(ព្រៃវែង)៖ ក្នុងឱកាសឈប់សម្រាកបុណ្យភ្ជុំបិណ្ឌ បងប្អូនកម្មករ ពលករចំណាកស្រុកក្នុងប្រទេសទាំងអស់បានវិលត្រឡប់មកជួបជុំក្រុមញាតិគ្រួសារនៅតាមស្រុកភូមិកំណើតរបស់ខ្លួន ដើម្បីប្រារព្វពិធីបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា ខណៈក្រុមការងារចំណាកស្រុកនៃខេត្តព្រៃវែងបានរៀបចំឱ្យមានការជួបសំណេះសំណាលជាមួយបងប្អូនចំណាកស្រុកទាំងអស់នោះតាមមូលដ្ឋានរៀងៗខ្លួន។ ​

ដោយឡែកនៅស្រុកបាភ្នំនាព្រឹកថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៨ បងប្អូនកម្មករ ពលករចំណាកស្រុកប្រមាណ៣០០០នាក់ មកពីមូលដ្ឋានភូមិទាំងអស់១០៨ នៃឃុំទាំង៩ បានមកជួបជុំគ្នាក្នុងពិធីសំណេះ​សំណាលជាមួយក្រុមការងារនៅទីលានបាល់ទាត់ ក្រោមអធិបតីភាព លោក ព្រុំ សុខា ប្រធានក្រុមការងារចំណាកស្រុកខេត្តព្រៃវែង និងជាប្រធានក្រុមការងារចុះជួយស្រុកបាភ្នំ ដោយមានការចូលរួមពីលោកស្រី អស់លោក អនុប្រធានក្រុមការងារស្រុក ប្រធានគណបក្សស្រុក អភិបាល អភិបាលរងស្រុក ព្រមទាំងមន្រ្តីនៅមូលដ្ឋានមួយចំនួន។

ថ្លែងទៅកាន់ពិធីសំណេះសំណាល លោក ព្រុំ សុខា បានពាំនាំនូវការសាកសួរសុខទុក្ខ និងសេចក្តីថ្លែងអំណរគុណដ៏ជ្រាលជ្រៅរបស់សម្តេចតេជោ និងគណបក្សប្រជាជនកម្ពុជាជូនចំពោះបងប្អូនកម្មករ ពលករចំណាកស្រុកទាំងអស់នៅក្នុងស្រុកបាភ្នំដែលមានប្រមាណជាង២៥០០០នាក់ ដែលកន្លងមកបានមកចូលរួមបោះឆ្នោត ជាមួយពុកម៉ែបងប្អូនរបស់ខ្លួន និងបានបោះឆ្នោតជូនគណបក្សប្រជាជនឱ្យទទួលបានជ័យជំនះត្រចះត្រចង់ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៦ កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨។

ជាក់ស្តែងស្រុកបាភ្នំ មានប្រជាពលរដ្ឋចេញទៅបោះឆ្នោតចំនួន ៨៤,២៣% និងបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាចំនួន៣២.២៤០នាក់ រួមចំណែកដល់មហាជ័យជំនះជារួម និងដ៏ធំធេងរបស់គណបក្សប្រជាជនកម្ពុជានៅទូទាំងប្រទេស។

លោកប្រធានក្រុមការងារក៏បានសំណូមពរឱ្យបងប្អូនកម្មករ ពលករចំណាកស្រុកទាំងអស់ខិតខំរួបរួមសាមគ្គីគ្នាបន្តគាំទ្រដោយឥតងាករេ កម្មវិធីនយោបាយ និងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាដែលមានសម្តេច ហ៊ុន សែន ជាប្រមុខ ដើម្បីបុព្វហេតុសន្តិភាព ស្ថេរភាព ការអភិវឌ្ឍន៍រីកចម្រើនឥតឈប់ឈររបស់មាតុភូមិ និងអនាគតរុងរឿងថ្កុំថ្កើងរបស់ប្រជាជនយើងជារៀងរហូត៕