(ជប៉ុន)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងគណៈប្រតិភូក្នុងពេលបំពេញទស្សនកិច្ចនៅក្នុងប្រទេសជប៉ុន នៅព្រឹកថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៨នេះ ត្រូវបានអញ្ជើញទស្សនាកំពង់ផែអន្តរជាតិយូកូហាម៉ា ក្នុងទីក្រុងយូកូហាម៉ា ខេត្តកាណាហ្កាវ៉ា ដែលជាកំពង់ផែនក្នុងតឺន័រទឹកជ្រៅមួយរបស់ប្រទេសជប៉ុន។ ក្នុងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ប្រទេសជប៉ុនកំពុងចូលរួមជួយរៀបចំការ អភិវឌ្ឍ កំពង់ផែស្វយ័តព្រះសីហនុ តាមរយៈការរៀបចំប្រព័ន្ធគយ និងហេដ្ឋារចនាសម្ប័ន្ធដទៃទៀត។

ក្នុងដំណើរទស្សនកិច្ចកំពង់ផែយូកូហាម៉ា សម្តេចតេជោនាយករដ្ឋមន្រ្តី បានតាមដានយ៉ាងយកចិត្តទុកដាក់ ពីការឧទ្ទេសនាមពីខ្សែសង្វាក់ និងហេដ្ឋារចនាសម្ព័ន្ធក្នុងកំពង់ផែ ពិសេសការលើកឡើងពីកិច្ចសហប្រតិបត្តិការរវាងមន្រ្តីថ្នាក់ដឹកនាំកំពង់ផែអន្តរជាតិយូកូហាម៉ា ជាមួយកំពង់ផែស្វយ័តខេត្តព្រះសីហនុ។ ដោយសារតែប្រទេសជប៉ុន គឺជាប្រទេសដែនកោះ ទំនិញគ្រប់សារពើត្រូវបានធ្វើការនាំចេញ និងនាំចូលស្ទើរ៩៩%។

កំពង់ផែនអន្តរជាតិយូកូហាម៉ា គឺជាកំពង់ផែយុទ្ធសាស្រ្តដ៏សំខាន់នៅជប៉ុន ដែលមានការទុកដាក់ទំនិញ កុងតឺន័រ រថយន្ត លំដាប់ទី២ក្នុងប្រទេសជប៉ុន ពិសេសជាកន្លែងសម្រាប់នាវាចរណ៍ផងដែរ។ ទីក្រុងយូកូហាម៉ាមានកំពង់ផែអន្តរជាតិចំនួន៣ ក្នុងនោះមានកំពុងផែទឹកជ្រៅបំផុតចំនួន១។ កំពង់ផែនកុងតឺន័រ យូកូហាម៉ា ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៩៥ ដែលមានផ្ទៃដីទំហំជាង៣២ម៉ឺនហិចតា ដែលមានភារកិច្ចទុកដាក់និងនាំចេញនាំចូលដ៏សំខាន់របស់ប្រទេសជប៉ុន។

សម្តេចតេជោ ហ៊ុន សែន បានសំដែងការវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ កំពង់ផែអន្តរជាតិយូកូហាម៉ា ដែលបានអនុញ្ញាតឲ្យរូបសម្តេច និងគណៈប្រតិភូអញ្ជើញធ្វើទស្សនកិច្ច។

សម្តេចតេជោនាយករដ្ឋមន្រ្តី ក៏បានស្នើដល់ថ្នាក់ដឹកនាំ កំពង់ផែអន្តរជាតិយូកូហាម៉ា បន្តការយកចិត្តទុកដាក់ និងបង្កើនកិច្ចសហប្រតិបត្តិការជាមួយថ្នាក់ដឹកនាំកំពង់ផែស្វយ័តខេត្តព្រះសីហនុ សំដៅធ្វើយ៉ាងណាប្រែក្លាយកំពង់ផែស្វយ័តខេត្តព្រះសីហនុ ក្លាយទៅជាកំពង់ផែដែលមានលក្ខណះស្តង់ដារអន្តរជាតិ និងមានការប្រកួតប្រជែងជាមួយនិងបណ្តាកំពង់ផែនៃប្រទេសក្នុងតំបន់ និងអន្តរជាតិ៕