(តូក្យូ, ជប៉ុន)៖ កិច្ចប្រជុំកំពូលមេគង្គ-ជប៉ុនលើកទី១០ ដែលប្រារព្ធធ្វើឡើងនៅទីក្រុងតូក្យូ ប្រទេសជប៉ុន បានចាប់ផ្តើមជាផ្លូវការហើយនៅព្រឹកថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៨នេះ។ កិច្ចប្រជុំនេះ ដឹកនាំដោយលោក ស៊ិន ហ៊្សូអាបេ​ នាយករដ្ឋមន្ត្រីជប៉ុន និងមានការអញ្ជើញចូលរួមពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា, លោកបណ្ឌិត ថងលួន ស៊ីស៊ូលីត នាយករដ្ឋមន្រ្តីឡាវ, លោកស្រី អ៊ុង សានស៊ូជី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីក្រសួងការបរទេស នៃសហភាពមីយ៉ាន់ម៉ា, លោក ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្រ្តីនៃថៃ លោក ង្វៀន សួនហ៊្វុក នាយករដ្ឋមន្រ្តីវៀតណាម។

ក្នុងកិច្ចប្រជុំកំពូលនេះ មេដឹកនាំប្រទេសតំបន់ទន្លេមេគង្គទាំង៥ និងជប៉ុន បានសម្រេចដាក់ចេញនូវ «យុទ្ធសាស្ត្រទីក្រុងតូក្យូឆ្នាំ២០១៨ សម្រាប់កិច្ចសហប្រតិបត្តិការមេគង្គ-ជប៉ុន» សម្តៅពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការប្រទេសតំបន់មេគង្គ និងជប៉ុន ក៏ដូចជាឆ្លើយតបបញ្ហានៅក្នុងតំបន់ និងលើពិភពលោកនាពេលបច្ចុប្បន្ន។ «យុទ្ធសាស្ត្រទីក្រុងតូក្យូឆ្នាំ២០១៨ សម្រាប់កិច្ចសហប្រតិបត្តិការមេគង្គ-ជប៉ុន» បានដាក់ចេញនូវយុទ្ធសាស្ត្រចម្បងៗចំនួន៣រួមមាន៖ ១. សមិទ្ធផល និងស្ថានភាពបច្ចុប្បន្ន នៃកិច្ចសហប្រតិបត្តិការមេគង្គ-ជប៉ុន, ២. សសរស្តម្ភថ្មីបីនៃកិច្ចសហប្រតិបត្តិការមេគង្គ-ជប៉ុន និងទី៣. បញ្ហាតំបន់ និងសកល។

ពាក់ព័ន្ធលើសមិទ្ធផល និងស្ថានភាពបច្ចុប្បន្ននៃកិច្ចសហប្រតិបត្តិការមេគង្គ-ជប៉ុន៖ មេដឹកនាំប្រទេសមេគង្គ និងជប៉ុន បានលើកសរសើរពីសមិទ្ធផលនៃ «យុទ្ធសាស្ត្រទីក្រុងតូក្យូថ្មីឆ្នាំ២០១៥» និងការអនុវត្តជំនួយអភិវឌ្ឍន៍ផ្លូវការ (ODA) ក្នុងទំហំទឹកប្រាក់ជាង ៧៥០ពាន់លានយ៉េន ក្នុងរយៈពេលបីឆ្នាំចុងក្រោយនេះ ហើយក្នុងឱកាសប្រារព្ធខួបលើកទី១០ឆ្នាំ នៃកិច្ចសហប្រតិបត្តិការមេគង្គ-ជប៉ុននេះ មេដឹកនាំនៃប្រទេសមេគង្គ និងជប៉ុន បានសម្រេចពង្រីកទំនាក់ទំនងរវាងប្រទេសជប៉ុន និងប្រទេសគង្គទៅជាដៃគូយុទ្ធសាស្ត្រ។

មេដឹកនាំមេគង្គ-ជប៉ុន ក៏បានសម្រេចដាក់ចេញកិច្ចសហប្រតិបត្តិការមេគង្គ-ជប៉ុន និងទិសដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs), កិច្ចសហប្រតិបត្តិការមេគង្គ-ជប៉ុន និងយុទ្ធសាស្ត្រតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ដែលសេរី និងបើកចំហរ និងកិច្ចសហប្រតិបត្តិការមេគង្គ-ជប៉ុន និងយុទ្ធសាស្ត្រនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាយ៉េយ៉ាវ៉ាឌី-ចៅប្រាយ៉ា-មេគង្គ (Ayeyawady-Chao Phraya-Mekong Economic Cooperation Strategy-AMECS)។

កិច្ចសហប្រតិបត្តិការមេគង្គ-ជប៉ុន និងទិសដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs)៖ បានសម្រេចប្តូរផែនការសកម្មភាព «ទសវត្សឆ្ពោះទៅរកតំបន់មេគង្គបៃតង» ត្រឹមឆ្នាំ២០២០ ទៅជា «គំនិតផ្តួចផ្តើមមេគង្គ-ជប៉ុនសម្រាប់ទិសដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពឆ្ពោះទៅរកឆ្នាំ២០៣០»។

កិច្ចសហប្រតិបត្តិការមេគង្គ-ជប៉ុន និងយុទ្ធសាស្ត្រតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ដែលសេរី និងបើកចំហរ៖ ថ្នាក់ដឹកនាំទាំងអស់ បានបញ្ជាក់ពីសារៈសំខាន់នៃការកិច្ចខិតខំប្រឹងប្រែង ជាបន្តបន្ទាប់របស់ប្រទេសមេគង្គនីមួយៗក្នុងការពង្រឹងសណ្តាប់ធ្នាប់ដែលសេរី និងបើកចំហរដោយឈរលើគោលការណ៍ នីតិរដ្ឋ ដើម្បីធានាឲ្យមានសន្តិភាព ស្ថិរភាព និងវិបុលភាពនៅក្នុងតំបន់ និងបានបញ្ជាក់ថា តំបន់មេគង្គ ដែលតភ្ជាប់ពីមហាសមុទ្រឥណ្ឌា ទៅមហាសមុទ្រប៉ាស៊ីហ្វិក មានអំណោយផលផ្នែកភូមិសាស្ត្រ ដែលអាចទទួលបាននូវអត្ថប្រយោជន៍ជាច្រើនពីការសម្រេចបាននូវតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ដែលសេរី និងបើកចំហរ។ ក្នុងន័យនេះថ្នាក់ដឹកនាំនៃបណ្តាប្រទេសមេគង្គទាំងអស់ បានស្វាគមន៍ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ជប៉ុនក្រោម «យុទ្ធសាស្ត្រឥណ្ឌូ-ប៉ាស៊ីហ្វិកដែលសេរី និងបើកចំហរ» ព្រមទាំងបានសម្តែងនូវការប្តេជ្ញាចិត្តរបស់ខ្លន ក្នុងការអនុវត្តគម្រោងសហប្រតិបត្តិការមេគង្គ-ជប៉ុន ដែលរួមចំណែកដល់យុទ្ធសាស្ត្រឥណ្ឌូ-ប៉ាស៊ីហ្វិក ដែលសេរី និងបើកចំហរ។

កិច្ចសហប្រតិបត្តិការមេគង្គ-ជប៉ុន និងយុទ្ធសាស្ត្រនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាយ៉េយ៉ាវ៉ាឌី-ចៅប្រាយ៉ា-មេគង្គ៖ ជប៉ុន បានវាយតម្លៃខ្ពស់ចំពោះ ACMECS ថា ជាគំនិតផ្តួចផ្តើមផ្ទាល់មួយរបស់ប្រទេសទន្លេមេគង្គ ហើយយល់ថា គួរស្វែងរកសហថាមពលរវាងកិច្ចសហប្រតិបត្តិការមេគង្គ-ជប៉ុន និង ACMECS។ មេដឹកនាំមេគង្គ បានស្វាគមន៍គោលបំណងជប៉ុន ក្នុងការចូលរួមក្នុងកិច្ចប្រជុំដែលពាក់ពូន្ធនឹង ACMECS។

កិច្ចប្រជុំកំពូលមេដឹកនាំមេគង្គ-ជប៉ុនលើកទី១០ មេដឹកនាំប្រទេសមេគង្គ និងជប៉ុន ក៏បានដាក់ចេញសសរស្តម្ភកិច្ចសហប្រតិបត្តិការមេគង្គ-ជប៉ុន ចំនួន ៣រួមមាន៖ ១. ការតភ្ជាប់រស់រវើក និងមានប្រសិទ្ធិភាព ផ្តោតលើការងារ (តភ្ជាប់ផ្នែករឹង, តភ្ជាប់ផ្នែកទន់, តភ្ជាប់ផ្នែកឧស្សាហកម្ម), ២. សង្គមដែលផ្តោតលើមនុស្សជាចម្បង ដោយផ្តោលើការងារ (ការអភិវឌ្ឍធនធានមនុស្ស, ការថែទាំងសុខមាលភាព, ការអប់រំ, កិច្ចសហប្រតិបត្តិការក្នុងវិស័យច្បាប់ និងតុលាការ) និងទី៣. ការសម្រេចបាននូវមេគង្គបៃតង ដោយផ្តោតលើការងារ (កាត់បន្ថយហានិភ័យគ្រោះមហន្តរាយ និងការប្រែប្រួលអាកាសធាតុ, គ្រប់គ្រងធនធានទឹក, ការគ្រប់គ្រងកាកសំណល់, ការអភិរក្ស និងការប្រើប្រាស់ធនធានជលផលប្រកបដោយចីរភាព រួមទាំងថនិកសត្វក្នុងសមុទ្រ)។

សម្រាប់បញ្ហាតំបន់ និងសកលវិញ ប្រមុខរដ្ឋ/រដ្ឋាភិបាលមេគង្គ-ជប៉ុន បានបញ្ជាក់សាជាថ្មីអំពីការប្តេជ្ញាចិត្ត ដ៏រឹងមាំរបស់ខ្លួនក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជិតស្និទ្ធ លើបញ្ហាតំបន់ និងសកលនានា ដែលជាការព្រួយបារម្ភ ដើម្បីធានាសន្តិភាព ស្ថិរភាព និងវិបុលភាពនៅក្នុងតំបន់ និងសកលលោក។ ប្រមុខដឹកនាំបានបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តរួមគ្នាក្នុងការរក្សា និងលើកកម្ពស់សន្តិភាព សន្តិសុខ និងស្ថិរភាពនៅក្នុងតំបន់ ក៏ដូចជាដោះស្រាយជម្លោះដោយសន្តិវិធី រួមទាំងការគោរពពេញលេញចំពោះនីតិវិធីច្បាប់ និងការទូត ដោយមិនជ្រើសយកការគំរាមកំហែង ឬការប្រើប្រាស់កម្លាំងដោយអនុលោមតាមគោលការច្បាប់អន្តរជាតិ ដែលមានការទទួលស្គាល់ជាសកល។

មេដឹកនាំមេគង្គ-ជប៉ុន ក៏បានស្វាគមន៍ចំពោះកិច្ចប្រឹងប្រែងផ្នែកខាងការទូតដែលកំពុងដំណើរការជាបន្ត រួមទាំងកិច្ចប្រជុំកំពូលរវាងសហរដ្ឋអាមេរិក និងសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េក្នុងខែមិថុនា ក៏ដូចជាកិច្ចប្រជុំកំពូលនានារវាងកូរ៉េទាំងពីរនៅឆ្នាំនេះ ដែលជាការបោះជំហានឆ្ពោះទៅរកដំណោះស្រាយគ្រប់ជ្រុងជ្រោយលើបញ្ហាកំពុងកើតមានទាក់ទងនឹងសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ ហើយដែលអាចនាំទៅរកសន្តិភាព និងស្ថិរភាពយូរអង្វែងនៅលើឧបទ្វីកូរ៉េ។

មេដឹកនាំមេគង្គ-ជប៉ុន ក៏បានបញ្ជាក់សាជាថ្មីអំពីសារៈសំខាន់នៃការថែរក្សា និងលើកកម្ពស់សណ្តាប់ធ្នាប់ដែលផ្នែកលើវិធានច្បាប់ សន្តិភាព សន្តិសុខ ស្ថិរភាព និងសេរីភាពនាវាចរណ៍ និងការហោះហើរលើសមុទ្រចិនខាងត្បូង ហើយបានទទួលស្គាល់ផលប្រយោជន៍ នៃការមានសមុទ្រចិនខាងត្បូង ជាសមុទ្រនៃសន្តិភាព ស្ថិរភាព និងវិបុលភាព។

មេដឹកនាំមេគង្គ-ជប៉ុន ក៏បានកត់សម្គាល់សេចក្តីកង្វល់មួយចំនួនលើសភាពការណ៍ក្នុងសមុទ្រចិនខាងត្បូងរួមទាំងការចាក់ដីបំពេញ និងសកម្មភាពនានានៅក្នុងតំបន់នេះ ដែលបានធ្វើឲ្យធ្លាក់ចុះនូវការទុកចិត្ត និងភាពជឿជាក់ បានបង្កើតភាពតានតឹង ដែលអាចធ្វើឲ្យប៉ះពាល់ដល់សន្តិភាព សន្តិសុខ និងស្ថិរភាពនៅក្នុងតំបន់៕