសេនីយ៍ត្រី ឋានៈមន្ត្រីនៅផ្នែកអន្តរាគមន៍ នៃការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក របស់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ។

សូមជម្រាបថា ប៉ុន្មានថ្ងៃនេះ មានករណី គណនី Facebook ជាច្រើន បានបង្ហោះ ផ្សព្វផ្សាយ ចែកចាយបន្ដគ្នា អំពីនគរបាលចរាចរណ៍ផ្លូវគោកម្នាក់ បានឃាត់រថយន្តមួយគ្រឿង បើកបរដោយជនជាតិចិន ទារលុយចំនួន១០០ដុល្លារ ក្រោយមកតថ្លៃសល់៥០ដុល្លារ ជាថ្នូរនឹងការមិនអនុវត្តច្បាប់ចរាចរណ៍៕