(កំពង់ចាម)៖ លោកបណ្ឌិត ម៉ា ឈឿន តំណាងរាស្ដ្រមណ្ឌលកំពង់ចាម សមាជិកគណៈកម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្ដាល ចុះជួយស្រុកជើងព្រៃ បានថ្លែងថា​ ផ្ដើមចេញពីសុខសន្ដិភាព និងការកអភិវឌ្ឍន៍ ក្រោមការដឹកនាំដ៏រឹងមាំ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា ប្រជាពលដ្ឋកាន់តែសប្បូរសប្បាយរីករាយ ជួបជុំគ្រួសារ ទៅណាមកណាមានសេរីភាពពេញលេញ ។

ការថ្លែងយ៉ាងដូច្នេះរបស់តំណាងមណ្ឌលកំពង់ចាម ក្នុងឱកាសាកាន់បិណ្ឌភ្ជុំបិណ្ឌទី១៣ ជាមួយភរិយា លោកស្រី អ៊ុក ម៉ាលី និងកូនចៅ នៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៨នេះ នៅសាលាបុណ្យ ក្នុងស្រុកកំណើត នៅភូមិជើងឆ្នុក ស្រុកបាធាយ ខេត្ដកំពង់ចាម ។

លោកបណ្ឌិត ម៉ា ឈឿន បានថ្លែងថា «សន្ដិភាពសម្រាប់ប្រទេសនៅពេលនេះ បានធ្វើឲ្យប្រជាពលរដ្ឋរស់នៅដោយគ្មានភាពភ័យខ្លាច គំរាមកំហែង កាប់សម្លាប់ ព្រាត់គ្រួសារ និងជួបភាពអត់ឃ្លាននោះទេ ។ បច្ចុប្បន្ននេះ បងប្អូនប្រជាពលរដ្ឋយើង មានជីវភាពកាន់តែធូរធារ សម្បូរការងារធ្វើទាំងនៅទីក្រុង និងតាមបណ្ដាខេត្ដ ។ជាក់ស្ដែងនៅ ស្រុកបាធាយ និងជើងព្រៃមានរោងចក្រជាច្រើន ដោយក្នុងមួយខែៗប្រាក់ចំណូលចូលស្រុកទាំងពីរ ​ប្រមាណ៥លាន២សែនដុល្លារ តាមរយៈកម្មករសរុបជាង៣ម៉ឺនាក់»

នៅស្រុកជើងព្រៃ មានរោងចក្រ៧ ក្នុងនោះ មានកម្មករ ២០,៣៩០នាក់ ទទួលបានចំណូល១ខែ ជាង៤លានដុល្លារ សម្រាប់ប្រជាជន នៅស្រុកជើងព្រៃ។ ក្រុមហ៊ុនទិញស្រូវ «អេមរុរាយស៍» បានចុះកុងត្រា ទិញស្រូវចំនួន ៧,៥០០តោន ក្នុង១ឆ្នាំ ដោយក្នុងតម្លៃខ្ពស់ សម្រាប់ស្រុកចំនួន៣ នៅខេត្តកំពង់ចាម រួមមាន៖ ស្រុកជើងព្រៃ, ស្រុកបាធាយ, ស្រុកព្រៃឈរ។

សូមជម្រាបថា ក្នុងឱកាសអញ្ជើញកាន់បិណ្ឌនេះ លោកបណ្ឌិត ម៉ា ឈឿន និងក្រុមគ្រួសារ ក៏បាននាំយកចង្ហាន់ និងទេយ្យទានមួយចំនួនទៀត ប្រគេនព្រះសង្ឃ ដើម្បីឧទ្ទិសទៅដល់ វិញ្ញាណក្ខន្ធជីដូនជីតា និងបុព្វការីជន ដែលបានចែកឋាន ទៅតាមប្រពៃណីសាសនាខ្មែរ។ បន្ទាប់ពីប្រគេនចង្ហាន់ហើយនោះ លោកបណ្ឌិត ក៏បានសុំឲ្យមគ្គផលកើតចេញពីការធ្វើបុណ្យនេះ សូមឲ្យជាតិខ្មែរទាំងមូល បានជួបក្តីសុខក្សេមក្សាន្តជានិច្ចនិរន្ត ។

ទន្ទឹមនឹងនោះ ក៏បានជូនថវិកា និងក្រណាត់សរ ជូនដល់ចាស់ព្រឹទ្ធចារ្យ លោកតា លោកយាយ ព្រមទាំងពុទ្ធបរិស័ក​​​​ជាច្រើននាក់ផងដែរ ៕