(សៀមរាប)៖ លោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប និងលោកស្រី ព្រមទាំងក្រុមគ្រួសារ និងមន្ដ្រីរាជការក្រោមឱវាទ បានអញ្ជើញចូលរួមក្នុងពិធីបុណ្យកាន់បិណ្ឌ នៅវត្តតាំងតុ នៃបរិវេណប្រាសាទអង្គរធំជាមួយពុទ្ធបរិស័ទ នៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៨។

លោក ឃឹម ប៊ុនសុង បាននាំយកនូវគ្រឿងសក្ការបូជាគោរពថ្វាយភូងផ្កា បូជាទៀនធូក ចំពោះព្រះពុទ្ធរូបព្រះសម្មាសាម្ពុទ្ធ និងនមសកា ព្រះរតនត្រ័យទៅតាមគន្លងព្រះធម៌ព្រះសម្មាសាម្ពុទ្ធ ព្រមទាំងទេយ្យទាន មានគ្រឿងឧបភោគ បរិភោគជាច្រើនមុខ រួមនិងបច្ច័យយកមកវេរប្រគេនព្រះសង្ឃ និងរាប់បាត្រ បង្សុកូល ដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់បុព្វការីជន ជីដូនជីតាញាតិការទាំង៧សន្ដាន ដែលបានចែកឋាន ទៅកាន់បរិលោកខាងមុខ សូមឲ្យមកទទួលនូវផល្លានិសង្ឃ ដែលកូន ចៅបានឧទ្ទិស ជូនតាមរយៈព្រះសង្ឃជាស្រែបុណ្យ ក្នុងឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនេះឲ្យបានទៅសោយសុខនៅទីស្ថានបរមសុខគ្រប់ៗជាតិ កុំបីឃ្លៀងឃ្លាតឡើយ។

ថ្លែងក្នុងឱកាសនោះ លោក ឃឹម ប៊ុនសុង បានលើកឡើងថា បុណ្យភ្ជុំបិណ្ឌ ជាពិធីបុណ្យមួយដ៏ធំៗ ក្នុងចំណោមពិធីបុណ្យប្រពៃណីជាតិខ្មែរយើង ដែលប្រជាជនខ្មែរនាំគ្នាប្រារព្ធឡើង មិនដែលអាក់ខានឡើយជារៀងរាល់ឆ្នាំ ចាប់ពីថ្ងៃ១រោច ខែភទ្របទ រហូតដល់ថៃ្ងទី១៥រោច។ លោកបន្តទៀតថា បច្ចុប្បន្នប្រជាពលរដ្ឋខ្មែរយើង មានការសប្បាយនឹងការធ្វើបុណ្យធ្វើទាន គ្រប់រដូវកាលដោយគ្មានការហាមឃាត់នោះ ឡើយ គឺដោយសារតែប្រទេសយើងមានសន្តិភាព។

បើតាមលោកអភិបាលខេត្ត កត្តាសន្តិភាពនេះហើយ ដែលធ្វើឲ្យយើងមានអ្វីគ្រប់សព្វបែបយ៉ាង តែការស្វែងរកសន្តិភាពវាពិបាកខ្លាំងណាស់ ដូច្នេះយើងបានសន្តិភាពហើយ យើងត្រូវនាំគ្នាថែរក្សាសន្តិភាព ដើម្បីអភិវឌ្ឍន៍ឲ្យមានភាពរីកចម្រើន ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ នឹងការសម្លឹងឃើញសម្រាប់អនាគតនៃប្រទេសជាតិ លើបេសកកម្មនៃការថែរក្សាសន្តិភាព និងបន្តឲ្យមាននិរន្តរភាពនៃវឌ្ឍនភាពកម្ពុជា គឺបានមកពីការចូលរួមនិងគាំទ្រយ៉ាងពេញទំហឹងពីសំណាក់ប្រជារាស្រ្តកម្ពុជា តាមរយៈនៃការផ្តល់ជំនឿទុកចិត្ត បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គាំទ្រសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តីនៃរាជរដ្ឋាភិបាលកម្ពុជា អណត្តិទី៦ នីតិកាលនៃរដ្ឋសភា បន្តទៀត។

ក្នុងនោះដែរ លោកក៏បានបញ្ជាក់ថា នៅពេលបញ្ចប់នូវរដូវភ្ជំបិណ្ឌ ប្រជាពុទ្ធបរិស័ទខែ្មរយើង ធ្វើនូវបុណ្យកឋិនទានសាមគ្គី ដើម្បីប្រមូលបច្ច័យវេប្រគេនព្រះសង្ឃ ក្នុងការសាងសមិទ្ធិផលនានាក្នុងវត្តអារ៉ាម ហើយក៏មានរៀបចំនូវព្រះរាជពិធីបុណ្យអុំទូកទៀតផង។ ម៉្យាងទៀតខេត្តទេសចរណ៍ ប្រវត្តិសាស្ត្រនៃយើងនេះ ក៏រៀបចំពិធីបុណ្យអុំទូកនេះ នៅតាមដងស្ទឹងប្រវត្តិសាស្ត្រសៀមរាប ក្នុងការចូលរួមបម្រើដល់វិស័យទេសចរណ៍ សំខាន់ភ្ញៀវជាតិ អន្តរជាតិដែលចូលមកទស្សនាកម្សាន្តនៅខេត្តសៀមរាប៕