(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ទោ នេត វន្ថា ប្រធាននាយកដ្ឋានបង្ការ និងពន្លត់អគ្គិភ័យ នៃក្រសួងមហាផ្ទៃ បានឲ្យដឹងថា ​រយៈពេល៣ថ្ងៃ នៃពិធីបុណ្យភ្ជុំបិណ្ឌ ដោយគិតចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៨ មានគ្រោះថ្នាក់អគ្គិភ័យកើតឡើងចំនួន៣លើក ដោយបានបំផ្លាញផ្ទះចំនួន៤ខ្នង និងអគារខុនដូកំពុងសាងសង់បន្ដិចបន្ទួច។

លោកឧត្តមសេនីយ៍ប្រធាននាយកដ្ឋាន បានថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៨នេះថា អគ្គិភ័យទាំង៣លើកនេះ នៅខេត្តព្រៃវែង ១លើកឆេះផ្ទះអស់ចំនួន​២ខ្នង ក្នុងនោះសមត្ថកិច្ចប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន​១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួនពីរឡាន, ខេត្តតាកែវ ១លើក ឆេះផ្ទះអស់ចំនួន​២ខ្នង ក្នុងប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន​១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន​៣ឡាន​។

​លោកឧត្តមសេនីយ៍ទោ នេត វន្ថា បានបន្ដថា​ នៅរាជធានីភ្នំពេញ កើតឡើង១លើក ដោយឆេះអាគារខុនដូកំពុងសាងសង់មួយកន្លែង ហើយសមត្ថកិច្ចប្រើប្រាស់រថយន្តសរុបចំនួន ២៥គ្រឿង ក្នុងនោះ ស្នងការនគរបាលរាជធានីភ្នំពេញ ចំនួន​១៨គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន​១២ឡាន, ក្រសួងមហាផ្ទៃ ចំនួន​៦គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន​៣ឡាន និងក្រុមហ៊ុនស្រាបៀកម្ពុជាចំនួន​១គ្រឿង ​មិនបានប្រើប្រាស់ទឹកទេ។

លោកប្រធាននាយកដ្ឋានរូបនេះ ក៏បានគូសបញ្ជាក់ថា ករណីអគ្គិភយ័ទាំង​៣លើកខាងលើនេះ មិនបណ្ដាលឲ្យរងគ្រោះដល់មនុស្សឡើយ ប៉ុន្ដែបើគិតដូចគ្នាឆ្នាំ​២០១៧ គឺមានកាកើនឡើងចំនួន​១លើក៕​