(កំពត)៖ ក្មេងស្រីអាយុ៨ឆ្នាំម្នាក់ បានបាត់ខ្លួន ខណៈជិះទូកអូប័រឆ្លងទឹកព្រែក ជាមួយក្រុមគ្រួសារ ហើយត្រូវលេចអូប័រ នៅចំណុចកណ្តាលទឹកព្រែកកំចាយ តំបន់រមណីដ្ឋានខ្សែរ៉ក ស្ថិតក្នុងភូមិបត់ក្បាលដំរី ឃុំម៉ាក់ប្រាង្គ ស្រុកទឹកឈូ ខេត្តកំពត នាវេលាម៉ោង០៧៖៣០នាទីយប់ ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៨។

បើតាមមន្ដ្រីនគរបាលមូលដ្ឋាន បានឲ្យដឹងថា មុនពេលកើតហេតុ មានភ្ញៀវមួយគ្រួសារ បានជួលអូប័រចល័ត១គ្រឿង ជិះឆ្លងទៅត្រើយម្ខាងទៀត ដើម្បីទៅលេងសាច់ញាតិ នៅត្រើយម្ខាងខាងជើងព្រែក នៅពេលជិះអូប័រទៅ មិនមានជួបហេតុការណ៍អ្វីនោះទេ លុះពេលត្រឡប់មកវិញ ហាក់ដូចជាមានការធ្វេសប្រហែស ខ្វះប្រុងប្រយ័ត្ន ទាំងអ្នកបើកបរ ទាំងអ្នកជិះ។

ម្យ៉ាងអូប័រ មានទំហំតូចល្មម ផ្ទុកមនុស្សដល់ទៅ៩នាក់ ហើយអ្នកជិះគ្មានពាក់អាវពោង ការពារទាំងអស់គ្នាទៀត ក្នុងចំណោមមនុស្សទាំង៩នាក់ ដែលជិះនោះ មានក្មេងចំនួន៥នាក់ ចាស់ចំនួន៤នាក់ រួមទាំងអ្នកបើកអូប័រផង លុះមកដល់ពាក់កណ្តាលព្រែក ក៏ត្រូវអូប័រនោះលេចតែម្តង។

ពេលនោះ អ្នកបំរើការងារនៅតាមខ្ទម នៅសងខាងអមមាត់ព្រែក បានឃើញក៏ស្រែកឆោឡោ ហើយយកទូកទៅជួយស្រង់មនុស្ស ដែលកំពុងជួបហេតុការណ៍នោះ បានចំនួន៨នាក់ ប៉ុន្ដែនៅបាត់ខ្លួនក្មេងស្រីម្នាក់ និងអូប័រនោះ ក៏លិចបាត់តែម្តង រហូតមកដល់រសៀលថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៨នេះ។

ទោះបីមានកម្លាំងនគរបាលវរៈការពារព្រំដែនទឹក សហការជាមួយនឹង ក្រុមសមត្ថកិច្ចពាក់ព័ន្ធ ជួយអន្តរាគមន៍រុករកយ៉ាងណា គេពុំទាន់រកឃើញក្មេងរងគ្រោះ និងអូប័រ១គ្រឿង ដែលលេចនោះនៅឡើយទេ។

មន្ដ្រីនគរបាលដដែល បានបន្ថែមទៀតថា កុមារីរងគ្រោះដែលបាត់ខ្លួន ក្នុងហេតុការណ៍ខាងលើ មានឈ្មោះ វ៉ាវ អេនជី អាយុ៨ឆ្នាំ មានទីលំនៅសង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានឪពុកជាមន្រ្តី នគរបាល។

ប្រភពដដែល បានបញ្ជាក់ថា ម្ចាស់ទូកផ្ទាល់ មិនបាននៅកន្លែងទូកអូប័រនោះទេ គឺមានជួលអ្នកបើកបរផ្សេង ឲ្យមកបើកជំនួស។ ហើយម្ចាស់ទូកអូប័រផ្ទាល់ មានឈ្មោះ លឹម ងួនលី ភេទប្រុស អាយុ៤៩ឆ្នាំ រស់នៅភូមិ ឃុំ កន្លែងកើតហេតុខាងលើ។ តែទោះជាយ៉ាងណា នៅក្រោយហេតុការណ៍ កម្លាំងសមត្ថកិច្ច ដែលសហការខាងលើ បាននិងកំពុងបន្តរុករក ជនរងគ្រោះខាងលើនេះ៕