(ភ្នំពេញ)៖ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា បានអំពាវនាវសូមឱ្យអាជ្ញាធរ និងប្រជាពលរដ្ឋទាំងអស់គ្នាចូលរួមសម្អាតអនាម័យបរិស្ថាន ឱ្យបានស្អាតនៅតាមវត្តមអារ៉ាម កន្លែងកម្សាន្តនានា និងសូមទុកដាក់សំរាមឱ្យមានសណ្តាប់ធ្នាប់ល្អនៅរដូវភ្ជុំបិណ្ឌនេះ។ ការអំពាវនាវនេះធ្វើឡើងខណៈបងប្អូនប្រជាព លរដ្ឋបានធ្វើដំណើរទៅចូលរួមប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌ និងដើរកម្សាន្តនៅតាមរមណីយដ្ឋាននានានៅក្នុងប្រទេសកម្ពុជា។

ដោយឡែកនៅរាជធានីភ្នំពេញ ដោយសារតែបងប្អូនកម្មករបម្រើសេវាប្រមូលសំរាមរបស់ក្រុមហ៊ុនស៊ិនទ្រី បានឈប់សម្រាកក្នុងពិធីបុណ្យភ្ជុំបិណ្ឌ រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋវេចខ្ចប់និងទុកដាក់សំរាមឱ្យមានសណ្តាប់ធ្នាប់ ហើយសូមបងប្អូនរស់នៅតាមលំនៅដ្ឋាន ឬម្ចាស់ភោជនីយដ្ឋាន ផ្ទះសំណាក់ កន្លែងកម្សាន្ត្តនានាកុំបញ្ចេញសំរាមដាក់នៅតាមផ្លូវសាធារណៈ ទម្រាំនឹងកម្មករផ្តល់សេវាប្រមូលសំរាមរបស់ក្រុមហ៊ុនស៊ីនទ្រី ដែលត្រូវបានអនុញ្ញាតឲ្យឈប់សម្រាកចាប់ពីថ្ងៃទី០៨-១០ ខែតុលា ឆ្នាំ២០១៨ នាឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ វិលត្រឡប់មកបំពេញការងារជាធម្មតាវិញ។

លោករដ្ឋលេខាធិការក្រសួងបរិស្ថាន នេត្រ ភក្ត្រា បានថ្លែងថា នៅរដូវបុណ្យភ្ជុំនេះសំណល់រឹង សំរាមជាពិសេសសំណល់សរីរាង្គ សំណល់ផ្ទះបាយ និងសំណល់ថង់ប្លាស្ទិកអាចនឹងត្រូវ បង្កើតឡើងច្រើនដោយសារតែតម្រូវការនៃការប្រើប្រាស់ទំនិញគ្រប់មុខបានកើនឡើងខ្លាំង ការវេចខ្ចប់កើនឡើង។ លោករដ្ឋលេខាធិការបានឱ្យដឹងថា នៅក្នុងឆ្នាំ២០១៧ កន្លងទៅនេះ តាមការប៉ាន់ប្រមាណ នៅទូទាំងប្រទេសកម្ពុជា បរិមាណសំរាមសំណល់រឹងទីប្រជុំជន ដែលបានបង្កើតគឺប្រហែលជាង ៣,៦៥លានតោន ឬប្រមាណជាង ១ម៉ឺន តោនក្នុងមួយថ្ងៃ ដែលនៅក្នុងនោះ នៅរាជធានីភ្នំពេញ មានប្រមាណជិត ៣ ពាន់ តោនក្នុងមួយថ្ងៃ នៅក្រុងសៀមរាម សំរាមដែលត្រូវបានបង្កើតឡើងមាន ប្រមាណជិត ៣៥០ ទៅ ៤០០ តោន នៅក្នុងមួយថ្ងៃ និងនៅក្រុងព្រះសីហនុ មានប្រមាណពី ៦០០ ទៅ៦៥០ តោននៅក្នុងមួយថ្ងៃ។ លោករដ្ឋលេខាធិការបានមានប្រសាសន៍ថាបច្ចុប្បន្ននេះការគ្រប់គ្រងសំរាមសំណល់
រឹងទីប្រជុំជននៅទូទាំងប្រទេសមានភាពល្អប្រសើរជាងមុន ប៉ុន្តែមិនទាន់បានឆ្លើយតបទៅនឹងស្ថានភាពជាក់ស្តែងនៃបរិមាណសំណល់ដែលបានបង្កើតឡើង និងមានកំណើនជារៀងរាល់ថ្ងៃនេះទេ ជាពិសេសការប្រមូល ដឹកជញ្ជូន និងការទុកដាក់ចុងក្រោយ។

តាមការគូសបញ្ជាក់របស់រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា ក្នុងសំរាមដែលបានបង្កើតឡើងក្នុងនោះមានជាង៦៥% ជាសំរាមសើម ជាង ២០% ជាសំរាមប្លាស្ទិក និងជាង ១០% ជាសំណល់រឹងដូចជាកម្ទេចកញ្ចក់ ដែកជាដើម។ លោករដ្ឋលេខាធិការបានថ្លែងថា បរិមាណសំណល់រឹងសំរាមប្រហែល៤១% (១,៥ លាន តោន/ឆ្នាំ) នៃបរិមាណសំណល់សរុប ត្រូវបានប្រមូលយកទៅដាក់នៅទីលាន និងប្រហែល ១១% (៤០ម៉ឺនតោន/ឆ្នាំ) ​នៃបរិមាណសំណល់​សរុបត្រូវបានប្រមូលទិញ សម្រាប់ធ្វើការកែច្នៃ ហើយបរិមាណសំណល់ដែលនៅសល់ប្រមាណជា ៤៨% ត្រូវបានដុត ឬបោះចោលតាមទីសាធារណៈ និងប្រភពទឹកនានា ក្នុងខណៈ​ពេល​ដែល​ការសិក្សា​បង្ហាញថា សំណល់រឹងដែលអាចកែច្នៃបានគ្រប់ប្រភេទមានប្រហែលជាពី ៧០-៨០% នៃបរិមាណ​សំណល់សរុប។ ដោយឡែក នៅរាជធានីភ្នំពេញ និងក្រុងធំៗ បរិមាណសំណល់ប្រហែលពី ៧០% ទៅ៨០% នៃបរិមាណសំណល់សរុប ត្រូវប្រមូលទៅដាក់នៅទីលាន និងសម្រាប់ការកែច្នៃ។

ជាមួយគ្នានេះលោក នេត្រ ភក្ត្រា បានថ្លែងថា៖ «ការគ្រប់គ្រង​សំណល់រឹង សំរាមគឺជាកាតព្វកិច្ចរបស់យើងទាំងអស់គ្នាទាំងបងប្អូនប្រជាពលរដ្ឋ អាជ្ញាធរដែនដី និងក្រុមហ៊ុនផ្តលើសេវាប្រមូលសំរាម។ សូមបងប្អូនប្រជាពលរដ្ឋចាត់ទុកទីក្រុងទីប្រជុំជន និងកន្លែងផ្សេងៗទៀតដែលបង ប្អូនរស់នៅ កំពុងធ្វើការ និងកំពុងធ្វើអាជីវកម្មថាជាផ្ទះរបស់បងប្អូនដែលចាំបាច់ត្រូវតែបោសសម្អាតជាប្រចាំ ដើម្បីរក្សាសោភ័ណភាព និងលើកតម្កើងសុខុមាលភាពសាធារណៈ»។ លោកបន្ថែមថា ការវេចខ្ចប់​និងទុកដាក់សំរាម មិនត្រឹមត្រូវ បោះចោលសំរាមអនាធិបតេយ្យនៅតាមទីសាធារណៈ និងតាមបណ្តោយផ្លូវនានានឹងនាំឱ្យមានផលវិបាកជាច្រើនដូចជា ការធ្វើឱ្យស្ទះប្រព័ន្ធបង្ហូរទឹកលូដែលបង្កឱ្យ មានជំនន់ពេលរដូវភ្លៀង ធ្វើឱ្យបាត់បង់សោភ័ពភាពទីក្រុង និងទីប្រជុំជន ជាជម្រកមេរោគ និងបង្កជាតិពុលថែមទៀតផង។

នៅចំពោះ មុខនៃការកើនឡើងនៃសំរាមនេះ លោករដ្ឋលេខាធិការក្រសួងបរិស្ថាន នេត្រ ភក្ត្រា បានស្នើសុំឱ្យគ្រប់ភាគី ទាំងអស់ត្រូវរួមសហការគ្នាសម្អាតអនាម័យបរិស្ថាន និងធ្វើការវេចខ្ចប់និងញែកសំរាមឱ្យបានត្រឹមត្រូវ និង មិនត្រូវមើលបំណាំគ្នានោះទេ ព្រោះប្រសិនកម្ពុជាជាផ្ទះរបស់យើងទាំងអស់គ្នាដែលត្រូវបោសសម្អាត និង ថែរក្សាអនាម័យបរិស្ថានឱ្យល្អ និងធ្វើឱ្យបរិស្ថាននៅកម្ពុជាមាននិរន្តរភាព ប្រកបដោយគុណភាព។ លោកបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់សូមបន្តយកចិត្តទុកដាក់ សម្អាតអនាម័យបរិស្ថានជុំវិញខ្លួន និងសូម ចូលរួមថែរក្សាអនាម័យបរិស្ថាននៅគ្រប់ទីកន្លែង និងគ្រប់ពេលវេលាទាំងអស់។ ទន្ទឹមនឹងនេះ លោកបានឱ្យ ដឹងថា ក្រសួងបរិស្ថានបន្តនិងពង្រឹងការអនុវត្តលិខិតបទដ្ឋាននានាស្តីពីការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជនដើម្បីពង្រឹងការទទួលខុសត្រូវរបស់ក្រសួង​ស្ថាប័ន និងអ្នកពាក់ព័ន្ធនានា ហើយក្រសួងនឹងតាមដានក៏ដូចជាពង្រឹងការអនុវត្តមុខងារគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជនដែលបានប្រគល់ជូនរដ្ឋបាលថ្នាក់ក្រោមជាតិ។ ក្រសួងបរិស្ថានក៏ជំរុញនិងលើកទឹកចិត្តដល់ការកែច្នៃសំរាម និងសំណល់ប្លាស្ទិកនៅក្នុងស្រុក។

រដ្ឋលេខាធិការក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា បានថ្លែងថា គុណភាព និងនិរ ន្តរភាពបរិស្ថាន នៅក្នុងប្រទេសកម្ពុជាត្រូវបានធានា គឺចាំបាច់ត្រូវមានការចូលរួមពីគ្រប់មជ្ឈដ្ឋានទាំងអស់ ព្រោះបរិស្ថានគឺជាបញ្ហារបស់យើ់ងទាំងអស់គ្នាហើយសំរាមគឺជាក្តីកង្វល់រួម។ ហេតុដូច្នេះហើយបានជាត្រូវ រួមគ្នាធ្វើអនាម័យបរិស្ថាន និងគ្រប់គ្រងសំណល់រឹងសំរាមដែលយើងទាំងអស់គ្នាបង្កើតឱ្យបានល្អត្រឹមត្រូវ៕