(ឥណ្ឌូនេស៊ី)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រាប់មេដឹកនាំអាស៊ាន និងមេដឹកនាំស្ថាប័នអន្តរជាតិធំដូចជា អគ្គលេខាធិការអង្គការសហប្រជាជាតិ ប្រធានធនាគារពិភពលោក និងប្រធានមូលនិធិរូបិយវត្ថុអន្តរជាតិថា កម្ពុជាកំពុងផ្តល់អាទិភាពខ្ពស់ទៅលើការកែទម្រង់ ដើម្បីជំរុញកំនើសេដ្ឋកិច្ចប្រកបដោយបរិយាប័ន្ន។

ការថ្លែងបង្ហាញបែបនេះបានធ្វើឡើងក្នុងពេលសម្តេចតេជោនាយករដ្ឋមន្ត្រីអញ្ជើញចូលរួមវេទិកានៃជំនួបមេដឹកនាំអាស៊ាន នៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី នៅរសៀលថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៨នេះ។ ក្រៅពីមេដឹកនាំអាស៊ានវេទិកានេះ ក៏មានការអញ្ជើញចូលរួមពីអគ្គលេខាធិការអង្គការសហប្រជាជាតិលោក អាន់តូនីញ៉ូ ហ្គូតេរ៉េស, លោក Jim Yong Kim ប្រធានធនាគារពិភពលោក និងលោកស្រី Christine Lagarde អគ្គនាយកមូលនិធិរូបិយវត្ថុអន្តរជាតិផងដែរ។

ក្នុងវេទិកានោះ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ជាងពីរទសវត្សរ៍មកនេះកម្ពុជាសម្រេចបានកំណើនសេដ្ឋកិច្ចខ្ពស់ជាមធ្យម ៧.៧% ក្នុងមួយឆ្នាំ ជាមួយនឹងការធានាបាននូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុដ៏រឹងមាំ ជាពិសេសកម្ពុជាត្រូវបានទទួលស្គាល់ថាជាប្រទេសស្ថិតនៅក្នុងចំណោមប្រទេសឯកទគ្គៈ ពាក់កណ្តាលនៃកំណើនសេដ្ឋកិច្ចពិភពលោក។

សម្តេចតេជោ បានបន្តថា តាមរយៈកំណើនសេដ្ឋកិច្ចខ្ពស់នេះ បានធ្វើឲ្យកម្ពុជាក្លាយទៅជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតទាបកាលពីពេលថ្មីៗកន្លងទៅនេះ ហើយមូលដ្ឋានកំណើនកាន់តែមានជីវិតកាន់ច្រើនឡើង ភាពក្រីក្រក៏ត្រូវបានកាត់បន្ថយមកត្រឹម ១០%ភាគរយ និងគម្លាតចំណូលក្នុងចំណោមប្រជាជនត្រូវបានរក្សាក្នុងកម្រិតទាបតាមរយៈបែងចែកផលនៃកំណើនដល់គ្រប់ស្រទាប់ប្រជាជន។ ជាងនេះទៅទៀតកម្ពុជាក៏សម្រេចបានមុនកាលកំណត់នូវគោលដៅសូចនាករផ្នែកសង្គមសំខាន់ៗទាំងក្នុងវិស័យអប់រំ និងសុខាភិបាល។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានថ្លែងផងដែរថា ផ្អែកលើសមិទ្ធផលដែលសម្រេចបានកន្លងមកនេះ រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៦ បានដាក់ចេញនូវកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ សំដៅឆ្លើយតបទៅនឹងបំណងប្រាថ្នារបស់ប្រជាជនជាម្ចាស់ឆ្នោត ក៏ដូចជាដើម្បីកសាងមូលដ្ឋានគ្រឹះបន្ថែមសម្រាប់ធានានាំឲ្យកម្ពុជាឈានឆ្ពោះទៅរកសម្រេចបាននូវឋានៈជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ខាងមុខ។

ក្នុងគោលដៅនេះ កម្ពុជាបាននឹងកំពុងយកចិត្តទុកដាក់បង្កើតឱកាសការងារសម្រាប់យុវជនលើកកម្ពស់ការទទួលបានសេវាសាធារណៈសំខាន់ៗប្រកបដោយគុណភាពរួមទាំងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត, សេវាអប់រំ, សេវាសុខភាព និងសេវាមូលដ្ឋានចាំបាច់ផ្សេៗ ពិសេសធានាតុល្យភាពនិងកាត់បន្ថយគម្លាតរវាងទីក្រុងនិងជនបទ, បន្តខិតខំប្រឹងប្រែង និងពង្រីកការតភ្ជាប់ទាំងផ្នែកទន់ និងរឹងព្រមទាំងពន្លឿនសមារណកម្មសេដ្ឋកិច្ចនៅក្នុងប្រទេស, ក្នុងតំបន់ និងសកលលោក។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងផងដែរថា រាជរដ្ឋាភិបាលកម្ពុជាផ្ដល់អទិភាពខ្ពស់ទៅលើការកែទម្រង់ដើម្បីជំរុញកំណើនប្រកបដោយបរិយាប័ន្នរួមមាន៖ ទី១. តាមរយៈការពន្លឿនកែទម្រង់រចនាសម្ព័ន្ធចាំបាច់នានាដើម្បីបង្កើនភាពប្រកួតប្រជែង និងជំរុញការធ្វើពិពិធកម្មរួមមានការកាត់បន្ថយចំណាយថាមពលការលើកកម្ពស់ការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូន និងការដោះស្រាយគម្លាតជំនាញតាមរយៈការកែលម្អគុណភាពអប់រំ និងបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈដោយបង្កើនការវិនិយោគលើយុវជនដើម្បីចាប់យកឱកាសពីឧត្តមភាពប្រជាសាស្រ្ត និងរក្សាបានកម្លាំងពលកម្មធៀបនឹងប្រជាជនទូទៅក្នុងកម្រិត៦៧% ដល់ឆ្នាំ ២០៣០ និងទី២. តាមរយៈជំរុញគោលនយោបាយសារពើពន្ធដើម្បីគាំទ្របរិយាប័ន្នឲ្យកាន់តែប្រសើរ ដោយផ្លាស់ប្ដូរទៅរកប្រភពអ្នកមានចំណូលកាន់តែខ្ពស់ស្របគ្នាទៅនឹងរក្សាបាននូវលំអរថវិកាដើម្បីបង្កើនចំណាយទៅលើវិស័យហេដ្ឋារចនាសម្ព័ន្ធ, វិស័យសុខភាព និងវិស័យអប់រំ។

សម្តេចតេជោនាយករដ្ឋមន្ត្រីបានបន្តទៀតថា ដើម្បីចាប់យកសក្តានុពលពីការកើនឡើងនៃការប្រើប្រាស់បច្ចេកវិទ្យាហិរញ្ញវត្ថុ កម្ពុជាកំពុងតែគិតគូរ និងរៀបចំហេដ្ឋារចនាសម្ព័ន្ធហិរញ្ញវត្ថុបន្ថែម ព្រមទាំងបង្កើនផ្នែកហិរញ្ញវត្ថុដែលនឹងជួយពង្រឹងបរិយាប័ន្នហិរញ្ញវត្ថុខណ្ឌកម្ពុជាបាន និងកំពុងជំរុញនូវគោលដៅអភិវឌ្ឍន៍សកល មកជាគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពនៃកម្ពុជា ដែលគ្រោងនឹងអនុម័តនៅដំណាច់ឆ្នាំ២០១៨នេះ។

សម្តេចតេជោ ហ៊ុន សែន បានបន្តទៀតថា លើសពីនេះទៅទៀត កម្ពុជា ក៏នឹងកែលម្អថែមទៀតនូវបរិយាកាសធុរកិច្ចតាមរយៈការអនុវត្តវិធានការមុតស្រួចសំដៅសម្រួលពាណិជ្ជកម្ម កាត់បន្ថយថ្លៃដើមនៃការធ្វើធុរកិច្ចសម្រួលការបង្កើត និងធ្វើធុរកិច្ច ព្រមទាំងបង្កើនការវិនិយោគ និងឥណទានលើការអភិវឌ្ឍន៍ និងស្រាវជ្រាវដើម្បីគាំទ្រដល់ការបង្កើតការងារនិងជំរុញកំណើនអាជីវកម្មធុនតូច និងមធ្យមក្នុងស្រុក៕