(ភ្នំពេញ)៖​ នៅក្នុងឱកាស​ ថ្ងៃខួបកំណើត​ ចៅស្រីបណ្តូលចិត្ត​ ​ភិន​ សុខេតធើរីណា​ (Katerina)​ គម្រប់២ឆ្នាំ​ លោក​ អ៊ិន​ សុភិន​ បានបង្ហើបឲ្យដឹងថា​ លោកមានកាដូពិសេស២ឲ្យចៅស្រី​ ទីមួយនាំដើរលេង​ អាមេរិក​ និងកាណាដា​ និងទីពីរ​ យកមូលនិធិដែលអោយចៅស្រី​ ទៅធ្វើការងារសប្បុរធម៌ ចែកអំណោយដល់ក្មេងៗ​ នៅកំពង់ចាម​ ជាមួយ​ ដាលីស​ ជំនួសចៅស្រី។

បើតាម​ Facebook របស់លោក​ បានបង្ហាញរូបថតជាច្រើនសន្លឹក​ បង្ហាញពីសុភមង្គលគ្រួសារ​ ដោយលោកបាននាំភរិយា​ កូនប្រុសស្រី​ និងចៅស្រីបណ្តូលចិត្ត​ ជិះយន្តហោះ​ បោះពួយទៅសហរដ្ឋអាមេរិក​ ក្នុងបំណងដើរកម្សាន្តជុំគ្រួសារ​ និងចូលរួមកម្មវិធីជប់លៀងធំមួយនៅអាមេរិក​ ហើយក្នុងនោះលោកក៏ឆ្លៀតឱកាសរៀបចំកម្មវិធីជប់លៀង​ ថ្ងៃខួបកំណើតចៅស្រី​ ភិន​ សុខេតធើរីណា​ (Katerina)​ នៅភោជនីយដ្ឋាន​ Legend Seafood Restaurant នៅទីក្រុង​ ឡុងប៊ិច​ ផងដែរ។

បើតាម​ លោក​ អ៊ិន​ សុភិន​ បានប្រាប់ឲ្យដឹងថា​ នៅក្នុងឱកាសបុណ្យភ្ជុំនេះ​ លោកបាននាំគ្រួសារមកដើរកម្សាន្ត​ នៅអាមេរិក​ ព្រោះតែចង់ដើរលេងសប្បាយជុំគ្នា​ ហើយម្យ៉ាងទៀត​ កូនស្រីច្បងរបស់លោក​ គឺដាលីស​ ត្រូវបានតារាសម្តែងជើងចាស់​ លោក​ យស​ បូវណ្ណៈ​ ​ដែលជាតារាល្បីទសវត្សរ៍​ ឆ្នាំ​ ៩០​ អញ្ជើញមកចូលរួមកម្មវិធី​ ជប់លៀងធំរាត្រីសមោសរ​ ជួបជុំបងប្អូនខ្មែរនៅទីនេះផង​ និងកាន់តែពិសេសនោះគឺ​ រៀបចំពិធីជប់លៀង​ ខួបកំណើតអោយចៅស្រីបណ្តូលចិត្ត​ នៅទីនេះដូចគ្នា។

លោក​ អ៊ិន​ សុភិន​ បន្ថែមថា​ ឆ្នាំមុនលោកនិងគ្រួសារ​ រៀបចំខួបកំណើតអោយចៅស្រី​ នៅផ្ទះ​ តែគម្រប់ខួប២ឆ្នាំនេះ​ គឺរៀបចំនៅលើទឹកដីអាមេរិកម្តង​ ហើយក្នុងនាមលោកជា​ ជីតាគ្មានអ្វីផ្តល់ឲ្យចៅស្រី​ ក្រៅពីក្តីសុខភាពកក់ក្តៅ​ ខួបកំណើតឆ្នាំនេះ​ លោកនាំចៅនិងគ្រួសារមកដើរលេងនៅអាមេរិក​ ហើយបន្តទៅកាណាដា​ ហើយក្នុងនោះលោកក៏មានកញ្ចប់មូលនិធិសម្រាប់ចៅស្រី​ ក្នុងការជួយទៅដល់ក្មេងៗកំព្រា​ ក្មេងៗជួបការខ្វះខាត​ ដើម្បីជួយដល់សង្គម​ ក្មេងៗដែលខ្វះភាពកក់ក្តៅផងដែរ៕