(ភ្នំពេញ)៖​ វីរកីឡាការិនី កែ ឡេង និងវីរកីឡាការិនី អ៊ុក ស្រីមុំ ដែលធ្លាប់តែដណ្ដើមបានមេដាយមាសពិភពលោកលើវិញ្ញាសាឯកត្តជន ថ្ងៃនេះបានធ្វើឲ្យពិភពលោកមានការភ្ញាក់ផ្អើលទាំងព្រឹកតែម្ដង បន្ទាប់ពីកីឡាការិនីប៉េតង់ឆ្នើមជម្រើសជាតិកម្ពុជាទាំងពីរ បានចាប់ដៃគ្នាប្រកួតដណ្ដើមបានមេដាយមាស ១គ្រឿង នៅក្នុងការប្រកួតកីឡាប៉េតង់ជ្រើសរើសជើងឯកកម្រិតពិភពលោក នៅប្រទេសបារាំង។

តាមការបញ្ជាក់របស់មន្ដ្រីដឹកនាំអត្តពលិកកម្ពុជា បានឲ្យដឹងពីប្រទេសបារាំងថា វីរកីឡាការិនី កែ ឡេង និង អ៊ុក ស្រីមុំ ដណ្ដើមបានមេដាយមាសខាងលើ លើវិញ្ញាសាវាយគូនារី ២នាក់ទល់នឹង ២នាក់ ហើយនេះគឺជាវិញ្ញាសាទី១ ដែលកីឡាការិនីឆ្នើមរបស់កម្ពុជាទាំងពីរ ទើបបញ្ចប់ការប្រកួត ខណៈសល់ ២វិញ្ញាសាទៀត ត្រូវបន្ដប្រកួតនាថ្ងៃបន្ទាប់ គឺវិញ្ញាសា ៣នាក់ទល់នឹង ៣នាក់ និងវិញ្ញាសាឯកត្តជន។ រីឯផ្នែកបុរស ក៏ដូចគ្នាដែរ ប៉ុន្ដែការចាប់ផ្ដើមជាមួយវិញ្ញាសាដំបូង គឺវិញ្ញាសាវាយគូបុរស ២នាក់ទល់នឹង ២នាក់មិនទទួលបានលទ្ធផលល្អនោះទេ។

លោក អ៊ឹម ផាត គ្រូបង្វឹកក្រុមកីឡាប៉េតង់ជម្រើសជាតិបុរសកម្ពុជា បានបញ្ជាក់បន្ថែមថា ការប្រកួតជ្រើសរើសជើងឯកកម្រិតពិភពលោកនេះ គឺរៀបចំមានលក្ខណៈពិសេស ខុសប្លែកពីការប្រកួតជើងឯកពិភពលោកផ្លូវការ ដោយម្ចាស់ផ្ទះបារាំង ដែលជាប្រទេសស្ថាបនិកកីឡាប៉េតង់នេះ បានផ្ដួចផ្ដើមរៀបចំព្រឹត្តិការណ៍នេះឡើង ដោយអញ្ជើញតែប្រទេសខ្លាំងៗប្រចាំតំបន់នីមួយៗ ទៅចូលរួមប្រកួតប៉ុណ្ណោះ ក្នុងនោះក៏មានវត្តមានប្រទេសកម្ពុជាផងដែរ ស្របពេលកម្ពុជា បានបញ្ជូនកីឡាករ-កីឡាការិនី ៦រូបទៅចូលរួម ក្រោមការដឹកនាំរបស់លោក អ៊ិន គឹមស្រ៊ុន អគ្គលេខាធិការសហព័ន្ធកីឡាប៉េតង់កម្ពុជា៕